ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ ” មាតុភូមិយើង កាតព្វកិច្ចយើងស្អាត និងបៃតង ” នៅចំណុចសួនប៉ោយប៉ែត តេជោ ឈ្នះ-ឈ្នះ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

មន្ត្រីរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុង អង្គភាពជុំវិញក្រុង រដ្ឋបាលសង្កាត់ទាំង៥ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ អង្គភាពភូមិ ប្រជាការពារ អង្គការសង្គមស៊ីវិល ក្រុមយុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិស័យឯកជន និងក្រុមហ៊ុនស៊ិនទ្រី ចំនួនជាង ៥០០ នាក់ បានចូលរួមនៅក្នុងពិធីនេះ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈ យុទ្ធនាការបរិស្ថាន ថ្ងៃនេះ នឹងក្លាយជាសកម្មភាព ចូលរួមលើកកម្ពស់ការយល់ដឹង ជាសាធារណៈ អំពីការធ្វើអនាម័យ ការគ្រប់គ្រង និងការប្រើប្រាស់ ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការលើកកម្ពស់ សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព បានជាគុណប្រយោជន៍ ដល់មនុស្សជាតិ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ មនុស្សជាអ្នកបំផ្លាញ បរិស្ថាន ឥឡូវនេះ បរិស្ថាន បាននិងកំពុងបំផ្លាញយើងវិញហើយ ដូចជាខ្យល់កន្ត្រាក់ រាំងស្ងួតទឹកជំនន់ ប្រែប្រួលអាកាសធាតុ រញ្ជួយដី..”។

លោកបានបន្តថាៈ ” ដូចនេះ ការប្រារព្ធទិវានេះ គឺជាការអះអាងផងដែរថាៈ មនុស្សគ្រប់រូប មានសិទ្ធិសេរីភាព ក្នុងការទទួលយកពីធម្មជាតិ នូវខ្យល់ស្អាត សម្រាប់ដកដង្ហើម ទឹកស្អាត សម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល និងមានសមធម៌ ក្នុងការបែងចែក ភោគផលពីធម្មជាតិ ហើយមនុស្សម្នាក់ៗ មានសិទ្ធិចូលរួមអនុវត្តវិធានការ ការពារថែរក្សា បរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ទុកថា ការរស់នៅប្រកបដោយចីរភាព ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាន ជាការកិច្ចយើងទាំងអស់គ្នា “។

ជាមួយគ្នានោះ​ លោក​ក៏បានអំពាវនាវឱ្យជនរួមជាតិក្នុងខេត្ត ទោះជាពលរដ្ឋសាមញ្ញក្តី​ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ ចូលរួមក្នុង កិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ តាមសមត្ថភាពលទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ឱ្យបានសមស្រប តាមគោលការណ៍គ្រប់គ្រងបរិស្ថាន ដូចជាការកាត់បន្ថយ ការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃឡើងវិញ៕/V-PC