ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រភេទកីឡារាំ បានចាប់ផ្ដើមប្រកួតហើយ ដោយក្រសួងមហាផ្ទៃ បានមេដាយ នាំមុខគេជាបណ្ដោះអាសន្ន។ថ្ងៃដំបូងនៃការប្រកួតកីឡារំា ដែលលេងបាន ១ វិញ្ញាសា ចង្វាក់ក្បាច់ Standard 5 Dance (កម្រិត A) បានបញ្ចប់ដោយមេដាយមាស បានទៅលើ កីឡាករ សាន រ៉ូហ្សា និងកីឡាការិនី ភុន ស៊ីវុត្រា មកពីក្រសួងមហាផ្ទៃ, មេដាយប្រាក់ បានទៅលើ កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា មកពីក្រសួងមហាផ្ទៃ ខណៈមេដាយសំរឹទ្ធិ បានទៅលើ កីឡាករ កីឡាការិនី សេង សុគ័ង និង ឱ រចនី មកពីខេត្តកណ្តាល។

អគ្គលេខាធិការសហព័ន្ធ អ្នកស្រី ហង់ ស៊ីមន បានបញ្ជាក់ថាៈ ការប្រកួតនេះ មានប្រតិភូ កីឡាករ កីឡាការិនី សរុប ៣៩ នាក់ មកពី ៤ ក្រសួង ខេត្ត ដោយប្រកួតលើវិញ្ញាសា ចំនួន៤ គឺវិញ្ញាសារាំគូ Latin 5 Dance (កម្រិត A), វិញ្ញាសារាំគូ Standard 5 Dance (កម្រិត A), វិញ្ញាសា Breaking Dance B Boy 1 និងវិញ្ញាសា Breaking Dance B Girl 1។

ការរៀបចំប្រកួត នៃកីឡាជាតិលើកទី៣នេះ គឺក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជា ឱ្យដូចបណ្តា ប្រទេសនានា បង្កើតឱកាសឱ្យយុវវ័យបង្ហាញ នូវជំនាញរាំអន្តរជាតិ ពិតប្រាកដ និងជំរុញលើក
ទឹកចិត្តឱ្យយុវវ័យ ចេះហ្វឹកហាត់ ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើប ទាន់សម័យ។

ព្រឹត្តិការណ៍កីឡាជាតិនេះ ក៏បានដុសខាត់សមត្ថភាព មន្ត្រីរៀបចំបច្ចេកទេស ឱ្យកាន់តែល្អ ប្រសើរ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ។

អ្នកស្រី អគ្គលេខាធិការ បានបន្ថែមថាៈ ពិសេសកម្មវិធីរបស់សហព័ន្ធ នឹងផ្ដល់ឱកាសដល់ យុវជន និងយុវនារី ដែលមានទេពកោសល្យ និងជំនាញរាំច្បាស់លាស់ ឱ្យក្លាយជាកីឡាករ កីឡាការិនីជាតិ របស់សហព័ន្ធ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែម ពីសហព័ន្ធជាតិ និងអន្តរជាតិ។

សហព័ន្ធ ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភ គាំទ្រទាំងថវិកា និងកម្លាំងកាយចិត្តពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការ CAMSOC គណៈកម្មការជាតិអូឡាំពិកកម្ពុជា លោកស្រី ប្រធាន លោកស្រី អនុប្រធាន លោកឧកញ៉ា អនុប្រធាន លោកគ្រូ អ្នកគ្រូ និងក្រុមគណៈកម្មការទាំងអស់ នៃសហព័ន្ធកីឡារាំកម្ពុជា៕ V / N