ដោយៈ សុផល / ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភា នៃសធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសដែលលោកស្រី ប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ ដ៏កក់ក្តៅចំពោះ លោកស្រី ប្រធានរដ្ឋសភា នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួម មហាសន្និបាតអាយប៉ា លើកទី៤៣ នាពេលនេះ។ វត្តមានរបស់ លោកស្រី និងគណៈប្រតិភូ នាពេលនេះ ពិតជាបានរួមចំណែក​ដល់ការពង្រឹងពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស សភា និងប្រជាជនទាំងពីរ។

ក្នុងឱកាសនោះ លោកស្រី ប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ បានសម្តែងនូវ ការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសភាកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំមហាសន្និបាត​អន្តរសភាអាស៊ាន លើកទី៤៣ ដោយទទួលបានជោគជ័យ និងសមិទ្ធផលសំខាន់ៗ។

លោកស្រី ប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ បានបង្ហាញអំពីមនោសញ្ចេសនា ដ៏ជ្រាលជ្រៅ ចំពោះប្រទេសកម្ពុជា បើទោះបីប្រទេសទាំងពីរ មានភូមិសាស្ត្រខុសគ្នា និងឆ្ងាយពីគ្នាក៏ដោយ ក៏ប្រទេសទំាងពីរ ហាក់ដូចជានៅជិតគ្នា។ លោកស្រី បានរំលឹកអំពីទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៩៤។ សាធារណរដ្ឋ អាស៊ែបៃហ្សង់ មាននិវេសនដ្ឋាន នៅប្រទេសវៀតណាម ចំណែកឯព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាន នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី។ ស្ថានតំណាងនៃប្រទេស​ទាំងពីរ តែងតែមានទំនាក់ទំនង ជាមួយគ្នាយ៉ាងជិតស្និទ្ធ ។ ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏បានបង្កើតក្រុមមិត្តភាព រវាងសភា នៃប្រទេសទាំងពីរ ផងដែរ។ ទំនាក់ទំនងសភា នៃប្រទេស​ទាំងពីរ ពិតជាបានដើរតួនាទីយ៉ាង សំខាន់។ ដូចនេះសភានៃប្រទេសទាំងពីរ គួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត។

លោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា ជ្រាបថាៈ ប្រទេសទាំងពីរ មានឯកសារសំខាន់ចំនួន ៣ កំពុងពិភាក្សា ហើយ​ឯកសារចំនួន ២ ​ត្រូវបាន ចុះហត្ថលេខារួចហើយ។ សភានៃប្រទេសទាំងពីរ ត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីជួយដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើន ឡើងថែមទៀត។

លោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណ ចំពោះសភាកម្ពុជា ដែលបាន គាំទ្រសភាអាស៊ែបៃហ្សង់ ជាអ្នកសង្កេតការណ៍ពេញសិទ្ធិ នៃមហាសន្និបាតអន្តរសភា ​អាស៊ាន។ ជាមួយគ្នានេះ លោកស្រី បានគោរពអញ្ជើញ សម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញ ទស្សនកិច្ច ជាផ្លូវការ នៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ ក្នុងពេលវេលាសមស្របណាមួយ។

ក្នុងឱកាសនោះផងដែរ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត ដោយមើលឃើញ ទំនាក់ទំនង រវាងប្រទេសទាំងពីរ បន្តរីកចម្រើន ជាបន្តបន្ទាប់។ ការរីកចម្រើននេះ ស្តែងឡើង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមក រវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ សមាជិក សភាកម្ពុជា ចូលរួមបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ ជាពិសេសការអញ្ជើញ បំពេញទស្សនកិច្ច នៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ ជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ​២០១៤ កន្លងទៅ។

សម្តេចប្រធាព្រឹទ្ធសភា បានគូសបញ្ជាក់ថាៈ ព្រឹទ្ធសភា សូមគាំទ្ររាល់កិច្ចសហប្រតិបត្តិការ​រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសំណូមពរ ឲ្យបន្តពិភាក្សាគ្នា ដើម្បីបង្កើននូវកិច្ច​សហប្រតិបត្តិការ លើវិស័យផ្សេងៗទៀត ហើយចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាព ចេញជាលទ្ធផលជាក់ស្តែង ដើម្បីជាគុណប្រយោជន៍ ក្នុងការអភិវឌ្ឍប្រទេសទាំងពីរ ប្រកប​ដោយវឌ្ឍនភាព។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានចាត់សមាជិកសភាចំនួន ២ រូប ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅកម្ពុជា។ អ្នកសង្កេតការណ៍អន្តរជាតិ រួមនឹងអ្នកសង្កេតការណ៍ អាស៊ែបៃហ្សង់ បានវាយតម្លៃខ្ពស់ អំពី​បរិយាកាសបោះឆ្នោត នៅកម្ពុជា ថាបានប្រព្រឹត្តទៅដោយសន្តិភាព គ្មានអំពើហិង្សា មានលក្ខណៈ សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ។
ជាមួយគ្នានេះ សម្តេចបានស្នើសុំអញ្ជើញតំណាងសភាអាស៊ែបៃហ្សង់ ចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់លោកស្រី ជាប្រធានដឹកនាំ សន្និសីទបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ ប្រកបដោយជោគជ័យ និងសូមអបអរសាទរ ចំពោះលោកស្រី ដែលអង្គសន្និសីទ បានបោះឆ្នោតជ្រើសតាំង ជាប្រធានបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ ក្នុងឱកាសសន្និសីទបណ្តាញ​សភានៃចលនាមិនចូលបក្សសម្ព័ន្ធ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថាៈ ព្រឹទ្ធសភាកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយលោកស្រី ក៏ដូចជាសភាអាស៊ែបៃហ្សង់ ដើម្បពង្រឹង​ពង្រីកទំនាក់ទំនង​រវាងប្រទេស ប្រជាជនទាំងពីរ និងសភាទាំងពីរ ដោយខិតខំជំរុញឱ្យមាន ការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមក និងជួយគាំទ្រគ្នា ទៅវិញទៅមក ក្នុងក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិនៃអន្តរសភា ជាអាទិ៍ ក្នុងក្របខ័ណ្ឌបណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ សភាកម្ពុជាគាំទ្រ និងសហការពេញលេញជាមួយ​បណ្តាញសភា នៃចលនាមិនចូលបក្សសម្ព័ន្ធ និងតាមរយៈក្របខ័ណ្ឌពហុភាគី នៃបណ្តាញសភានៃ ចលនាមិនចូលបក្សសម្ព័ន្ធ ជាមួយ AIPA, IPU និងក្របខ័ណ្ឌផ្សេងទៀត។

ឆ្លើយតបនឹងការអញ្ជើញ ទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សម្តេចប្រធាន ព្រឹទ្ធសភា បានទទួល និងជ្រើសរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ច។ សម្តេច បានប្រសិទ្ធពរ ជូនលោកស្រី និងគណៈប្រតិភូ មានសុខភាពល្អ និងទទួលបាន ជោគជ័យ ព្រមទាំងទទួលបានផាសុកភាព ក្នុងការស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា៕/V-PC