ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ នៅកំណាត់ផ្លូវលេខ ១៤៣ ប្រវែង ២៧៧ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ដែលជាគម្រោងមូលនិធិ អភិវឌ្ឍន៍ របស់សង្កាត់។
ក្នុងខណៈពេល ចុះទៅពិនិត្យសកម្មភាពការងារ ដោយចាក់អ៊ុតកៅស៊ូ នៅផ្លូវខាងលើនោះ លោក ថេង សុថុល បានលើកឡើងថាៈ ដោយមើលឃើញពីការខូចខាតផ្លូវ ខាងលើនោះ ទើបអាជ្ញាធរខណ្ឌ ដាក់គ្រឿងចក្រ ស្ថាបនាផ្លូវខាងលើនេះ ដោយចាក់អ៊ុតជាផ្លូវកៅស៊ូបេទីមីណឺ ឱ្យបានស្អាតឡើងវិញ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសបងប្អូន ដែលរស់នៅ អមសងខាងផ្លូវ ខាងលើ នោះ និង បងប្អូនអ្នកដំណើរ មកពីចំងាយ នៅគ្រប់ទិសទី ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះ មានភាពងាយស្រួលធ្វើដំណើរ។
លោកអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថាៈ ការស្ថាបនាផ្លូវ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ពិតជាមានសារៈសំខាន់ណាស់ បើតាមប្រសាសន៍ សម្ដេចតេជោថាៈ មានផ្លូវមានក្ដីសង្ឃឹម។
ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៃខណ្ឌ៧មករា សូមថ្លែងនូវអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរសង្កាត់ និង អាជ្ញាធរខណ្ឌ៧មករា ដែលបានចុះមកស្ថាបនាផ្លូវកៅស៊ូ យ៉ាងល្អប្រណិត និងមានគុណភាព ជូនដល់ពួកគាត់បានប្រើប្រាស់ នាពេលនេះ លែងជួបការលំបាក ដូចមុនៗទៀតឡើយ៕/V-PC