ដោយ:សុផល/ភ្នំពេញ:សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែទូលំទូលាយឡើង ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋសភា នារាត្រីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្តេច និងលោកជំទាវ ប្រធានរដ្ឋសភា បានជួបពិភាក្សាទ្វេភាគីរួចហើយ។
លោកស្រីសាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់ មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត និងបានគំាទ្រសភាប្រទេសអាស៊ែបៃហ្សង់ ជាសភាប្រទេសសង្កេតការណ៍អាយប៉ា ជាផ្លូវការចាប់ពីពេលនេះទៅ។ លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះនឹងចារជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋសភា អាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជា ក្នុងនៅពេលដែលសភាកម្ពុជាធ្វើជាប្រធានអាយប៉ា។

លោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា បានមានប្រសាសន៍លើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីនាពេលនេះ និងតាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។ នៅក្នុងន័យនេះ លោកស្រីបានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅពេលខាងមុខនេះដែរ។

ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា សម្តេចទទួលយកការគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់។ សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ នាពេលនេះ បានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យកាន់តែរឹងមំាខ្លាំងក្លាឡើងថែមទៀត។ វត្តមានរបស់គណៈប្រតិភូ រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងនាមជាភ្ញៀវរបស់សភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ។

សម្តេចចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាយើងទាំងពីរ ដែលបានចុះហត្ថលេខានាពេលនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា។ តាមរយៈMoUនេះ រដ្ឋសភាទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកស្រី សាហ៊ីបា កាហ្វារ៉ូវ៉ា បានចែករំលែកពីគ្នាទៅវិញទៅមក ពីភូមិសាស្រ្តប្រទេស ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម ជាពិសេសអំពីរដ្ឋសភារវាងគ្នា ផងដែរ៕សរន