ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ឆ្លើយតបនឹងកង្វល់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋាន កងទ័ពជើងទឹករាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានអះអាងបញ្ជាក់ជាថ្មី ពីជំហម៉ឺងម៉ាត់របស់កម្ពុជា មិនអនុញ្ញាតឱ្យ មានវត្តមានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជា ដូចដែលត្រូវបានហាមឃាត់ ដោយរដ្ឋធម្មនុញ្ញ និងបានធានាអំពីតម្លាភាព ក្នុងការប្រើប្រាស់កំពង់ផែនេះ ផងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការ កិច្ចការបរទេស នៃសភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកតំណាងរាស្រ្ត មកបំពេញទស្សនកិច្ច នៅកម្ពុជា ដើម្បីចូលរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA)។

នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរ ចំពោះសភា តំណាងរាស្រ្ត សហរដ្ឋអាមេរិក ដែលបានក្លាយជា សភាសង្កេតការណ៍ របស់ AIPA។
សម្តេចតេជោ បានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ច ដាច់ដោយឡែកពីគ្នា មកកាន់កម្ពុជា នៅក្នុងរយៈពេល ពីរសប្តាហ៍នេះ របស់លោក ប្រធានាធិបតី ចូ បៃដិន (Joe Biden) ដើម្បីចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ លោកប្រធានគណៈកម្មាធិការ កិច្ចការបរទេស នៃសភាតំណាងរាស្រ្ត ហ្គ្រឺហ្គូរី មីក ដើម្បីចូលរួមកិច្ចប្រជុំ AIPA និង លោករដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន (Lloyd Austin) ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន បូក (ADMM-Plus) ដោយគូសបញ្ជាក់ថា ការអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក ចំពោះតំបន់ ក៏ដូចជា ការផ្តល់តម្លៃដល់កម្ពុជា ក្នុងនាមជា ប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សំខាន់ៗ ខាងលើនេះ។

លោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានវាយតម្លៃខ្ពស់ ចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំទាំងបី ខាងលើ ប្រកបដោយជោគជ័យ ខណៈដែលតំបន់ និងពិភពលោក កំពុងប្រឈមនឹងបញ្ហា ជាច្រើន ហើយលោក ក៏បានកោតសរសើរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះភាពជាអ្នកដឹកនាំ របស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ទីក្រុង វ៉ាស៊ីនតោន ឌីស៊ី កាលពីខែឧសភា កន្លងទៅ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយលោកប្រធានាធិបតី ចូ បៃដិន ហើយដែល ជាឱកាស សម្រាប់កម្ពុជា ចូលរួមចំណែក ក្នុងនាមជា ប្រធានអាស៊ានប្តូរវេន ដល់ការលើក កម្ពស់ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ» និងបានរំលឹកអំពី ជំនួបប្រកបដោយស្ថាបនា រវាងរូបសម្តេចផ្ទាល់ និងលោកប្រធានាធិបតី ចូ បៃដិន នាពេលថ្មីៗនេះ ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក បានសម្តែងនូវ សេចក្តីពេញចិត្ត ចំពោះការវិវត្តនៃទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានពិភាក្សា និងមានទស្សនៈដូចគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត។
លោកតំណាងរាស្ត្រ បានអះអាង ជូនសម្តេចតេជោថាៈ សហរដ្ឋអាមេរិក ចាត់ទុកសម្តេចជា «មិត្ត» ហើយនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ដេច ខណៈពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មានភាពល្អប្រសើរ ជាងពេលណាៗទាំងអស់ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត កាលពី ៧២ ឆ្នាំមុន ហើយថា ប្រទេសទាំងពីរ នឹងក្លាយជាដៃគូនាពេលអនាគត។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក អំពីដំណើរការប្រជាធិបតេយ្យ នៅកម្ពុជា ជាពិសេស ការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ ដោយសេរី និងយុត្តិធម៌ នៅខែមិថុនា កន្លងមកនេះ និងការត្រៀមរៀបចំរបស់កម្ពុជា និងគណបក្សនយោបាយនានា សម្រាប់ការបោះឆ្នោតជាតិ នាពេលខាងមុខ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកតំណាងរាស្ត្រ ហ្គ្រឺហ្គូរី មីក ក៏បានផ្លាស់ប្តូរ ទស្សនៈ លើការវិវឌ្ឍសំខាន់ៗ ក្នុងតំបន់ និងសកលលោកផងដែរ រួមទាំងស្ថានការណ៍ នៅប្រទេសមីយ៉ាន់ម៉ា និងសង្រ្គាម នៅប្រទេសអ៊ុយក្រែន ហើយដែលក្នុងឱកាសនោះ លោកតំណាងរាស្ត្រ បានកោតសរសើរ សម្តេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់គោលជំហរ របស់កម្ពុជា ចំពោះសង្គ្រាមនៅអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា។

កិច្ចប្រជុំ បានប្រព្រឹត្តទៅដោយលក្ខណៈ ត្រង់ទៅត្រង់មក និងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល៕ V / N