ដោយៈ មុនីរ័ត្ន / ភ្នំពេញ ៖ នៅក្នុងឆ្នាំសិក្សា ២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកស្រី កែ សួនសុភី បានផ្តល់ជូនអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញារង ១០០% ចំនួន ២៨០ កន្លែង ដល់សិស្ស-និស្សិត ទាំង ៣ ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី។

បើតាមសេចក្តីជូនដំណឹងរបស់ ក្រុមការងារអាហារូបករណ័ ស សុខា បានបញ្ជាក់ថាៈ សម្រាប់អាហារូបករណ៍របស់លោក ស សុខា និងលោកស្រី សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទាំង ២៨០ កន្លែង រួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% លើថ្លៃសិក្សា ចំនួន ៣០ កន្លែង ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ១០០% លើថ្លៃសិក្សា ចំនួន ២៥០ កន្លែង ។

សេចក្តីជូនដំណឹងដដែល ក៏បានកំណត់ អំពីកាលបរិច្ឆេទទទួលពាក្យ និងចូលរៀន។ ក្នុងនោះ ការទទួលពាក្យស្នើសុំ អាហារូបករណ៍ ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលរៀន លើកទី១ និងរហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ ។ ចំណែកឯការចូលរៀនលើកទី១ នៅថ្ងៃទី៦ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣៕/V-PC