ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសទទួលស្គាល់ សមាសភាព សមាគមខ្មែរ-ចិន ស្រុកមង្គលបូរី អាណត្តិទី៦ ដោយលោកលើកឡើងថា សមាគមខ្មែរ-ចិន ស្រុកមង្គលបូរី និងសាលារៀនចុងវ៉ា ចូលរួមចំណែកធំធេង ក្នុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ , បណ្តុះបណ្តាលធនធានមនុស្ស និងការងារមនុស្សធម៌។

លោក គួយ គាំ ជាអគ្គលេខាធិការ សមាគមខ្មែរ ចិន ស្រុកមង្គលបូរី និងជានាយកសាលារៀន ខ្មែរ ចិន ចុងវ៉ា បានលើកឡើងពីលទ្ធផលការងារ ដែលសម្រេចបាន និងការរីកចម្រើនរបស់ សមាគម និងសាលារៀននេះ ដែលរួមចំណែកជាមួយក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា និងរដ្ឋបាលខេត្ត ស្រុក ដូចជាបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធាន មនុស្ស លើជំនាញវប្បធម៌ អក្សរសាស្ត្រ ភាសាខ្មែរ ចិន អង់គ្លេស និងបានចូលរួមចំណែក ដ៏សកម្ម លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានអគារសិក្សា ស្ពាន លូ សំណង់ និង ពង្រឹងការងារមនុស្សធម៌ ការងារសង្គម មានការជួយសង្គ្រោះ ការផ្តល់អំណោយស្បៀងអាហារ ឧបករណ៍ សម្ភារផ្សេងៗ ថ្នាំសង្កូវ សម្ភារសិក្សា ផ្តល់ថវិកាដល់មន្ទីរពេទ្យកុមារជាដើម។

លោកបានបន្តថាៈ សមាគមនេះ បង្កើតឡើងនៅឆ្នាំ១៩៩៤ ។ ឯសាលារៀន បង្កើតឡើង នៅឆ្នាំ១៩៩៥ ។ ចំពោះស្ថានភាពសិក្សា នៅឆ្នាំសិក្សា ២០២២-២៣ នេះ សាលាមានសិស្ស ៧០៦ នាក់ / ស្រី៣៤០នាក់ ។ មានគ្រូផ្នែកភាសាខ្មែរ ២១នាក់ / ស្រី១៧នាក់ ផ្នែកភាសាចិន ១១ នាក់ / ស្រី១១នាក់ ភាសាអង់គ្លេស ៤នាក់ / ស្រី២នាក់ គឺសិក្សាពីមត្តេយ្យសិក្សា ដល់ថ្នាក់ទី៩ ។ ចំពោះលទ្ធផលការសិក្សា របស់សិស្ស គឺបានល្អ ដែលស្ថិតក្នុងចំណោម សាលារៀន ២៣០ សាលាទូទាំងប្រទេស និងដោយឡែក ក្នុងចំណោមសាលា ១៣ សាលា ក្នុងខេត្ត ដែលក្រសួងជ្រើសរើសសិស្សថ្នាក់ទី៨ ទៅធ្វើតេស្តថ្នាក់ជាតិ លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា។

ក្នុងឱកាសនោះដែរ លោក ចៅ យិញ ជាលេខាធិការ សមាគមខ្មែរ ចិន ស្រុកមង្គលបូរី បានអានសេចក្តីសម្រេចតែងតាំង សមាសភាពសមាគមនេះ អាណត្តិទី៦ ដែលមាន ២៩ រូប ក្នុងនោះ លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ជាប្រធាន និងអនុប្រធាន ៦ រូប មានលោក លឹម សេង , លោក សាន់ ម៉ាប់ , លោក ផាស វិបុល , លោក ម៉េង បូរ៉ាន់ ,លោក តាក ឈួយ និងលោក ង៉ែត វ៉ាន់ដា ។ ឯអគ្គលេខាធិការ មាន ២ រូបគឺ លោក គួយ គាំ លោក ចៅ ឬទ្ធីហាង ។ ហិរញ្ញិក ២ រូបគឺលោក ចៅ ជីវា និងលោក ចៅ ឈួង។ ក្រៅពីនោះ ជាសមាជិកទទួលបន្ទុកសិក្សាធិការ ,ទំនាក់ទំនង, សង្គមកិច្ច និងលេខាធិការ។

បន្ទាប់ពីប្រគល់ ទទួលសេចក្តីសម្រេចរួចមក លោក អុឹង វណ្ណម៉ៅ ប្រធានថ្មីសមាគមខ្មែរ ចិន ស្រុកមង្គលបូរី អាណត្តិទី៦ បានមានមតិប្តេជ្ញាចិត្ត ថានឹងបន្តខិតខំរួមជាមួយ អនុប្រធាន និងសមាជិក សមាជិកា ទាំង ២៩ រូប ដើម្បីដឹកនាំសមាគម ឲ្យកាន់តែមានការរីកចម្រើន និងមាននិរន្តរភាព ទៅមុខ ប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព ថែមទៀត។

ក្នុងពិធីនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ របស់សមាគមខ្មែរ ចិន ស្រុកមង្គលបូរី គ្រប់អាណត្តិ ដែលបានធ្វើឲ្យសមាគម មាននិរន្តរភាព ការងារ និងសម្រេចបានលទ្ធផល គួរជាទីមោទនៈ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ លោក ចៅ គិមហាន ប្រធានទ្រទ្រង់សាលារៀនចិន ចុងវ៉ា ស្រុកមង្គលបូរី ដែលរស់រស់នៅប្រទេសបារាំង និងលោកស្រី ឆាន់ សៅយ៉ាន់. ព្រមទាំងសប្បុរសជន ជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់សមាគម ឲ្យបានដំណើរការ តាំងពីដើមរៀងមក ដល់បច្ចុប្បន្ននេះ និងធ្វើឲ្យសាលារៀនចិនចុងវ៉ា អាចមានលទ្ធភាពបង្រៀនសិស្សានុសិស្ស ទាំងភាសាខ្មែរ ចិន អង់គ្លេស ប្រមាណជិត ៧០០ នាក់ នាពេលបច្ចុប្បន្ននេះ។

លោកបានបន្តថាៈ នេះជាការចូលរួមចំណែក យ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិវឌ្ឍន៍ធនធានមនុស្ស , ការងារអភិវឌ្ឍន៍ , ការងារមនុស្សធម៌ និងការងារសង្គម ដែលជាវិស័យអាទិភាព ក្នុងយុទ្ធសាស្ត្រចតុកោណ។

លោក អភិបាលខេត្តបន្ទាយមានជ័យ រំពឹងទុកថា ប្រធានសមាគម អនុប្រធាន សមាជិក ទាំងអស់ នៃអាណត្តិទី៦ ថ្មីនេះ នឹងបន្តខិតខំកសាងសមិទ្ធផលថ្មី បន្ថែមទៀត រួមសាមគ្គីគ្នា ដឹកនាំសមាគម ឲ្យមាននិរន្តភាព និងសម្រេចបានជោគជ័យថ្មីៗ តាមផែនការ សកម្មភាព និង លក្ខន្តិកៈរបស់សមាគម៕/V