​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កាលពី​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ជំរុញ​ឱ្យ​ចិន​ពង្រឹង​អត្រា​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​និង​ផ្តល់​ការគាំទ្រ​ដ៏​រឹងមាំ​​បន្ថែមទៀត​ដល់​វិស័យ​អចលនទ្រព្យ​ដែល​មាន​បញ្ហា​របស់​ខ្លួន​ដើម្បី​ស្តារ​ទំនុកចិត្ត​ឡើងវិញ និង​កាត់បន្ថយ​ហានិភ័យ​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក​និង​តម្លៃ​ថាមពល​ខ្ពស់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​តាម​អន​ឡាញ​សម្រាប់​ការ​ពិនិត្យ​ឡើងវិញ​ប្រចាំឆ្នាំ​របស់​ខ្លួន​អំពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ចិន​IMF​បាន​និយាយថា​ខ្លួន​កំពុង​រក្សា​ការព្យាករណ៍​​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ខែតុលា​។​

​កំណើន​ត្រូវបាន​ព្យាករណ៍​នៅ​កម្រិត ៣,២ ភាគរយ​ក្នុង​ឆ្នាំ ២០២២ និង ៤,៤ ភាគរយ​ក្នុង​ឆ្នាំ ២០២៣ ប្រសិនបើ​ចិន​ដកចេញ​បន្តិច​ម្តងៗ​នូវ​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២៣​។​

​លោក ហ្គី​តា ហ្គោ​ភី​ណាត (Gita Gopinath)​នាយករង​របស់ IMF​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ទោះបីជា​យុទ្ធសាស្ត្រ​កូវី​ដ​សូន្យ​កាន់តែ​មាន​សន្ទុះ​លឿន​ក៏ដោយ​ក៏ប៉ុន្តែ​ការរួមបញ្ចូល​​គ្នា​នៃ​មេរោគ​កូរ៉ូណា​បំប្លែង​ខ្លួន​កាន់តែ​ច្រើន​និង​ចន្លោះប្រហោង​ក្នុង​ការចាក់​វ៉ាក់សាំង​បាន​នាំឱ្យ​មាន​តម្រូវការ​សម្រាប់​ការបិទ​ខ្ទប់​ឡើងវិញ​ញឹកញាប់​ជាង​មុន​ដោយ​ដាក់បន្ទុក​យ៉ាងខ្លាំង​លើ​ការប្រើប្រាស់​​និង​ការវិនិយោគ​ឯកជន រួម​ទាំង​វិស័យ​លំនៅស្ថាន​”​។​

“​នាពេលខាងមុខ ការកែតម្រូវ​ឡើងវិញ​បន្ថែមទៀត​នូវ​យុទ្ធសាស្ត្រ​កូវី​ដ​គួរតែ​ត្រូវបាន​រៀបចំ​ឱ្យ​បានល្អ ហើយ​រួម​បញ្ចូល​ការជំរុញ​ល្បឿន​នៃ​ការចាក់​ថ្នាំ​បង្ការ និង​រក្សា​វា​ឱ្យ​នៅ​កម្រិត​ខ្ពស់​ដើម្បី​ធានា​ថា​ការ​​ការពារ​ត្រូវ​បាន​រក្សា​”​។​

​អនុសាសន៍​នេះ​ត្រូវបាន​ធ្វើឡើង ខណៈ​អាជ្ញាធរ​ចិន​កំពុង​ដោះស្រាយ​ជាមួយនឹង​ការកើនឡើង​ករណី​ឆ្លងកូវី​ដ​១៩​ដែល​បាន​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សេដ្ឋកិច្ច​និង​ធ្វើឱ្យ​ខូច​ក្តីសង្ឃឹម​សម្រាប់​​ការបើក​ប្រទេស​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​។​IMF បាន​និយាយថា ហានិភ័យ​សេដ្ឋកិច្ច​សម្រាប់​ចិន​ត្រូវ​បាន​ផ្អៀង​ទៅ​រក​ការដាំ​ក្បាល​ចុះ ដោយសារ​តែ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ជា​សកល តម្លៃ​ថាមពល​ខ្ពស់ និង​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​ពិភពលោក​កាន់តែ​តានតឹង​។​

​សម្រាប់​រយៈពេល​វែង​ជាង​នេះ អង្គការ​មូលនិធិ​នេះ​បាន​និយាយថា ការកើនឡើង​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​បង្ក​ហានិភ័យ​នៃ​ការបែងចែក​សេដ្ឋកិច្ច​ពិភពលោក​ដោយ​ចិន​ប្រឈម​មុខ​នឹង​​ការ​កាត់ផ្តាច់​ផ្នែក​ហិរញ្ញវត្ថុ​និង​ការ​រិត​ត្បិត​លើ​ពាណិជ្ជកម្ម ការវិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការទទួល​បាន​បច្ចេកវិជ្ជា​។​

IMF​បាន​ផ្តល់​អនុសាសន៍​ថា គោលនយោបាយ​សារពើពន្ធ​របស់​ចិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​ឆ្នាំ ២០២៣ បន្ទាប់ពី​មាន​ការគាំទ្រ​ខ្លាំង​នៅ​ឆ្នាំនេះ ប៉ុន្តែ​គួរតែ​ការពារ​ការ​ងើប​ឡើងវិញ​និង​សម្រប​​សម្រួល​ឱ្យ​មាន​តុល្យភាព​ឡើងវិញ​ឆ្ពោះទៅ​រក​ការប្រើប្រាស់​ក្នុងស្រុក​កាន់តែច្រើន​។​គោលនយោបាយ​រូបិយវត្ថុ​របស់​ចិន​គួរតែ​នៅតែ​មាន​លក្ខណៈ​សមរម្យ​និង​ពឹងផ្អែក​លើ​វិធានការ​ដែល​ផ្អែកលើ​អត្រា​​ការប្រាក់​៕

​ការអត្ថាធិប្បាយ​របស់ IMF បាន​កើតឡើង ខណៈ​អាជ្ញាធរ​ចិន​កំពុង​ដោះស្រាយ​ជាមួយនឹង​ការកើនឡើង​ករណី​ឆ្លងកូវី​ដ​១៩