គណបក្ស​​ពីរបាន​ចងសម្ព័ន្ធភាព​គ្នា នៅ​ព្រឹក​នេះ​

3349
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​ធម្មាធិបតេយ្យ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការ​ចងសម្ព័ន្ធភាព ដើម្បី​ជា​កម្លាំង​សាមគ្គីភាព​ឈរលើ​ឆន្ទៈ​រួមគ្នា ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​មាតុភូមិ​។

​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា រវាង​គណបក្ស​ទាំងពីរ គឺធ្វើឡើង​រវាង​លោកស្រី ពោធិ​តី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ និង​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា នេះ នៅ​សណ្ឋាគារ​សាន់វ៉េ​។

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ (រូប: មុនីរ័ត្ន)

លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានថ្លែងថា ការចងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរ គឺជាគណបក្សប្រឆាំងរិះគន់រដ្ឋាភិបាល មិនឲ្យជិះសេះលែងដៃ។ ការរួបរួមនេះ គឺមានជំហររឹងមាំ ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំដោយសន្តិវិធី តាមរយៈសន្លឹកឆ្នោត។ សូមឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា។

លោកស្រីបានបញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះ គឺបានហៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សពន្លឺថ្មី និងគណបក្សមាតុភូយើង ប៉ុន្តែគេមិនមករួបរួមទេ ដោយមិនដឹងមូលហេតុ។

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក (រូប: មុនីរ័ត្ន)

ជាមួយគ្នានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានថ្លែងថា ការចងសម្ព័ន្ធភាពនេះ គឺបង្ហាញពីស្មារតីសាមគ្គីភាព និងក្នុងស្មារតីរួបរួមគ្នាបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ដោយលោកបានអះអាងថា “ការចងសម្ព័ន្ធភាពនេះ គឺមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ”៕

ទីតាំងផ្សាយពាណិជ្ជកម្ម