ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីដំណើរការ ៥ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ នោះ ប្រភេទកីឡាឃីកបុកស៊ីង (Kick Boxing) បានបញ្ចប់ហើយ ដោយក្រសួងមហាផ្ទៃ ប្រជែងបានមេដាយលើសគេ។

លោក ហេង សុខឃន ប្រធានសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំដោយរលូន ទាំងមន្ដ្រីបច្ចេកទេស និងការប្រកួតប្រជែង របស់កីឡាករ កីឡាការិនី ដែលជាសញ្ញាណវិជ្ជមាន មួយ សម្រាប់ការត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ចំពោះលទ្ធផល នៃប្រភេទកីឡា ដ៏មានសក្ដានុពលរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាជាតិ ខាងលើ ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយ ច្រើនជាងគេ សរុប ៩គ្រឿង (មាស ៦ ប្រាក់១ និងសំរឹទ្ធ ២) គឺដណ្ដើមបានមេដាយមាស ពាក់កណ្ដាល ក្នុងចំណោមវិញ្ញាសា សរុបទាំង ១២។

ក្លិបក្រសួងការពារជាតិ លេខ២ ដណ្ដើមបានមេដាយមាស ៥ និងប្រាក់ ១។ រីឯខេត្តស្វាយរៀង ឈរលេខ៣ ឈ្នះមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ២ និងខេត្តបាត់ដំបង ឈរលេខ៤ ឈ្នះមេដាយប្រាក់ ៤ និងសំរឹទ្ធ ២៕/V-PC