ដោយៈ ប.ខុន / ភ្នំពេញៈ ការកែលម្អឆ្នេរ ដែលរងការខូចខាត ដោយសារទឹកភ្លៀងហូរច្រោះ កាលពីក្នុងរដូវវស្សា ជាមួយនឹងការរៀបចំពោង កំណត់ដែនសុវត្ថិភាពឡើងវិញ នៅតាមឆ្នេរ អូរឈើទាល ក៏បានរួចរាល់ហើយដែរ ខណៈពិធីបុណ្យសមុទ្រ និងមហាសន្និបាតឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក កាន់តែខិតជិតមកដល់ នៅខេត្តព្រះសីហនុ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានរៀបរាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថាៈ ការឈូសឆាយសម្អាតឆ្នេរ ដែលដាច់ដោច ដោយសារទឹកភ្លៀងហូរច្រោះ កាលពីក្នុងរដូវវស្សានោះ ពេលនេះ បានរួចរាល់ដូចដើមវិញហើយ។ ផ្លូវនៅតាមឆ្នេរ ក៏ត្រូវបានសម្អាតខ្សាច់ ចេញអស់វិញដែរ។

លោកអភិបាលក្រុង បាននិយាយឱ្យដឹងទៀតថាៈ ចំពោះការរៀបចំពោង កំណត់ដែនសុវត្ថិភាព នៅឆ្នេរអូរឈើទាល ឡើងវិញ បន្ទាប់ពីដាច់ដោចអស់ ដោយសារទឹករលកខ្លាំង កាលពីក្នុងរដូវ វស្សានោះ អាចនឹងរួចរាល់ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ហើយពោងថ្មី ដែលត្រូវដាក់បន្ថែមលើឆ្នេរ អូរឈើទាលពីរ នឹងមកដល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ហើយក្រុមការងារ ធ្វើការរៀបចំបន្តទៀត។

លោក សរ កក្កដា បាននិយាយឱ្យដឹងទៀតថាៈ សោភ័ណភាព នៅក្នុងក្រុងព្រះសីហនុ នៅពេលពិធីបុណ្យសមុទ្រ និងមហាសន្និបាតឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក កាន់តែខិតជិតមកដល់ ប្រជាពលរដ្ឋ ក្រុមហ៊ុន ម្ចាស់អគារតូចធំ និងមន្ទីរអង្គភាពនានា បានចូលរួមធ្វើការតុបតែងភ្លើងលម្អ ជាមួយនឹងការលើកបដា ទង់ជាតិ និងការធ្វើអនាម័យ បានស្អាតច្រើនហើយ។

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹងដល់សាធារណ ជនជាតិ និងអន្តរជាតិទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍​កំណត់យកកាលបរិច្ឆេទ រៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ និង មហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នេះ បានសរសរថាៈ ក្នុងគោលបំណង ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងជំរុញការកែលម្អសោភ័ណភាព និងអនាម័យបរិស្ថាន ជាពិសេស ដើម្បីលើកកម្ពស់ កិត្យានុភាពខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់ សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ។

ដើម្បីចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តការណ៍ ដ៏មានសារៈសំខាន់ទាំងពីរនេះ ប្រព្រឹត្តទៅ ប្រកបដោយកិត្តិយស និងទទួលបានជោគជ័យ តាមផែនការ លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានធ្វើការណែនាំ នៅក្នុងលិខិតរបស់ខ្លួនថា រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋ គ្រប់លំនៅដ្ឋាន ម្ចាស់ដីឡូត៍ ឱ្យសម្អាតអនាម័យ បរិស្ថាន នៅមុខទីតាំង និង លំនៅដ្ឋានរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ។

ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាន តុបតែងលម្អ បំភ្លឺភ្លើងពណ៌ និងស្នើបើកភ្លើងពីមុខផ្ទះ ទីស្នាក់ការក្រុមហ៊ុន អគារសាធារណៈ អគារឯកជន និងតាមទីតាំងអាជីវកម្ម ឆ្នេរខ្សាច់កម្សាន្ត ឱ្យបានព្រមៗគ្នា ចាប់ពីពេលនេះតទៅ។

រដ្ឋបាលក្រុង ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អាជីវកម្មតាមឆ្នេរ ក្រុមហ៊ុនប្រមូលសំរាម KSWM និងប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត និងថែទាំ ឆ្នេរឱ្យបានល្អ និងមានសោភ័ណ ភាព។

មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ដល់មហាជន ប្រជាជន និងអ្នកយកព័ត៌មាន អំពីអត្ថន័យ ខ្លឹមសារ និងសកម្មភាពនៃព្រឹត្តិការណ៍ ទាំងពីរខាងលើ។

អាជ្ញាធរក្រុង ស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ ដើម្បីធានាបាននូវ​សុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ មហាជន និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្ត សប្បាយ ប្រកបដោយសុខដុមនីយកម្ម៕/V-PC