ដោយ៖តារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជម្រាបជូនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម៉ា រ៉ុកដែលមានបំណង ចង់ពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងជាមួយតំបន់អាស៊ានថា៖ជំហានបន្តម៉ារ៉ុកអាចប្រឹងប្រែងធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន ។ ដោយឡែកជាមួយកម្ពុជាម៉ារ៉ុកអាចជម្រុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដែលជាមូលដ្ឋាននាំទៅដល់ដំណើរការទំនាក់ទំនងល្អទាំងវិស័យនយោបាយនិងវិស័យដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក រ៉ាឆីត តាប្លី អេល អាឡាមី( Rachid Talbi EL Alami)ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រ ម៉ារ៉ុកនាល្ងាចថ្ងៃទី២៣ខែវិច្ឆិកានេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក រ៉ាឆីត តាប្លី អេល អាឡាមី បានវាយតម្លៃខ្ពស់ និង អបអរសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអភិវឌ្ឍន៍កម្ពុជាឲ្យមានហេដ្ឋារចនាសម្ព័ន្ធល្អ ទីក្រុងស្រស់បំព្រង និងបានធ្វើការទទួលបានជោគជ័យយ៉ាងច្រើន សម្រាប់តំបន់។

លោក រ៉ាឆីត តាប្លី អេល អាឡាមី បានសម្ដែងការរីករាយដែលបានចូលរួមកិច្ចប្រជុំអាយប៉ាក្នុងនាមជាអ្នកសង្កេតការណ៍ហើយបានបង្ហាញបំណងចង់ពង្រឹងពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងទាំងជាមួយតំបន់ផង ។

ជាការឆ្លើយតបសម្ដេចបានស្វាគមន៍និងបានមានប្រសាសន៍ថាជាជំហានបន្តម៉ារ៉ុកអាចប្រឹងប្រែងធ្វើយ៉ាងណាដើម្បីក្លាយខ្លួនជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន ។ ដោយឡែកជាមួយកម្ពុជាយើងអាចជម្រុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលជាមូលដ្ឋាននាំទៅដល់ដំណើរការទំនាក់ទំនងល្អទាំងវិស័យនយោបាយនិងវិស័យដទៃ ទៀតទាក់ទងនឹងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនេះយើងអាចពិនិត្យមើលការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដើម្បីសម្រួលដល់វិនិយោគិនឲ្យមកធ្វើការវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ ៕