ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក Gregory Meeks ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកថាលោកសង្កេតឃើញកម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និង កិច្ចប្រជុំអាយប៉ា បានយ៉ាងជោគជ័យជាពិសេសខណៈពេលដែលពិភពលោកកំពុងមានបញ្ហាតានតឹងខាងភូមិ សាស្រ្តនយោបាយ ក៏ប៉ុន្តែកម្ពុជាបានដឹកនាំកិច្ចប្រជុំខាងលើយ៉ាងជោគជ័យដែលសបញ្ជាក់នូវភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច ។

លោក Gregory Meeks ប្រធានគណកម្មការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកបានថ្លែងយ៉ាងដូច្នេះនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាល្ងាចថ្ងៃទី២៣ខែវិច្ឆិកានេះនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបនោះ Gregory Meeks បានគោរពសំដែង ការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធនិងកិច្ចប្រជុំអាយប៉ា,ជាពិសេសនៅពេលដែលពិភពលោក កំពុងមានបញ្ហាតានតឺងខាងភូមិសាស្រ្តនយោបាយ ។ លោក Gregory Meeks បានបន្តថាទោះជាយ៉ាងណាក៏ដោយលោកសង្កេតឃើញថាកម្ពុជាបានដឹកនាំកិច្ចប្រជុំ ខាងលើបានយ៉ាងជោគជ័យដែលសបញ្ជាក់នូវភាពជាអ្នកដឹកនាំដែលអ្នកដទៃទៀតពិបាកធ្វើដូច ។
លោក Gregory Meeks បានជម្រាបជូនសម្តេចតេជោទៀតថា៖ដំណើររបស់លោកមកកាន់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំអាយប៉ានៅពេលនេះគឺដើម្បីពង្រីកទំនាក់ ទំនងជាមួយកម្ពុជាបន្ថែមទៀត ។ ជាមួយនេះតាមរយៈការអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ានអាមេរិកនិងកិច្ចប្រជុំពាក់ព័ន្ធរបស់លោកប្រធានាធិបតី ចូ បៃដិន,តាម រយៈការអញ្ជើញមករបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកមកចូលរួមការពារកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូក លើកទី៩ និង តាមរយៈការចូលរួមប្រជុំអាយប៉ា ដែលលោកស្រីអនុប្រធានាធិបតីបានសំដែងការរីករាយយ៉ាងខ្លាំងដែលរូបលោកបានជួបសន្ទនាជាមួយនឹងសម្ដេចតេជោនាពេលនេះ ។

លោក Gregory Meeks សង្កត់ធ្ងន់ថានេះជាការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជានិងអាស៊ានដើម្បីជួយពង្រឹងគ្នាទៅវិញទៅមកនិងទាំងផ្នែកនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានគាំទ្រកម្ពុជាក្នុងភាពជាប្រធានអាស៊ានដោយរៀបចំឲ្យមានកិច្ចប្រជុំកំពូលនៅសហរដ្ឋអាមេរិកផងនិងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៅកម្ពុជាផង ។ មិនតែប៉ុណ្ណោះបានរៀបចំឲ្យមានកិច្ចជំនួបរវាងរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកនិងរដ្ឋមន្ត្រីការពារ ជាតិចិននៅទីក្រុងសៀមរាបទៀតផង ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជានៅពេលនេះសម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថាគឺល្អជាងពេលណាៗទាំងអស់សហរដ្ឋអាមេរិកនៅពេលនេះមានស្ថានទូតដ៏ល្អមួយដែលពីមុនមិនធ្លាប់មាន,ចំណែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងប្រមាណ ១៨ ភាគរយជាមួយនឹង វត្តមានក្រុមហ៊ុនហ្វ៊ត និង ក្រុមហ៊ុន ge ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មនៅព្រះរាជាណាចក្រកម្ពុជា ៕