ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ជំរុញ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចាត់​វិធានការ​ប្រឆាំង​នឹង​រុស្ស៊ី​ជុំវិញ​ការ​វាយ​​ប្រហារ​តាម​អាកាស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដែល​បាន​ធ្វើឱ្យ​ទីក្រុង​អ៊ុយ​ក្រែន​នានា​ធ្លាក់ក្នុង​ភា​ពងងឹត និង​ភាព​ត្រជាក់​ម្តងទៀត ខណៈ​រដូវរងា​បាន​ចូលមក​ដល់​។​

​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា ដោយ​សម្លាប់​មនុស្ស ១០ នាក់ បង្ខំ​ឱ្យ​បិទ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ និង​កាត់ផ្តាច់​ការផ្គត់ផ្គង់​ទឹក​និង​អគ្គិសនី​នៅ​កន្លែង​ជាច្រើន​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​តាម​តំណ​វីដេអូ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​យ៉ាង​ដូច្នេះ​ថា “​ថ្ងៃនេះ​គ្រាន់តែ​ជា​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​បាន​ទទួល​មី​ស៊ី​ល ៧០ គ្រាប់​។ នោះ​ជា​រូបមន្ត​ភេរវកម្ម​របស់​រុស្ស៊ី​។ ទាំងនេះ​គឺ​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​យើង​…​មន្ទីរពេទ្យ សាលារៀន ការដឹកជញ្ជូន និង​តំបន់​លំនៅឋាន​ទាំងអស់​បាន​រងគ្រោះ​”​។​

​លោក​បាន​បន្ថែមថា អ៊ុយ​ក្រែន​កំពុង​រង់ចាំ​មើល “​ប្រតិកម្ម​យ៉ាង​ម៉ឺងម៉ាត់​” ចំពោះ​ការវាយប្រហារ​តាម​ផ្លូវអាកាស​កាលពី​ថ្ងៃ​ពុធ​ពី​ពិភពលោក​។​

​ក្រុមប្រឹក្សា​នេះ​ទំនងជា​មិន​ចាត់​វិធានការ​ណាមួយ​ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​នេះ​ទេ ពីព្រោះ​រុស្ស៊ី​ជា​សមាជិក​ដែល​មាន​អំណាច​វេតូ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​អ​.​ស​.​ប លោកស្រី លីន​ដា ថូ​ម៉ាស ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​និយាយថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង “​យក​រដូវរងា​ធ្វើជា​អាវុធ​យ៉ាង​ច្បាស់ក្រឡែត​ដើម្បី​ផ្តល់​ការឈឺចាប់​យ៉ាង​សម្បើម​ដល់​ប្រជាជន​អ៊ុ​យក្រែន​”​។​

​លោកស្រី​បាន​បន្ថែមថា ប្រធានាធិបតី​រុស្ស៊ី “​នឹង​ព្យាយាម​បង្កក​ប្រទេស​នេះ​រហូត​ដល់​យល់ព្រម​ចុះចាញ់​”​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អ​.​ស​.​ប លោក វ៉ា​ស៊ី​លី នេ​បិ​ន​ហ្សា (Vasily Nebenzya) បាន​ឆ្លើយតប​ដោយ​ការ​ត្អូញត្អែរថា រុស្ស៊ី​ប្រឆាំងនឹង​ច្បាប់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​សម្រាប់​លោក​ហ្សេ​លេន​ស្គី​បង្ហាញ​ខ្លួន​តាមរយៈ​វីដេអូ ហើយ​បាន​ច្រានចោល​នូវ​អ្វី​ដែល​លោក​ហៅថា “​ការគំរាមកំហែង​និង​ឱសានវាទ​” ពី​សំណាក់​អ៊ុយ​ក្រែ​ន​និង​អ្នកគាំទ្រ​របស់ខ្លួន​នៅ​លោកខាងលិច​។​

​លោ​កនេ​បិ​ន​ហ្សា​បាន​និយាយថា ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែន​គឺ​បណ្តាលមកពី​មី​ស៊ី​ល​ដែល​បាញ់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែន ដែល​បាន​ធ្លាក់​លើ​តំបន់​ស៊ីវិល បន្ទាប់ពី​បាន​បាញ់​ទៅលើ​មី​ស៊ី​ល​របស់​រុស្ស៊ី ហើយ​បាន​អំពាវនាវ​ឱ្យ​លោកខាងលិច​បញ្ឈប់​ការផ្តល់​មី​ស៊ី​ល​ការពារ​ដែនអាកាស​ដល់​អ៊ុ​យក្រែន​៕

​លោក​ហ្សេ​លេន​ស្គី​និយាយ​តាម​តំណ​វីដេអូ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​កាលពី​ថ្ងៃ​ពុធ​