ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បន្ទាប់ពីខកខានដោយសារ បញ្ហាការរីករាលដាល នៃកូវីដ-១៩ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិ អណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារ បានអញ្ជើញប្រគល់អណ្ដូងទឹកស្អាត ចំនួន ១០ អណ្តូង ជូនដល់ប្រជាពលរដ្ឋ រស់នៅឃុំចំនួនបី រួមមាន ឃុំរយ៉ ឃុំស្រែសង្គម និងឃុំអបួន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋអាស្រ័យផល នៃអណ្តូងទឹកទាំងអស់ លោកស្រី ប្រធានមូលនិធិ បានឱ្យដឹងថាៈ អណ្តូងទឹកទាំងនេះ រួមមាន អំណោយរបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយ បង្កើតសម្តេចតេជោ ហ៊ុន សែន មានចំនួន ៣ អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៧ អណ្តូង ដែលផ្ដល់ជូន លោកយាយ លោកតា ក្នុងស្រុកកោះញែក នេះ បានប្រើប្រាស់ តាមតម្រូវការ ក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែររដូវប្រាំង រាំងស្ងួត ក៏ខិតជិតចូលមកដល់ផងដែរ។

នៅតាមទីតាំងប្រគល់អណ្ដូងទឹកនីមួយៗ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំនូវ ការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថាៈ សម្តេចទាំងទ្វេ លោកតែងតែគិតគូរ ពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូទៅ នៅគ្រប់ទីកន្លែង។ ពិសេស ការផ្តល់អណ្តូងទឹកស្អាត នាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅតាមទីជនបទ ឱ្យមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។

លោកស្រី ប្រធានមូលនិធិ បានឱ្យដឹងទៀតថាៈ ដើម្បីឱ្យការប្រើប្រាស់ អណ្តូងទឹកទាំងនេះ បានយូអង្វែង សូមលោកយាយ លោកតា បងប្អូន ដែលអាស្រ័យផលអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងនេះ ទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួម នៅក្នុងសហគមន៍ ។
ខណៈនោះដែរ បន្ទាប់ពីមានការស្នើសុំបន្ថែម ពីប្រជាពលរដ្ឋ នៅក្នុងឃុំស្រែសង្គម លោកស្រី ប្រធាន ក៏បានថែមជួនចំនួន បីបន្ថែមទៀត និងក្នុងឃុំសុខសាន្ត ចំនួន ១០ អណ្តូង។ លោកស្រី បានបញ្ជាក់ថាៈ យើងមានឱកាស បានកសាងនូវសមិទ្ធផលទាំងនេះ គឺដោយសារប្រទេសជាតិ មានសុខសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍន៍ ដូច្នេះសូមលោកយាយ លោកតា ពលរដ្ឋ ទាំងអស់ រួមគ្នាបន្តថែរក្សាសុខសន្តិភាព ឱ្យបានគង់ទៅមុខទៀត។

ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកស្អាតទាំងអស់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ បំផុត ចំពោះ ម្ចាស់អំណោយទាំងពីរខាងលើ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចង្អុលបង្ហាញ គិតគូរដល់ជីវភាព ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែលត្រូវការចាំបាច់ នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។

សូមជម្រាបថា ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកស្រី ប្រធានមូលនិធិ ក៏បានចែកជូននូវអំណោយ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទរ នៅក្នុងពិធីប្រគល់អណ្ដូងទឹក គ្រប់ទីតាំងទាំង ១០ នេះផងដែរ។

លើសពីនោះទៀត លោកស្រីប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាល ដោយផ្ទាល់ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ ប្រសិនបើមានប្រជាពលរដ្ឋណា មានបញ្ហាសុខភាព៕ V / N