ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ប្រមុខរងចំបាប់ លោក Casey Barnett បានវាយតម្លៃពីកម្រិតសមត្ថ របស់អត្តពលិក ចំបាប់ជម្រើសជាតិ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកអនុប្រធានសហព័ន្ធ បានលើកឡើងថាៈ កម្រិតបច្ចេកទេសរបស់ អត្តពលិកចំបាប់ ទាំងអស់ ហាក់មានការរីកចម្រើន គួរឲ្យកត់សម្គាល់។ ចំណុចខ្វះខាត ដែលកែលំអ មានតិចតួច។ ជារួម កីឡាករ កីឡាការិនីចំបាប់កម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួត កីឡាជាតិ លើកទី៣ ហាក់មានកម្រិតបច្ចេកទេស និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការប្រជែង មេដាយ ពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធចំបាប់កម្ពុជា បានកំណត់គោលដៅ រួចហើយគឺ ត្រូវក្រសោបឲ្យបាន មេដាយច្រើន ជាង ៧ គ្រឿង។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ លំអិតពីចំនួន មេដាយមាស ឬប្រាក់ ប៉ុន្មានគ្រឿងឡើយ ពីព្រោះលោក ត្រូវរង់ចាំមើលលទ្ធផល នៃការប្រកួតចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូ ឆ្នាំ២០២២ ខាងមុខទៀត។

ជាមួយគ្នានេះ លោក ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពី ក្ដីរំភើបរីករាយ ក្នុងពិធីបិទការប្រកួតកីឡាចំបាប់ ក្នុងកីឡាជាតិលើកទី៣។ លោកក៏បានឧបត្ថម្ភ ថវិកា ដល់បណ្ដាខេត្តទាំង៧ ដែលបានចូលរួមប្រកួតកីឡាចំបាប់ ក្នុងកីឡាជាតិលើកទី៣ នេះ ដោយប្រតិភូខេត្តនីមួយៗ ទទួលបាន ២០០ ដុល្លារអាមេរិក ដូចគ្នា។

គួររម្លឹកថា កីឡាជាតិលើកទី៣ សម្រាប់ប្រភេទកីឡាចំបាប់ គឺមានខេត្ត-ក្រសួងចូលរួមចំនួន៧។ លទ្ធផលក្រោយចប់ការប្រកួត ចំណាត់ថ្នាក់លេខ១ បានទៅក្រសួងមហាផ្ទៃ ដោយដណ្ដើម បានមេដាយមាស ៦ ប្រាក់ ២ និងសំរឹទ្ធ ១ , លេខ២ បានទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈ្នះមេដាយមាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ២ , លេខ៣ បានទៅខេត្តកំពង់ឆ្នាំង ដោយឈ្នះ មេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦។ ចំណែកខេត្តព្រៃវែង លេខ៤ ទទួលបានមេដាយប្រាក់ ២ និងសំរឹទ្ធ ៧ , លេខ៥ បានទៅខេត្តពោធិ៍សាត់ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២, លេខ៦ បានទៅខេត្តកំពង់ធំ ទទួលបានមេដាយប្រាក់១ សំរឹទ្ធ១ ចំពោះ ខេត្តកណ្ដាល មិនទទួលបាន មេដាយឡើយ៕/V-PC