ដោយ​:​បូកគោ​/​កែប​: កសិដ្ឋាន​មួយ​ស្ថិតនៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​បាន​នាំ​ពូជ​គោ និង​សេះ​រាប់សិប​ក្បាល​មក​ចិញ្ចឹម​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​កែប​។ ក្រៅពី​ប្រយោជន៍​ក្នុង​ផ្នែក​កសិកម្ម ម្ចាស់​កសិដ្ឋាន​នឹង​រិះរក​វិធី​ទាក់ទាញ​ភ្ញៀវ​ឱ្យចូល​កម្សាន្ត ក៏ដូចជា​ស្វែងយល់​អំពី​របៀប​ចិញ្ចឹម​ថែទាំ​ពូជ​សត្វ​នាំ​មកពី​បរទេស​បំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​តំបន់ភ្នំ​វ​ល្លិ៍​ឲ្យ​កាន់តែ​រស់​រវើក​។​

​សហ​ស្ថាបនិក​កសិដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា គោលបំណង និង​ចក្ខុវិស័យ​ក្នុងការ​បង្កើត​កសិដ្ឋាន​លើ​ផ្ទៃដី​ជាង​២០​ហិកតា​នៅ​តំបន់ភ្នំ​វ​ល្លិ៍​ដោយ​នាំយក​ពូជ​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​ពី​បរទេស​មក​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​នេះ​ព្រោះតែ​ពួកលោក​យល់ឃើញថា​តំបន់ភ្នំ​វ​ល្លិ៍​មាន​សក្តានុពល​ខ្លាំង ពិសេស​វិស័យ​ទេសចរណ៍​។ ក្រុមការងារ​លោក​នឹងធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​សេះ និង​គោ​ប្រា​ម៉ាន់​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍​ថ្មី​មួយ​បន្ថែមទៀត​សម្រាប់​ខេត្ត​កែប​។ ម្ចាស់​កសិដ្ឋាន និង​ដៃគូ​អភិវឌ្ឍ​ដដែល​បាន​បន្តថា​ពួកលោក​ក៏មាន​គំនិត​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​លើ​ការចិញ្ចឹម ក៏ដូចជា​បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​ដើម្បី​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​អាច​ចិញ្ចឹម​ពូជ​គោ និង​សេះ​ល្បីៗ​នៅលើ​ពិភពលោក​។

​បុគ្គលិក​មើលថែទាំ​សុខភាព បង្កាត់​ពូជ​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​បាន​រៀបរាប់ថា បច្ចុប្បន្ន​កសិដ្ឋាន​បាន​ចិញ្ចឹម​ពូជ​គោ​ប្រា​ម៉ាន់​មកពី​អាមេរិក​ចំនួន​១៣​ក្បាល និង​សេះ​ប្រណាំង​មកពី​សហរដ្ឋអាមេរិក អារ៉ាប់ និង​សេះ​ខ្មែរ ១៣​ក្បាល​សម្រាប់​បង្កាត់​ពូជ​តាម​បច្ចេកវិទ្យា​ទំនើប​។ គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​ទាំងនេះ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​ទេសចរណ៍​ឲ្យ​មក​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ចាប់អារម្មណ៍​អាច​ចែក​យក​ពូជ​ទៅ​ចិញ្ចឹម និង​ទទួលបាន​ប្រាក់ចំណេញ​ជាង​ការចិញ្ចឹម​គោ និង​សេះ​ធម្មតា​ពី​បួន​ទៅ​ប្រាំ​ដង​។​

​លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​បញ្ជាក់ថា កន្លែង​ចិញ្ចឹម​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​នោះ​មាន​ទេសភាព​ស្អាត និង​បរិយាកាស​គួរ​ឲ្យ​ចង់ទៅ​កម្សាន្ត​។ កសិដ្ឋាន​មួយ​នេះ​នឹង​អាច​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍​ថ្មី​ប្រកបដោយ​ភាព​ទាក់ទាញ​នាពេល​ឆាប់ៗ​ខាងមុខ​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​អ្វី​ជា​អំណោយផល​សម្រាប់​កសិដ្ឋាន​គឺ​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​វ​ល្លិ៍​ដែល​ធ្លាប់​ប្រយុទ្ធ​គ្នា​ដ៏​ក្តៅគគុក តែ​បច្ចុប្បន្ន​បាន​ប្រែក្លាយជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​ខេត្ត​កែប​មាន​ទាំង​ចម្ការ​ម្រេច ទុរេន ស្វាយ និង​រី​សត​ជាច្រើន​កន្លែង​ទៀតផង​។ តាមរយៈ​កសិដ្ឋាន​ចិញ្ចឹម​គោ​ប្រា​ម៉ាន់ និង​សេះ​ប្រណាំង​នៅ​ភ្នំ​វ​ល្លិ៍​នឹង​បានជា​បទពិសោធន៍​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍​ដែល​កើតចេញពី​ផ្នែក​កសិកម្ម​៕​