ដោយ៖ ថុន ស្រីពេជ្រ បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង/ភ្នំពេញ:នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន១២៣នាក់ ក្នុងនោះមានស្រី៩៧នាក់ នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលរួមកម្មវិធី “ការលើកកម្ពស់សិទ្ធិនិងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម”។

«ក្រោយពីរបបខ្មែរក្រហមបានបញ្ចប់ទៅអស់រយ:ពេល ជាង៤០ឆ្នាំហើយ ពុំដែលមានក្រុមការងារណា ឬអង្គការណាមួយ ដែលមានសុទ្ធតែយុវជនជំនាន់ក្រោយចុះមកសួរសុខទុក្ខ និងសួរនាំអំពីរឿងរ៉ាវ នៅក្នុងសម័យខ្មែរក្រហមរបស់បងប្អូនខ្ញុំនៅក្នុងឃុំនេះឡើយ។ ថ្ងៃនេះយើងខ្ញុំនៅក្នុងឃុំស្នាអន្សា ពិតជាសប្បាយរីករាយណាស់ ដែលក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាបានចុះមកដល់ឃុំខ្ញុំ ថែមទាំងសួរនាំអំពីបញ្ហាសុខភាពថែមទៀត។ យើងមានអារម្មណ៍ថាបានធូរស្រាល និងជាសះស្បើយ។ វាពិតជាមានន័យណាស់នៅក្នុងថ្ងៃនេះ»។

ក្នុងនាមជាក្រុមប្រឹក្សាឃុំស្នាអន្សា ហ៊ិន ពេន បាននិយាយលើកទឹកចិត្ត និងជំរុញឲ្យអ្នកចូលរួមទាំងអស់គ្នា និយាយអប់រំ និងណែនាំដល់ក្មេងជំនាន់ក្រោយឲ្យដឹង និងយល់កាន់តែច្រើនពីរបបខ្មែរក្រហម។

ប្រការសំខាន់មួយទៀត លោកក្រុមប្រឹក្សាផ្តាំផ្ញើដល់អ្នកចូលរួមឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ព្រោះយើងពុំដឹងថា តើយើងនឹងវិលត្រឡប់ទៅវិញនៅថ្ងៃណាទេ។ គាត់មានប្រសាសន៍ថា «យើងសុទ្ធតែចាស់ៗអស់ហើយ។ ប៉ុន្តែការដែលយើងបានថែទាំសុខភាពគឺជារឿងមួយដ៏សំខាន់ដែលអាចជួយឲ្យយើងមានអាយុវែង»។

ជាចុងក្រោយលោកក្រុមប្រឹក្សាឃុំក៏បានជួនពរដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យមានសុខភាពល្អ។ គាត់យល់ឃើញថាក្រុមការងារជាទំំពាំងស្នងឬស្សី ដែលចេះយល់ដឹងអំពីការលំបាករបស់អ្នកដែលបានឆ្លងកាត់សម័យខ្មែរក្រហម ហើយចុះមកសួរសុខទុក្ខ និងយកចិត្តទុកដាក់អំពីបញ្ហាសុខភាពអ្នកភូមិឃុំរបស់គាត់៕សរន

រូបថត ៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា