ហ្វី​ហ្វា​វាយបក​លើ​លោក​ម៉ា​រ៉ា​ដូ​ណា​វិញ បន្ទាប់ពី​រិះគន់​អាជ្ញាកណ្តាល​វើ​ល​ខាប់​

1399
ចែករម្លែក

​ការអត់ធ្មត់​របស់​ហ្វី​ហ្វា​ជាមួយនឹង​អាកប្បកិរិយា​របស់លោក​ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បាន​អស់​ត្រឹម​ថ្ងៃ​ពុធ ទី​៤ កក្កដា​។​

​ស្ថាប័ន​បាល់ទាត់​ពិភពលោក​មួយ​នេះ​បាន​និយាយថា ខ្លួន “​សូម​រិះគន់​ខ្លាំងៗ​” ចំពោះ​សម្តី​រិះគន់​របស់​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​រូបនេះ​ទៅលើ​អាជ្ញាកណ្តាល​អាមេរិក លោក ម៉ាក ហ្គេ​ហ្គ័​រ ដែល​រ៉ាប់រង​ការប្រកួត​រវាង​អង់គ្លេស និង កូ​ឡុំ​ប៊ី​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​វើ​ល​ខាប់ ។​

​ហ្វី​ហ្វា​បាន​វាយបក​លើ​លោក​ម៉ា​រ៉ា​ដូ​ណា​វិញ​សម្រាប់​ការ​ប្រាប់​ទូរទស្សន៍​វេ​ណេ​ស៊ុយ​អេ​ឡា Telesur ថា លទ្ធផល​នៃ​ការប្រកួត​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​មូ​ស្គូ​គឺជា “​ការ​ប្លន់​ដ៏​ធំ​បំផុត​” ។​

​ម៉ា​រ៉ា​ដូ​ណា ត្រូវបាន​គេ​ថត​ឃើញ​ពាក់អាវ​ពណ៌​លឿង​របស់​កូ​ឡុំ​ប៊ី នៅមុន​ការប្រកួត​។​

​អង់គ្លេស​បាន​ឈានទៅ​ប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ក្រោយពី​ទទួលបាន​លទ្ធផល​ស្មើ ១-១ នៅក្នុង​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ ដែល​រង​ការបង្អាក់​ពេលវេលា​ដោយសារ​កីឡាករ​តវ៉ា​ជាមួយ​លោក​ហ្គេ​ហ្គ័​រញឹក​ញាប់​ពេក​។​

​ហ្វី​ហ្វា​បាន​និយាយថា “​សម្តី​បញ្ឆិតបញ្ឆៀង​របស់​ម៉ា​រ៉ា​ដូ​ណា​” គឺ “​មិន​សមរម្យ និង គ្មាន​មូលដ្ឋាន​ទាំងស្រុង​”​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ហ្វី​ហ្វា​បាន​និយាយថា “​ហ្វី​ហ្វា​មានការ​សោកស្តាយ​ណាស់​ក្នុង​ការអាន​សេចក្តីប្រកាស​បែបនេះ​ពី​កីឡាករ​ដែល​បាន​ចារ​ប្រវត្តិសាស្ត្រ​នៃ​ការប្រកួត​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ម៉ា​រ៉ា​ដូ​ណា

ទីតាំងផ្សាយពាណិជ្ជកម្ម