​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖​ក្មេងប្រុស​អាយុ​ប្រាំ​មួយឆ្នាំ​ម្នាក់​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បន្ទាប់ពី​ចំណាយ​ពេល​ពីរ​ថ្ងៃ​ជាប់​នៅក្រោម​កម្ទេច​​កម្ទី​ដោយ​គ្មាន​អាហា​រឬទឹក​ក្នុង​ការជួយ​សង្គ្រោះ “​ដ៏​អព្ភូតហេតុ​”​។​

​ការសង្គ្រោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​បាន​ថត​ដោយ​កាមេរ៉ា​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២៣​វិច្ឆិកា បាន​ធ្វើឱ្យ​មាន​ក្តីសង្ឃឹម​ឡើងវិញ​ថា អ្នក​នៅ​រស់រាន​មានជីវិត​អាច​នៅ​តែ​ត្រូវ​បាន​ទាញ​ចេញពី​កម្ទេចកម្ទី ជាច្រើន​ថ្ងៃ​បន្ទាប់​ពី​រញ្ជួយ​ខ្លាំងក្លា​បាន​វាយប្រហារ​ទីប្រជុំជន​ឆន់​ហ្សួ​រ (Cianjur) នៅ​កោះ​ជ្វា​ខាងលិច​កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៧១ នាក់​។​

​លោក ជេ​កសិន (Jeksen) អ្នកស្ម័គ្រចិត្ត​ក្នុងស្រុក​អាយុ ២៨ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​វិច្ឆិកា​ថា “​នៅពេលដែល​យើង​ដឹងថា អា​សកា (Azka)​នៅមាន​​ជីវិត មនុស្ស​គ្រប់គ្នា​បាន​ស្រក់​ទឹកភ្នែក រួម​ទាំង​ខ្ញុំ​ផងដែរ​។ វា​ពិតជា​រំភើប​ណាស់ វា​មាន​អារម្មណ៍​ដូចជា​អព្ភូតហេតុ​អ៊ីចឹង​”​។​

​វីដេអូ​បានបង្ហាញ​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាញ​ក្មេងប្រុស​អា​សកា​ចេញពីផ្ទះ​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​សង្កាត់​គូ​ហ្គេន​ណាង (Cugenang) នៃ​ទីប្រជុំជន​ស៊ី​យ៉ាន​ជួ ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​​ពាក់អាវ​ពណ៌​ខៀវ​និង​ខោ​វែង ដែល​រូបគេ​មាន នៅពេល​ជាប់​ក្រោម​គំនរ​បាក់បែក​។​

​វីដេអូ​ចេញផ្សាយ​ដោយ​រដ្ឋបាល​ស្រុក​បូ​ហ្គ័​រ (Bogor) នៃ​កោះ​ជ្វា​ខាងលិច​បាន​បង្ហាញ បុរស​ម្នាក់ ដែល​បាន​ទាញ​ក្មេង​ចេញពី​រន្ធ​ដែល​បានកាត់​ពី​ផ្ទាំង​កម្ទេច​ថ្ម បាន​ចាប់ទាញ​ក្មេង​ដោយ​ដៃ​ទាំង​ទ្វេ ខណៈ​អ្នក​ជួយសង្គ្រោះ​ម្នាក់​ទៀត​ពាក់មួក​ពណ៌​ទឹកក្រូច​បាន​រត់តាម​ពួកគេ​ដើម្បី​ជួយ​កាន់​ដៃ​ក្មេងប្រុស​នោះ​។​

​អា​សកា ដែល​ដូច​ជនជាតិ​ឥណ្ឌូណេស៊ី​ជាច្រើន​ទៀត​ដែល​មាន​ឈ្មោះ​តែ​មួយ​ឃ្លាៗ បន្ទាប់មក​បាន​អង្គុយ​ផឹក​ភេសជ្ជៈ​យ៉ាង​ត្រជាក់ចិត្ត ខណៈ​បុគ្គលិក​សង្គ្រោះបន្ទាន់​ម្នាក់​ទៀត​បាន​អង្អែល​ក្បាល​របស់​គេ​៕

ក្មេងប្រុស​ឈ្មោះ អា​សកា ត្រូវ​បាន​ទាញ​ចេញពី​គំនរ​បាក់បែក​ទាំង​មិន​មានរ​បួស​អ្វី​ទាំងអស់