ដោយៈ ប​.​ខុន​/​ភ្នំពេញៈ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្ទើរ​រាល់ថ្ងៃ​រហូតដល់​ដំណាច់ខែ​វិច្ឆិកា ដោយសារ​សម្ពាធ​ទាប​តូចៗ​កើតមាន​បន្តបន្ទាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​នៅក្នុង​ឈូង​សមុទ្រ​ថៃ ហើយ​អាច​នឹងមាន​វិ​សម្ពាធ ឬ​កូន​ព្យុះ​កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដើរមក​ឆ្នេរ​របស់​ប្រទេស​វៀតណាម​ខាងត្បូង បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ថែមទៀត​នៅ​ដើមខែ​ធ្នូ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន​ថា​ន​ទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២​ថា ពី​ពេលនេះ​ដល់ ដំណាច់ខែ​វិច្ឆិកា​ភ្លៀង​នៅតែ​បន្ត​មាន​ធ្លាក់​រាយប៉ាយ​ស្ទើរ​រាល់ថ្ងៃ ជាពិសេស​ចាប់ពី​ត្រឹម​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង​ចុះក្រោម (​ត្បូង​) រហូតដល់​តំបន់​មាត់សមុទ្រ​ដោយសារ សារ​សម្ពាធ​ទាប​តូចៗ​បាន​ឆ្លង​ពី​សមុទ្រ​ប៉ាស៊ីហ្វិក​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​នៅក្នុង​ឈូង​សមុទ្រ​ថៃ ក៏​នៅមាន​សម្ពាធ​ទាប​កើត​ឡើងជា​បន្តបន្ទាប់​ដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​  ធម្មតា​សម្ពាធ​ខ្ពស់​ចូលដល់​ខែ​នេះ គឺ​បាន​រុញ​ចុះមក​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង​ម្តងៗ តែ​នៅ​ឆ្នាំនេះ មិនទាន់​ឃើញ​មាន​រុញ​ចុះមក​នៅឡើយ​ទេ ហើយ​នៅ​ដើមខែ​ធ្នូ​ខាងមុខ​អាច​នឹងមាន​វិ​សម្ពាធ ឬ​ព្យុះ​កើតមាន​ថែមទៀត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើរចូល​មក​កៀក​ឆ្នេរ​វៀតណាម ខាងត្បូង ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បន្ថែម​មកទៀត​នៅ​ដើមខែ​ក្រោយ​នោះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា បាន​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា​ថា នៅ​ថ្ងៃទី​២៣ និង​
​ថ្ងៃទី​២៤ ខែវិច្ឆិកា​ប្រទេស​កម្ពុជា ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប​សកម្ម និង​នៅ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា បណ្តា​ខេត្ត​ភាគ​ខាងលើ (​ជើង​) ទទួល​នូវ​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​។ ឯ​រាជធានី និង​ខេត្ត នៅ​ភាគ​ខាងក្រោម (​ត្បូង​) បន្ត​ទទួល​ឥទ្ធិពល​ពី​ជ​ល្រ​ង​សម្ពាធ​ទាប​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣ ទៅ​២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​២៣ និង​២៤ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​។ នៅ​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច​។​

​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២ ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី​៣០​ទៅ​៣៣​អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​២៣ និង​២៤ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​។ នៅ​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច​។​

​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។ នៅ​ចន្លោះ​ថ្ងៃទី​២៣ និង​២៤ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ​។ នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ នៅ​ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​តិចតួច​៕​