ដោយ៖ ភា រស្មី បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង/ភ្នំពេញ:ខ្ញុំឈ្មោះ ផុន ដុំ អាយុ៦៤ឆ្នាំ សព្វថ្ងៃរស់នៅភូមិឬស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានស្រុកកំណើតនៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅសម័យខ្មែរក្រហម អង្គការបានប្ដូរឈ្មោះពីភូមិពោន ទៅភូមិត្រោក ក្នុងឃុំទឹកថ្លាវិញ។

ផុន ដុំ និងចៅ នៅភូមិឬស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅក្នុងរបប លន់ នល់ ខ្ញុំរៀននៅក្រោមផ្ទះរបស់តា ពៅ ដែលជាគ្រូបង្រៀនក្មេងតូចៗនៅក្នុងភូមិ។ ក្រោយមក នៅក្នុងភូមិរបស់ខ្ញុំចាប់ផ្ដើមមានការទម្លាក់គ្រាប់ ដូច្នេះគ្រួសាររបស់ខ្ញុំតែងតែរត់ទៅលាក់ខ្លួននៅផ្ទះតារបស់ខ្ញុំស្ថិតនៅក្នុងភូមិថ្មី។ បន្ទាប់ពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះនៅឆ្នាំ១៩៧៥ អង្គការចាត់តាំងឲ្យក្រុមកុមារដូចជាខ្ញុំទៅធ្វើការលើកប្រព័ន្ធភ្លឺស្រែជាមួយចាស់ៗនៅក្បែរភូមិ។ នៅពេលឈប់សម្រាកពីការងារថ្ងៃត្រង់ អង្គការបានឲ្យគ្រូ ទៅបង្រៀនខ្ញុំនិងកុមារទាំងអស់នៅក្រោមម្លប់ឈើ។

នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនខ្ញុំឲ្យទៅលើកអាងស្តុបទឹកនៅស្ថានីយ៍អូកណ្ដាល ជាមួយយុវជនផ្សេងទៀត។ ការហូបអាហារនៅក្នុងកងចល័តមិនគ្រប់គ្រាន់ទេ ព្រោះត្រូវហូបអាហាររួមតាមក្រុមដែលមានសមាជិកច្រើន។ បន្ទាប់ពីបញ្ចប់ការងារលើកអាងស្តុបទឹក អង្គការបានចាត់តាំងឲ្យខ្ញុំឃ្វាលក្របី នៅអូកណ្ដាលរហូតដល់ខែសីហា ឆ្នាំ១៩៧៦។ នៅទីនោះ ខ្ញុំឈឺរាកមូលធ្ងន់ធ្ងរ ដូច្នេះអង្គការក៏បញ្ជូនខ្ញុំឲ្យមកព្យាបាលនៅមន្ទីរពេទ្យក្នុងភូមិវិញ។ ជំងឺរបស់ខ្ញុំមិនបានធូរស្រាលទេ ប៉ុន្តែដោយសារតែពេទ្យចាក់ថ្នាំឲ្យខ្ញុំមានការឈឺខ្លាំងពេក ទើបខ្ញុំសុំពេទ្យត្រឡប់មកផ្ទះវិញ។ នៅពេលមកដល់ផ្ទះ ឪពុករបស់ខ្ញុំបានដើររកឫសឈើយកមកផ្សំនិងដាំលាយជាមួយទឹកឲ្យខ្ញុំផឹក ទើបខ្ញុំបានធូរស្បើយពីជំងឺ។

ចូលមកដល់រដូវវស្សា អង្គការប្រើខ្ញុំឲ្យទៅសែងជីលេខ១យកទៅស្រែ រួចយកសំណាបមកជ្រលក់ជាមួយជីនោះមុននឹងស្ទូងដើម្បីឲ្យសំណាបដុះលូតលាស់ល្អ។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំធ្វើការងារជាច្រើន ដូចជា ដើរប្រមូលជី ដក ស្ទូង នៅក្នុងរដូវវស្សា ហើយរដូវប្រាំង ខ្ញុំទៅលើកប្រព័ន្ធភ្លឺស្រែ និងទំនប់នៅកៅទៃ អំពិលទោល និងខាងក្របៅ។ ពេលខ្ញុំចេញទៅលើកប្រព័ន្ធភ្លឺស្រែខ្ញុំហូបអាហារបានគ្រាន់បើជាង ពេលនៅធ្វើការនៅអូរកណ្ដាល។

នៅដើមខែមករា ឆ្នាំ១៩៧៩ អង្គការបានជម្លៀសខ្ញុំទៅភូមិស្ដៅ ហើយពីរថ្ងៃបន្ទាប់មកទើបខ្ញុំត្រឡប់មកផ្ទះវិញ។ នៅខែផល្គុន ឆ្នាំ១៩៧៩ ខ្ញុំបានរៀបការជាមួយប្រពន្ធរបស់ខ្ញុំនៅភូមិឫស្សីស្បាត ហើយក៏ស្នើសុំរបបដីស្រែពីរដ្ឋសម្រាប់ធ្វើស្រែរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ខ្ញុំមានកូន៤នាក់ ប្រុស៣នាក់។ ខ្ញុំតែងតែយករឿងរ៉ាងទាំងអស់ដែលខ្ញុំបានឆ្លងកាត់សម័យខ្មែរក្រហមប្រាប់ទៅកូនៗរបស់ខ្ញុំ៕សរន

២) ផុន ដុំ ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)) ផ្ទះរបស់ ផុន ដុំ ស្ថិតនៅក្នុងភូមិឬស្សីស្បាត ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)) ផុន ដុំ ចិញ្ចឹមគោដើម្បីទុកភ្ជួររាស់ និងលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)