​ដោយ​៖ ដេប៉ូ​/​ភ្នំពេញ​៖ ស្រប​ពេលដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង កីឡា​បានបង្ហាញ​ពីមុន​ដំណើរការ​សំណេរ​ដែល ក្រុមការងារ​សុខភាព​ត្រូវអនុវត្ត​ស្តង់ដារ​អនាម័យ ដើម្បី​រក្សាបាន​នូវ​សុវត្ថិភាព​ដល់​បេក្ខជន​។​

​សម្រាប់​កិច្ចការងារ​ត្រូវអនុវត្ត​ទាំងនេះ​មានដូចជា​៖ ការរៀបចំ​បន្ទប់​សុខភាព ដោយ​បំពាក់​នូវ​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម និង​បន្ទប់​ប្រឡង​បម្រុង ដោយឡែក​សម្រាប់​បេក្ខជន​ដែលមាន​កម្ដៅ​លើសពី ៣៧,៥​អង្សារ​សេ និង​បន្ទប់​ដោយឡែក សម្រាប់​បេក្ខជន​ដែលមាន​បញ្ហា​សុខភាព​។​

​រៀបចំ​សម្ភារៈ​អនាម័យ​ដូចជា សាប៊ូ អាល់កុល ឬ​ជែ​ល​លាងដៃ និង​សម្ភារៈ​ការពារ​សុវត្ថិភាព​ដូចជា អាវ​ការពារ​សុវត្ថិភាព (PPE) ស្រោមដៃ ម៉ាស់ សម្ភារៈ​រម្ងាប់​មេរោគ សម្រាប់​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ប្រើប្រាស់​ពេល​បំពេញភារកិច្ច​របស់ខ្លួន ជា​ពិ​សេ​សេ​បន្ទប់​ប្រឡង​ដោយឡែក សម្រាប់​បេក្ខជន​មាន​កម្ដៅ​លើសពី ៣៧,៥​អង្សា​សេ និង​មាន​បញ្ហា​សុខភាព​។ ក្រៅពីនេះ​ក៏ត្រូវ​រៀបចំ​ចងខ្សែ​កំណត់​ទីតាំង​គម្លាត​សុវត្ថិភាព ដាក់​បង្ហាញ​នូវ​សញ្ញា និង​ទិសដៅ​នៃ​ការ​ចល័ត​ចេញចូល នៅក្នុង​បរិវេណ​មណ្ឌល​ប្រឡង ដោយ​រក្សា​គម្លាត​យ៉ាងតិច​បំផុត ១,៥​ម៉ែត្រ​។​

​រៀបចំ​ឱ្យមាន​ក្រុមគ្រូពេទ្យ​ប្រចាំការ ដើម្បី​ចាត់វិធានការ​សង្គ្រោះ​ស្របតាម​វិធាន​វេជ្ជសាស្ត្រ​របស់ ក្រសួងសុខាភិបាល​។​

​គួររំលឹកថា​កាលបរិច្ឆេទ​សំខាន់ៗ​នៃ​ការប្រឡង​ឆ្នាំ​២០២២​រួមមាន​៖ ដំណើរការ​សំណេរ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ២​ថ្ងៃ គឺ ថ្ងៃទី​០៥-០៦ ខែធ្នូ ឆ្នាំ​២០២២ , ដំណើរការ​កំណែ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០ ២២, ដំណើរការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ។​

​ជាមួយគ្នានេះ​ក្រសួង​អប់រំ​បានកំណត់​យក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ ពេល​រសៀល សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល និង​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ផ្សេងៗ​នៅ​ទូទាំងប្រទេស​៕