ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសីដក់កម្ពុជា គឺលោក មាស សារិន បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាជាតិ លើកទី៣ បានផ្ដល់នូវអនុសាសន៍ ចំនួន ៥ ចំណុច ដល់កីឡាករ កីឡាការិនី ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

ដើម្បីឱ្យកីឡាសីដក់កម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ទៅថ្ងៃអនាគត ជាពិសេស នៅពេលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ លោកបណ្ឌិត មាស សារិន បានផ្ដល់អនុសាសន៍ ចំនួន ៥ ចំណុចគឺ៖ ១.ត្រូវខិតខំបណ្តុះបណ្តាល ថ្នាលយុវជន បង្កើនបរិមាណកីឡាករ កីឡាការិនី តាមសមាគមកីឡាសីដក់ ឱ្យបានទូលំ ទូលាយ។ ២.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។ ៣.ត្រូវជំរុញឱ្យមានការរៀបចំ ការប្រកួតឱ្យបានច្រើន និងហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លឹប សមាគម។ ៤.ត្រូវពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ឫក្លិប សមាគមទូទាំងប្រទេស។ ៥. ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើន ព្រឹត្តិការណ៍ប្រកួត ឲ្យបានច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើទៅបាន។

លោកបណ្ឌិត មាស សារិន បានបន្ថែមថាៈ ចំពោះការរៀបចំការប្រកួតកីឡាសីដក់ ក្នុងកីឡាជាតិនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជា វាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់ កន្លងមក និងជាដំណើរឆ្ពោះ ទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបណ្ឌិត មាស សារិន បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលរបស់អត្តពលិក ដែលជាជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំ ហ្វឹកហាត់ជាប្រចាំ ការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបាន តាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះ ក៏ជាឱកាសក្នុងការផ្តល់ជូន គណៈកម្មការរៀបចំការប្រកួត បានដកស្រង់ និងបង្កើនបទពិសោធន៍ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំការប្រកួតនេះ កាន់តែមាន ភាពទាក់ទាញ ដល់ទស្សនិកជន ឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនី បន្ថែមទៀត៕/V-PC