​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រោយ​ជប៉ុន​បំបាក់​អាល្លឺម៉ង់​កាល​ពី​ម្សិលមិញ កូរ៉េខាងត្បូង​ក៏​មាន​បំណង​បង្ក​ការខកចិត្ត​ធំ​ដល់​ក្រុម​អ៊ុយ​រូ​ហ្គាយ​នៅ​យប់​នេះ​ដែរ ស្រប​ពេល​ស្វីស ព័រ​ទុយ​ហ្គាល់ និង​ប្រេ​ស៊ីល​សង្ឃឹមថា​មិន​ភ្លាត់​ស្មើ​ឬ​ចាញ់​ខ្មាស់​គេ​ដូច​អា​ហ្សង់​ទី​ន​និង​អាល្លឺម៉ង់​។

– ស្វីស vs កា​មេ​រូ​ន (​ពូ​ល G)

* ស្វីស​បានឈ្នះ​ការប្រកួត​៣​លើក​ចុងក្រោយ​របស់​ពួកគេ ដោយ​ឈ្នះ​លើ​ក្រុមអេ​ស្ប៉ាញ ព័រ​ទុយ​ហ្គាល់ និង​សាធារណរដ្ឋ​ឆែក​។​
* កា​មេ​រូ​ន​បាន​ចាញ់​ការប្រកួត​វើល​ខាប់​៧​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* Breel Embolo ស៊ុត​គ្រាប់​បាល់​អន្តរជាតិ ៧ គ្រាប់​ចាប់តាំងពី​ដើមឆ្នាំ ២០២១ រួម​ទាំង​ការ​ស៊ុត​ចូល​២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ៣ លើក​ចុងក្រោយ​របស់​គេ​។​

​ស្វីស​ប្រហែលជា​បាន​ចាញ់ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ទល់​នឹង​ហ្គា​ណា​កាលពី​សប្តាហ៍​មុន​ក៏​ពិតមែន ប៉ុន្តែ​ពួកគេ​មាន​បទពិសោធន៍​ក្នុង​ការប្រកួត​វើល​ខាប់​យ៉ាង​ល្អ ហើយ​ពួកគេ​គួរតែ​អាច​ចាប់ផ្តើម​បាន​ល្អ​ក្នុង​ប្រទេស​កាតា​។​

​ពួកគេ​បាន​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៤ ដង​នៃ​វើល​ខា​ប់ ៥ លើក​ចុងក្រោយ​របស់​ពួកគេ ហើយ​មុនពេល​ចាញ់​ហ្គា​ណា ពួកគេ​បាន​ឈ្នះ ៣ ប្រកួត​ជាប់ៗ​គ្នា​លើ​ក្រុម​ព័រ​ទុយ​ហ្គាល់ អេ​ស្ប៉ាញ​និង​ឆែក​។​

​ប្រវត្តិសាស្ត្រ​វើល​ខាប់​របស់​កា​មេរូន​គឺ​មិន​សូវ​ល្អ​ទេ ដោយ​ក្រុម​តោ​កំណាច​អាហ្វ្រិក​នេះ​បាន​ឡើង​ដល់​វគ្គ​ជម្រុះ​តែ​ម្តង​គត់​ក្នុងការ​បង្ហាញ​ខ្លួន​ចំនួន ៧ ដង ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ ១៩៩០ ក្នុងសម័យ​កីឡាករ Roger Mila ។​

​ក្រុម​របស់​លោក Rigobert Song មិន​បាន​ត្រៀម​លក្ខណៈ​ល្អ​បំផុត​នោះ​ទេ ដោយ​មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​៤​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ហើយ​ក្រុម​ទាំងមូល​ខ្វះ​តារា​ល្បី​ប្រចាំ​ក្រុម ដោយ​មាន​តែ​កីឡាករ​លេចធ្លោ​តិចតួច​ដូចជា Karl Toko Ekambi, Eric Choupo-Moting, Bryan Mbeumo និង Vincent Aboubabakar ប៉ុណ្ណោះ​។​

​កា​មេ​រូ​ន​បាន​ខកខាន​វើល​ខាប់​២០១៨ ប៉ុន្តែ​ការ​បង្ហាញខ្លួន​ពីរ​លើក​មុន​របស់​ពួកគេ​គឺ​ក្នុង​ឆ្នាំ ២០១៤ និង ២០១០ បាន​ឃើញ​ពួក​គេ​ចាញ់​គ្រប់​ការប្រកួត​ទាំងអស់ ហើយ​ពួកគេ​ឥឡូវ​មក​ប្រឈម​មុខ​នឹង​ក្រុមស្វីស​ដែល​កំពុង​ឡើងជើង​។​

​ស្វីស​មាន​ភាគរយ​ឈ្នះ​ច្រើនជាង​កា​មេ​រូ​ន​នៅថ្ងៃនេះ ហើយ​ដោយហេតុ​ថា​កា​មេ​រូ​ន​ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​បរាជ័យ​៣​លើក​ចុងក្រោយ​របស់​ពួកគេ​ចាប់តាំងពី​ខែ​សីហា លទ្ធផល​ទស្សនទាយ​ល្អ​បំផុត​គឺ ស្វីស ១-០ ហ្គា​ណា​។​

– អ៊ុយ​រូ​ហ្គាយ vs កូរ៉េខាងត្បូង (​ពូ​ល H)

* អ៊ុយ​រូ​ហ្គាយ​ឈ្នះ ៧ ប្រកួត​នៃ​ការប្រកួត ៩ លើក​ចុងក្រោយ​របស់​ពួកគេ​ក្រោម​ការដឹកនាំ​របស់​លោក Diego Alonso​។​
* អ៊ុយ​រូ​ហ្គាយ​ឈ្នះ​ការប្រកួត​វើល​ខាប់ ៦ លើក​នៃ ៨ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* កូរ៉េខាងត្បូង​ចាញ់ ៦ លើក​នៃ​ការប្រកួត​វើល​ខាប់ ៩ លើក​ចុងក្រោយ​របស់​ពួកគេ​។

​អ៊ុយ​រូ​ហ្គាយ​ត្រូវបាន​ចាត់ទុក​ជា​សេះ​ខ្មៅ​នៅ​វើល​ខា​ប់ ដែល​មិន​អាច​មើលស្រាល​បានឡើយ ហើយ​ពួកគេ​ចាំបាច់​ត្រូវ​បើកឆាក​យកឈ្នះ​លើ​កូរ៉េខាងត្បូង​ឱ្យបាន​ដើម្បី​រក្សា​ជំហរ​សេះ​ខ្មៅ​របស់​ពួកគេ​។​

​ម្ចាស់​ជើងឯក​វើល​ខាប់​ពីរ​សម័យកាល​នេះ​មាន​កីឡាករ​ខ្លាំងៗ​ជាច្រើនរូប ដែល​គេ​មិនសូវ​ឱ្យ​តម្លៃ ហើយ​ពួកគេ​កំពុង​លេង​បាន​យ៉ាង​ល្អ​ក្រោម​ការដឹកនាំ​របស់​លោក Diego Alonso ដែល​បាន​ចូល​មក​ដឹកនាំ​កាល​ពី​មួយ​ឆ្នាំ​មុន និង​បាន​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ ៧ ពី​ការប្រកួត ៩ លើកចុងក្រោយ​។​

Jose Gimenez គឺជា​កំពូល​ខ្សែការពារ​ឆ្នើម​របស់​អ៊ុយ​រូ​ហ្គាយ ខណៈ​តំបន់​បម្រើ​គឺ​មាន​កីឡាករ Rodrigo Bentancur, Lucas Torreira និង​កីឡាករ​ឡើង​ជើង​ខ្លាំង Federico Valverde​។ ពួកគេ​មាន​កីឡាករ​ល្អ​លំដាប់​កំពូល​នៅ​តំបន់​ប្រយុទ្ធ គឺ​ការចាប់​ដៃគូ​គ្នា​រវាង​កីឡាករ Luis Suarez និង Edinson Cavani អម​ដោយ​កីឡាករ​ក្មេងៗ​មាន​ទេពកោសល្យ​ដូចជា Darwin Nunez និង Facundo Pellistri​។​

​កូរ៉េ​ខាងត្បូង​មាន​កំពូល​ខ្សែប្រយុទ្ធ​របស់​ខ្លួន​ផង​ដែរ គឺ Son Heung-min ខណៈ​រូបគេ​គ្រោង​នឹង​លេង​ជម្រើស​ដំបូង​ទាំង​ពាក់​របាំងមុខ​ការពារ​របួស​។​

​ក្រៅពី Son កូរ៉េខាងត្បូង​ក៏មាន​កីឡាករ​ល្អៗ​ប្រដម​ប្រស​ង​ជាមួយ​កីឡាករ​របស់​អ៊ុយ​រូ​ហ្គាយ​ផងដែរ​។​

​ការប្រកួត​វើល​ខា​ប់​ចុងក្រោយ​របស់​កូរ៉េ​ខាងត្បូង​គឺ​ជ័យជម្នះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​លើ​អាល្លឺម៉ង់ នៅ​ពេល​ពួកគេ​កេងចំណេញ​លើ​ភាព​ស្រែក​ឃ្លាន​ជ័យជម្នះ​របស់​អាល្លឺម៉ង់ តាមរយៈ​ការ​ស៊ុត​បាល់​ដាច់​មាត់​ពីរ​គ្រាប់ ប៉ុន្តែ​មុន​ជ័យជម្នះ​នោះ កូរ៉េខាងត្បូង​មិនដែល​ឈ្នះ ៨ ប្រកួត​ជាប់ៗ​គ្នា ដោយ​ចាញ់​ដល់​ទៅ ៦ ដង​។

​ដោយហេតុ​ថា​កូរ៉េ​ខាងត្បូង​និង​អ៊ុយ​រូ​ហ្គាយ​មាន​ប្រយុទ្ធ​ស្រួច​ប្រហែល​គ្នា និង​កីឡាករ​មាន​កម្លាំង​និង​សមត្ថភាព​ប្រហាក់ប្រហែលគ្នា លទ្ធផល​ទស្សនទាយ ១-១ ជា​ជម្រើស​ទំនង​បំផុត​។

– ព័រ​ទុយ​ហ្គាល vs ហ្គា​ណា (​ពូ​ល H)

* ព័រ​ទុយ​ហ្គាល់​នាំ​មុខតង់​ទី​១​នៅ​ជ័យជម្នះ​១០​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ជ័យជម្នះ​៣​លើក​ចុងក្រោយ​របស់​ពួកគេ​គឺ​មាន​ខ្សែការពារ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី ជាពិសេស Joao Cancelo ដែល​ស៊ុត​បាន​២​គ្រាប់​ក្នុងចំណោម​នោះ​។
* ព័រ​ទុយ​ហ្គាល់​តែងតែ​ស៊ុតនាំ​មុខ​មុន​ជានិច្ច​ក្នុង​ការប្រ​កួ​ត​ទាំងអស់​នៅ Euro 2020​។​

​ហ្គា​ណា​ចូល​មក​វើល​ខាប់​លើក​នេះ​ក្នុងនាម​ជា​ក្រុម​មាន​ចំណាត់ថ្នាក់ FIFA ទាប​ជាង​គេ ប៉ុន្តែ​នេះ​មិន​មានន័យថា​ពួកគេ​ជា​ក្រុម​នៅក្រៅ​សង្វៀន​នោះទេ​។ ពួកគេ​មាន​កីឡាករ​ទេពកោសល្យ​ច្រើន ជាពិសេស​ពួកគេ​បាន​បញ្ចុះបញ្ចូល​កីឡាករ​ក្រៅ​ប្រទេស​ឱ្យមក​ចូល​សញ្ជាតិ​និង​លេង​ឱ្យ​ពួកគេ​ជាច្រើន​នាក់​។​

Tariq Lamptey, Mohammed Salisu និង Inaki Williams សុទ្ធតែ​បាន​យល់ព្រម​ចូលរួម​ជាមួយហ្គា​ណា​នៅវើ​លខាប់​។ កីឡាករ​ខ្លាំងៗ​ទាំងនេះ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ចំណាត់ថ្នាក់ FIFA របស់​ពួកគេ​ទេ ខណៈ​តារា​រះ​ថ្មី​របស់ Ajax គឺ ខ្សែ​បម្រើ Mohammed Kudus ជា​កីឡាករ​លេចធ្លោ​បំផុត​របស់​ក្រុម​។ កីឡាករ​អាយុ​២២​ឆ្នាំ​រូប​នេះ​គឺជា​ការគំរាមកំហែង​នៅមុខ​ទី​គូ​ប្រកួត ហើយ​រូបគេ​មាន​សមត្ថភាព​ញាក់​ដាច់​ខ្សែការពារ​រឹងមាំ​នៅ​អឺរ៉ុប​។​

​ត្បិត​ហ្គា​ណា​មាន​កីឡាករ​ល្អៗ​ច្រើន តែ​ទោះ​យ៉ាងណា ពួក​គេ​គ្រាន់តែ​ជា​ក្រុម​ខ្សោយ​ជាង​បើ​ធៀប​នឹង​ព័រ​ទុយ​ហ្គាល់​។​

​ខណៈ​រឿង​រ៉ូ​ណាល់ដូ​ចាកចេញ​ពី Man U កំពុង​គ្របដណ្តប់​ទំព័រ​មុខកា​សែត​នានា ព័រ​ទុយ​ហ្គាល់​មាន​កីឡាករ​ទេពកោសល្យ​ច្រើន​រាប់​មិន​អស់​សម្រា​ប់​វើល​ខាប់​នៅ​កាតា​។ កីឡាករ​លេចធ្លោ​ដូចជា Diogo Costa, Nuno Mendes និង Rafael Leao បាន​ចូលរួម​ជាមួយ​កីឡាករ​លំដាប់​កំពូល​ទាំង ២៦ នាក់​ផ្សេង​ទៀត​សម្រាប់​ក្រុម​វើល​ខា​ប់​។

​ខណៈ​ពួកគេ​នៅតែ​ស្ថិតក្រោម​ការដឹកនាំ​របស់លោក Fernando Santos ដែល​ឈ្នះ​ពាន Euro 2016 ក្រុម​ទាំងមូល​បាន​វិវត្តពី​ក្រុមការពារ​មក​ជា​ក្រុមវាយ​សម្រុក​វិញ​។ ពួកគេ​បាន​ស​បញ្ជាក់​អំពី​ផ្នត់គំនិត​ប្រយុទ្ធ ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី​ពី​ខ្សែការពារ​ជា​ហូរហែ​។ Joao Cancelo ស៊ុត​ចូល​គ្រាប់​អន្តរជាតិ ៧ គ្រាប់ រួមទាំង​២​គ្រាប់​ស៊ុត​ចូល​ថ្មីៗ​បំផុត​នេះ​ផងដែរ​។

​ជ័យជម្នះ​៣​លើក​ចុងក្រោយ​របស់​ព័រ​ទុយ​ហ្គាល់​គឺ​មាន​ខ្សែការពារ​ចូលរួម​ស៊ុត​ជានិច្ច​។ ផ្អែក​លើ​ចំណុច​នេះ បើទោះបីជា​ប្រយុទ្ធ​របស់​ព័រ​ទុយ​ហ្គាល់​ពិបាក​បំបែក​តំបន់​ការពា​ររបស់​ហ្គា​ណា ក៏​នៅ​មាន​ខ្សែការពារ​ចាំ​ជួយ​ស៊ុត​បញ្ចូល​ទី​ជំនួស​ដែរ​។

​លទ្ធផល​ព្យាករណ៍ ព័រ​ទុយ​ហ្គាល់​ឈ្នះ ៤-១​។​

– ប្រេ​ស៊ីល vs សែ​ប៊ី (​ពូ​ល G)

* សែ​ប៊ី​ស៊ុត​ចូលដល់​ទៅ​១៨​គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខា​ប់​៨​លើក​។​
* សែ​ប៊ី​ស៊ុ​តចូល ១៣ គ្រាប់​ក្នុង​ការប្រកួត Nations League ៥​ប្រកួត​ចុងក្រោយ ដោយ​នាំ​ឱ្យ​ពួក​គេ​ឡើង​មក​លី​ក​កំពូល​។​
* ប្រេ​ស៊ីលស៊ុ​តចូល ៣ គ្រាប់​ឡើងទៅ​នៅ ៧ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ម្ចាស់​ជើងឯក​វើល​ខា​ប់​៥​សម័យ​មួយ​នេះ​ឈ្នះ​វើល​ខាប់ ៧៣ ប្រកួត​ច្រើនជាង​ក្រុម​ណាៗ​ទាំងអស់​។

​ប្រេ​ស៊ីល​បាន​ចូល​មកវើ​លខាប់​នៅ​កាតាជា​មួយ​ក្តីសង្ឃឹម​ឈ្នះ​ពាន​ខ្ពស់​ជាងគេ​។ ការ​ប៉ះ​សែ​ប៊ី​គឺជា​សាកល្បង​ថ្វី​ជើងល្អ​បំផុត​សម្រាប់​ក្រុម​សាំ​បា ដោយហេតុ​ថា​ពួកគេ​បាន​ផ្តួល​ព័រ​ទុយ​ហ្គាល់​ក្នុង​វគ្គ​ជម្រុះ ហើយ​ដូច្នេះ​ស​បញ្ជាក់​ថា​សែ​ប៊ីមាន​កីឡាករ​គុណភាព​ច្រើន​។​

​ទោះយ៉ាងណា នេះ​មើលទៅ​ដូចជា​ក្រុមប្រេ​ស៊ីល​ដែល​កំពុងលេ​ងដល់​ចំណុចកំពូល​។ ពួកគេ​បាន​ប្រកួត​ជម្រុះ​វើល​ខាប់​នៅ​អាម៉េរិក​ឡាទីន​ដោយ​មិន​ស្គាល់​ពាក្យ​ចាញ់​នោះឡើយ ចឹង​តើ​ពួកគេ​អាច​ឈ្នះ​សែ​ប៊ី​ងាយៗ​បានទេ​?

​សែ​ប៊ី​រកបាន ១៨ គ្រាប់​ក្នុង​ការប្រកួត​ជម្រុះ​វើល​ខា​ប់ ដែល​ជួយ​ឱ្យ​ពួកគេ​រក្សា​ភាព​មិន​ស្គាល់​ចាញ់​ក្នុង​ពូ​ល​របស់​ពួកគេ បើទោះបីជា​បាន​របូត​គ្រាប់​បាល់​ច្រើន​ជាង​ទាំង​ព័រ​ទុយ​ហ្គាល់​និង​សាធារណរដ្ឋ​អៀរ​ឡង់​ក៏ដោយ​។ ពួកគេ​បាន​បង្ហាញ​ពី​ភាពខ្លាំង​ខាង​ការប្រយុទ្ធ​របស់​ពួកគេ​នៅ​ក្នុង​ការប្រកួត Nations League ក្នុង​ឆ្នាំនេះ ដោយ​រកបាន ១៣ គ្រាប់​ក្នុង​ការប្រកួត​ចំនួន ៥ លើក​ចុងក្រោយ​របស់​ពួកគេ ខណៈ​ពួកគេ​ទទួលបាន ១៣ ពិន្ទុ​ដើម្បី​ឡើង​ទៅ​កាន់​ក្របខ័ណ្ឌ​លី​ក​កំពូល​នៃ Nations League​។​

​សែ​ប៊ីលេង​ស្ទីល​វាយលុក​ស្វាហាប់​មិន​ព្រម​ដក​ដៃ​ដោយ​ប្រើ​ខ្សែការពារ​ស្លាប​មកជួយ​វាយលុក​បន្ថែម ក្នុងនោះ​កីឡាករ Filip Kostic បង្ក​ការ​គំរាម​ខ្លាំងជាងគេ​ពី​ស្លាប​ឆ្វេង​។ នៅ​តំបន់​ប្រយុទ្ធ ពួកគេ​មាន​ខ្សែ​ប្រយុទ្ធ Aleksandar Mitrovic, Dusan Vlahovic និង Luka Jovic (​របួស​)​។ នៅ​តំបន់​កណ្តាល សែ​ប៊ីមាន​កីឡាករ Sergej Milinkovic-Savic និង Dusan Tadic ដែល​លេង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដូច្នេះ​សែ​ប៊ីមាន​ក្រុមដ៏​ខ្លាំង​គួរសម​ដែរ​។​

​ទោះយ៉ាងណា​ក៏ដោយ ប្រេ​ស៊ីល​មាន​កីឡាក​របង្ក​គ្រោះថ្នាក់​គ្រប់​តំបន់​ទាំងអស់​។ ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​លើសពី​៣​គ្រាប់​ក្នុង​៧​ប្រកួត​ចុងក្រោយ​របស់​ពួកគេ ដោយ​ស៊ុត​បញ្ចូល​ទី​សរុប ២៦ គ្រាប់​នៅ​ក្នុង​ការប្រកួត​ទាំងនោះ​។ ខណៈ Neymar នៅតែ​ជា​តួឯក​សម្រាប់ប្រេ​ស៊ីល កីឡាករ Richarlison របស់ Tottenham គឺជា​ខ្សែប្រយុទ្ធ​លេខ​៩​ចំ​តួ ហើយ​កំណត់​ត្រា​របស់​គេ​ចុងក្រោយ​នេះ​គឺ​អស្ចារ្យ​ខ្លាំងណាស់​។ រូបគេ​ស៊ុត​បាន​៧​គ្រាប់​ក្នុង​ការប្រកួត​អន្តរជាតិ ៦ លើកចុងក្រោយ​។ រូបគេ​បាន​បង្ហាញ​ពី​កាយសម្បទា​ដ៏​រឹងមាំ​ជាមួយនឹង​ការ​ស៊ុត​បែប​កន្ត្រៃ​ហោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​ការហ្វឹកហាត់ ហើយ​រូបគេ​ពិតជា​អាច​ទម្លុះ​សំណាញ់​ទី​របស់​សែ​ប៊ី ពី​ការជួយ​បញ្ជូន​បាល់​ស្អាតៗ​ពី​មិត្ត​រួម​ក្រុម​។​

​លទ្ធផល​ព្យាករណ៍ ប្រេ​ស៊ីល​ឈ្នះ ៤-១៕

​កូរ៉េខាងត្បូង​អាចធ្វើឱ្យ​អ៊ុយ​រូ​ហ្គាយ​ខកចិត្ត​ដែរទេ​?​