ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រភេទកីឡាវាយកូនបាល់ បានបញ្ចប់ជាស្ថាពរហើយ នៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី៣ ដែលកំពុងតែប្រព្រឹត្តិទៅនេះ។

លោក ឡុង ជុំនិត មន្ត្រីសម្រួលសម្រល បាននិយាយថាៈ អនុវត្តតាមកម្មវិធីប្រចាំ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានគ្រប់គ្រងព្រឹត្តការណ៍ សហការជាមួយ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លើផ្នែកបច្ចេកទេស បានរៀបចំការប្រកួតកីឡា វាយកូនបាល់កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ បានចាប់ផ្តើមពីថ្ងៃទី១៩ ដល់ ២៣ ខែវិច្ឆិកា ម្សិលមិញនេះ។

ការប្រកួតនេះ ប្រព្រឹត្តទៅបាន ដោយសារមានការឧបត្ថម្ភថវិកា គាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយអនុគណៈកម្មមការគ្រប់ផ្នែក បានបំពេញ និងទទួលខុសត្រូវ លើភារកិច្ច របស់ខ្លួន និងដោយមានការសហការ រវាងគណៈកម្មការបច្ចេកទេស ប្រតិភូកីឡា កីឡាករ និងអនុវត្តបានត្រឹមត្រូវ តាមបទបញ្ហាបច្ចេកទេស ការប្រកួតទៅតាមលក្ខណៈស្តង់ដាជាតិ និងអន្តរជាតិ ដែលបានកំណត់។

វិញ្ញាសាប្រកួត រួមមាន ៤ វិញ្ញាសា វាយឯកត្តជន ម្នាក់ទល់ម្នាក់ បុរសវាយឯកត្តជន ម្នាក់ទល់ម្នាក់នារី វាយគូបុរសវាយគូបុរស និងនារី និងមាន ៧ រាជធានី ខេត្ត រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកោះកុង។

ក្រុមកីឡាករ-កីឡាការិនី ខេត្តសៀមរាប ដណ្តើមមេដាយមាស ២ គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្រុមកីឡាករ កីឡាការិនី ក្រសួងការពារជាតិ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង៕/V-PC