ដោយៈប.ខុន / ភ្នំពេញៈ ការដ្ឋានស្ដារឡើងវិញ នូវផ្លូវជនបទ ដោយចាក់ក្រាលបេតុង ប្រវែង ១១.៥០០ ម៉ែត្រ  នៅក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្របតាមបណ្ដោយដងទន្លេមេគង្គ ត្រូវបានបើកដំណើរការសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាចំណងដៃថ្មីមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ក្នុងស្រុកក្រូចឆ្មារ តាមរយៈក្រសួងអភិវឌ្ឍន៍ ជនបទ។ ពិធីនេះ បានធ្វើឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាក្ដុលលើ ភូមិក្ដុលលើ ឃុំទ្រាស្រុក ក្រូចឆ្មារខេត្តត្បូងឃ្មុំ ។

លោក គង់ ភឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍ថាៈ ផ្លូវបេតុង ដែលកំពុងប្រារព្ធពិធីស្ដារ ឡើងវិញនេះ មានប្រវែង ១១.៥០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងមានចិញ្ចើម ១ម៉ែត្រ អមសងខាងផ្លូវ ដែលមានទីតាំងតភ្ជាប់ពីឃុំទ្រា រហូតទៅដល់ឃុំក្រូចឆ្មារ ត្រង់ចំណុចស្ពាន ព្រែកតាឌួង ក្នុងភូមិសាស្ត្រ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ស្របនៅតាមបណ្ដោយដងទន្លេមេគង្គ។ ផ្លូវនេះ បានសាងសង់ នៅឆ្នាំ២០១២ ជាផ្លូវក្រាលកៅស៊ូ ក្រោមហិរញ្ញប្បទាន ពីធនាគារ អភិវឌ្ឍន៍អាស៊ី មានទទឺង ៥ ម៉ែត្រ។ ការស្ដារឡើងវិញ កំណាត់ផ្លូវនេះ ស្របពេលដែល កំណាត់ផ្លូវបេតុង ចាប់ពីគល់ស្ពានគីហ្សូណា មកដល់ភូមិសាស្ត្រឃុំទ្រា បានសាងសង់រួច និងមានទំហំធំរួចជាស្រេច ។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះបងប្អូន ប្រជាពលរដ្ឋ នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងបានសុំ ការយោគយល់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានគេហដ្ឋាន ឬធ្វើដំណើរលើផ្លូវនេះ អាចនឹងជួបការលំបាក ឬហុយធូលីដី ជាដើម ក្នុងពេលផ្លូវនេះ កំពុងស្ថាបនា។ ប៉ុន្តែពេលស្ថាបនារួច ច្បាស់ណាស់ បងប្អូនប្រជាពលរដ្ឋ នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរជាក់ជាមិនខាន។

លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថាៈ ផ្លូវនេះជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយប្រើប្រាស់ថវិកាជាតិ និងត្រូវប្រើ ប្រាស់ រយៈពេលសាងសង់ ២៥ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាស្ដារឡើងវិញ ដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្រោមអាណាប័កថវិកា របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ គោលបំណង គោលនយោបាយអភិវឌ្ឍន៍ផ្លូវជនបទថាៈ នៅឆ្នាំ២០៣០ គ្រប់ភូមិ ឃុំ ត្រូវបានតភ្ជាប់ និងមានផ្លូវប្រើប្រាស់គ្រប់គ្រាន់ និងយ៉ាងហោច ណាស់ ក៏បាន ៧៥ ភាគរយ នៅក្នុងភូមិទូទាំងប្រទេស មានផ្លូវប្រើប្រាស់ គ្រប់រដូវកាល។

បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវសិទ្ធិរបស់ខ្លួន។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ ព្រមទាំងបានអំ ពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រុងរឿង ថែមទៀតដោយគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងគាំទ្រលោកបណ្ឌិត  ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន នាពេលអនាគត ដើម្បីកម្ពុជាបន្តរក្សាបាននូវ សុខសន្តិភាព និង ការអភិវឌ្ឍប្រទេសជាតិ៕ V / N