ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង – សមាគមរោងម៉ាស៊ីនកិនស្រូវ និងក៏ជា ប្រធានក្រុមហ៊ុនបៃតង រួមជាមួយ លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ជាសមាជិក ព្រមទាំងក្រុមការងារដែលជាម្ចាស់រោងម៉ាស៊ីនដៃគូ កាលពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះពិនិត្យតាមដានតម្លៃស្រូវ លើមេការ នៃ ក្រុមហ៊ុនផ្ទាល់ មេការរោងម៉ាស៊ីនកិនស្រូវ និងឈ្មួញជាដៃគូ ដែលបាននឹងកំពុងមមាញឹក ដំណើរការលក់ ទិញស្រូវ ជាមួយប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

លោកឧកញ៉ា ភូ ពុយ បានទៅជួបជាមួយលោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក និង មន្ត្រីស្រុក មេឃុំ និងមេការរបស់ក្រុមហ៊ុនបៃតង មេការនៃម្ចាស់រោងម៉ាស៊ីន និងឈ្មួញដៃគូទិញ ស្រូវ ដែលដាក់គោលដៅទិញស្រូវ តាមគោលដៅនានា នៅតាមឃុំ និងនៅសាលាស្រុកនេះ និងក៏បានចុះទៅឃុំខ្នាចរមាស និងឃុំនានា នៅស្រុកបវេល ខេត្តបាត់ដំបង ផងដែរ។

លោកឧកញ៉ា ក៏បានទាក់ទងជាប្រចាំ ទៅគ្រប់មុខសញ្ញា ដូចខាងលើ ក៏ដូចជាជាមួយ ប្រធាន និងមន្ត្រីជំនាញពាណិជ្ជកម្ម ជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅខេត្តទាំងពីរ ក្នុងដំណើរចុះអន្តរាគមន៍ យុទ្ធនាការសម្រួបសម្រួល លក់ ទិញស្រូវរបស់ប្រជាកសិករ ដើម្បីផ្តល់ភាពកក់ក្តៅ លើការរក្សាលំនឹងអត្រាជើងកំពង់ទីផ្សារ (ហាងឆេង) តម្លៃស្រូវរដូវវស្សា ឆ្នាំ២០២២ ។

លោកឧកញ៉ ភូ ពុយ បានអះអាងថាៈ បំណងសំខាន់ដែលលោក និងក្រុមការងារ ចុះទៅត្រួត ពិនិត្យតាមដាន លើកិច្ចការដែលដាក់ឱ្យអនុវត្តបន្ទាន់ លើការទិញ លក់ស្រូវនេះ គឺដើម្បីធានាថា គោលការណ៍ ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ដែលដាក់ទៅហើយ ត្រូវអនុវត្តឱ្យបានរលូន លទ្ធផលល្អ និងមានប្រសិទ្ធភាព គឺថា តម្លៃកំណត់ត្រូវយកថ្លៃគោល ដូចជា សម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ (ស្រូវសើម) មិនឱ្យក្រោម ៩ បាត ឬ ១.០៤០ រៀល ក្នុង១គីឡូក្រាម នៅនឹងកន្លែង ទាំងនៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដែលជាខេត្តជង្រុកស្រូវវស្សាធំបង្អស់របស់ប្រទេស។

អត្រាជើងកំពុងទីផ្សារ (ហាងឆេង) តម្លៃដូចគ្នានេះ ឬខ្ពស់ជាង ឬទាបជាងនេះ គឺអាស្រ័យទៅ លើគុណភាពស្រូវ (ចំណី ) និងប្រភេទស្រូវ (ចំណី) ក្រអូបដែលត្រូវកិនជាអង្ករនាំចេញ ប្រភេទស្រូវ (ចំណី) ប្រណិត ត្រូវកិនជាអង្ករលក់ក្នុងស្រុក ប្រភេទស្រូវចំណីស្បៀង ដែលត្រូវកិនជាអង្ករ សម្រាប់ផលិត ច្នៃផ្សំជាចំណីអាហារផ្សេងៗទៀត។ ដូចជា ថ្លៃខ្ពស់ជាង ៩ បាត ពី១លេខ ដល់ ៩លេខ (ឬ៩១,….៩៨..បាត) ឬលើស​ ១.០៤០ ទៅ ១.២០០ រៀល ក្នុង១ គីឡូក្រាម និងថ្លៃទាបជាង ៩ បាត ឬ ១.០៤០ ក្នុង១ គីឡូក្រាម ជាដើម ។ ពោលគឺ ទោះក្នុងតម្លៃណាក៏ដោយ មេការក្រុមហ៊ុន មេការរោងម៉ាស៊ីន និងឈ្មួញដៃគូ ត្រូវតែវាយតម្លៃ និងជជែកតថ្លៃ ឱ្យរួសរាយ និងសមរម្យជាមួយ បងប្អូនប្រជាកសិករ ម្ចាស់ស្រូវ ហើយត្រូវតែ ទិញ ។ ត្រូវចៀសវាងដាច់ខាត ការបន្តុះបង្អាប់ ទម្លាក់ថ្លៃស្រូវ ដែលផ្ទុយពីគោលការណ៍ថ្លៃ និងគោលនយោបាយ របស់រាជរដ្ឋាភិបាល។

សូមរំលឹកដែរថា ដើម្បីបញ្ចៀសការទិញស្រូវ ទម្លាក់ថ្លៃស្រូវ ពីឈ្មួញមួយចំនួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាកសិករ ដោយផ្តល់ថវិកាបន្ថែម ចំនួន ១០ លានដុល្លារអាម៉េរិក ជាមូលនិធិទិញស្រូវ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់ ក្រុមហ៊ុនបៃតង និងរោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករ ស្របតាមតម្លៃគោល ឱ្យសមស្រប និងឱ្យបានទាន់ពេលវេលា៕ V / N