ដោយៈ ជា សីហៈ/ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានសហការជាមួយអង្គការ ICCROM រៀបចំកម្មវិធីបើកសិក្ខាសាលាអន្តរជាតិស្តីពី «សមុច្ច័យបុរាណវត្ថុ និងការអភិរក្សប្រកបដោយចីរភាព» នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាបកាលពីពេលថ្មីៗនេះ ។ សិក្ខាសាលានេះរៀបចំឡើងដោយ ក្រោមអធិបតីភាព លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដោយមានការអញ្ជើញចូលពី នាយកផ្នែក នៃអង្គការ ICCROM អ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវជាតិដើម្បីបេតិកភណ្ឌវប្បធម៌របស់ប្រទេសកូរ៉េខាងត្បូង សិក្ខាកាមចំនួន២០នាក់មកពីប្រទេសចំនួន១២នៃតំបន់អាស៊ីប៉ាស៊ីហ្វិក និង អ្នកដែលពាក់ព័ន្ធសរុបចំនួនជាង ៦០ នាក់ ។

កម្មវិធីសិក្ខាសាលានេរះ មានគោលបំណងបង្កើនចំណេះដឹងជូនសិក្ខាកាមអំពីបញ្ហាប្រឈមនានាបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែលអាចជះឥទិ្ធពលដល់សង្គម និងសមុច្ច័យដែលមានក្នុងស្ថាប័ននិមួយៗ ព្រមទាំងសកម្មភាពផ្សេងៗនៃការអភិរក្សដើម្បីធានាដល់សុវត្ថិភាពរបស់សមុច្ច័យប្រកបដោយនិរន្តភាព ដោយផ្សារភ្ជាប់ជាមួយគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចេរភាពនៃរបៀវារ:ឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ៕