ដោយៈ សុផល / ពោធិ៍សាត់៖ ក្រសួងទេសចរណ៍ កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសឲ្យដំណើរការជាផ្លូវការ កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) ក្នុងខេត្តពោធិ៍ សម្រាប់ឆ្នាំ២០២១-២០២៤ ។

កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) នេះ នឹងចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការផ្តល់នូវច្រកសិក្សា ជំនាញវិជ្ជាជីវៈ ដល់យុវជន យុវនារី និងអ្នកជំនាញកម្រិតទាប ក្នុងខេត្ត ដើម្បីទទួលបាន ឱកាសការងារ និងបង្កើនប្រាក់ចំណូលសមរម្យ ក៏ដូចជា ចូលរួមពង្រឹងសមត្ថភាព​មន្ត្រីជំនាញមន្ទីរទេសចរណ៍ ដើម្បីមានមូលដ្ឋានធនធាន គ្រូបង្គោល សម្រាប់និរន្តភាព ការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ក្នុងខេត្តពោធិ៍សាត់ ផងដែរ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថាៈ ការដាក់ បញ្ចូលខេត្តពោធិ៍សាត់ ទៅក្នុងគោលដៅគម្រោង សម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច​នេះ គឺជាយុទ្ធសាស្ត្រមួយ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ដើម្បីជំរុញលើកកម្ពស់គុណភាព សេវាកម្មទេសចរ​ក្នុងខេត្តឲ្យបានកាន់ល្អប្រសើរ​តាមរយៈការពង្រឹង សមត្ថភាពវិជ្ជាជីវៈ របស់បុគ្គលិក ខណៈខេត្តពោធិ៍សាត់ កំពុងក្លាយជា គោលដៅទាក់ទាញថ្មី សម្រាប់ទេសចរ តាមរយៈការអភិវឌ្ឍន៍គោលដៅទេសចរណ៍ថ្មីៗ​ជាពិសេសនៅជុំវិញខេត្ត តំបន់វាលវែង និងតំបន់ថ្មដា ផងដែរ។

លោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ ស្វីសខនថាក់ បានថ្លែងថាៈ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នៅក្នុងខេត្តពោធិ៍សាត់នេះ ជាគោលដៅថ្មីរបស់ កម្មវិធីអភិវឌ្ឍន៍ជំនាញ ដែលអង្គការ ស្វីសខន់ថាក់ កំពុងយកចិត្តទុកដាក់ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលកន្លងមក គម្រោងបានគាំទ្រតែខេត្តចំនួន ៥ ប៉ុណ្ណោះ នៅភូមិភាគឦសាន រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងខេត្តមណ្ឌលគិរី។

លោកបានបន្តទៀតថាៈ អង្គការ​ស្វីសខន់ថាក់ នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយដៃគូ​អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីគៀងគរប្រភពធនធាន និងបច្ចេកទេស សំដៅគាំទ្រការ បណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា នេះ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេស ការពង្រីកវិសាលភាព ទៅកាន់ខេត្តផ្សេងៗ ទូទាំងប្រទេស។

សូមរំលឹកផងដែរថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ជាសមាសធាតុ មួយរបស់ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលទទួលបានការគាំទ្រថវិកា ពីទីភ្នាក់ងារស្វីស​សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អនុវត្តគម្រោង ដោយអង្គការ ស្វីសខន់ថាក់ ដោយគាំទ្រក្រសួងទេសចរណ៍ តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីធ្វើការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ចដល់យុវជន យុវនារី អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងសហគមន៍ទេសចរណ៍ នៅខេត្តចំនួន ៥ នៅភូមិភាគឦសាន និងបានពង្រីក វិសាលភាពការបណ្តុះបណ្តាល ដល់ខេត្តចំនួន ៥ ទៀត នៅជុំវិញបឹងទន្លេសាប។
ត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ គណៈកម្មការគ្រប់គ្រងគម្រោង​ហូកា បានធ្វើការបណ្តុះ​បណ្តាល អ្នកជំនាញទេសចរណ៍ សរុបចំនួន ១.១២៣ នាក់ (ស្រី៧៤៥នាក់) លើជំនាញគេហកិច្ច ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចុងភៅ និងជំនាញឆុងកាហ្វេ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គការ ស្វីសខន់ថាក់ មន្ទីរទេសចរណ៍ខេត្តគោលដៅ គម្រោង និងបានពង្រីកទំនាក់ទំនង ជាមួយដៃគូចម្បងៗ រួមមាន មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) អង្គការអន្តរជាតិខាងការងារ (ILO) អង្គការ UNIDO ជាដើម៕ V / N