ដោយៈ សុផល / ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី រៀបចំពិធីសែនក្រុងពាលី តាមបែបសាសនា ដើម្បីបួងសួ​សុំសេចក្តីសុខ សេចក្តីចំរើន ពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ តាមប្រពៃណី ព្រះពុទ្ធសាសនា មុននឹងចាប់ផ្តើមបើកការដ្ឋាន សង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលទើបនឹងមានដំបូងគេ នៅរាជធានីភ្នំពេញ។

ពិធីបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ ត្រូវធ្វើឡើងនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដំបូងគេ ចំនួន ២ ទីតាំង គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងនៅខេត្តព្រះសីហនុ ១ទីតាំង ដោយ ចំណាយថវិកា សរុបចំនួន ១១ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទាន ពីទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ។ គម្រោងសាងសង់សាលាជាតិនេះ នឹងដើរតួសំខាន់​ក្នុងការអភិវឌ្ឍជំនាញ វិជ្ជាជីវៈទេសចរណ៍ និងកសាងធនធានមនុស្ស បន្ថែមទៀត ដើម្បីចូលរួមការស្ដារ វិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានគុណភាព ភាពប្រកួតប្រជែង និងចីរភាព បន្ទាប់ពីវិបត្តិកូវីដ-១៩។

សូមបញ្ជាក់ដែរថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញនេះ មានសំណង់ មាន ២អាគារ ខាងមុខ មានកំពស់ ២ ជាន់ ខាងក្រោយ កំពស់ ៤ ជាន់ ក្នុងនោះរួមមាន បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូ សម្រាប់សេវាកម្ម សណ្ឋាគារ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មធ្វើដំណើរ និងទេសចរណ៍ មានបណ្ណាល័យ ភោជនីយដ្ឋាន និងបន្ទប់សង្គ្រោះបថម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត ប្រព័ន្ធការពារហានិភ័យ និងលំហបៃតង ជាដើម។

អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រមាណ ៦០០ នាក់ បន្ទាប់ពីសំណង់អគារសាលា ត្រូវបានសាងសង់រួចរាល់ សាលាគ្រោងនឹងទទួលសិស្ស ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀត នៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០ នាក់ នៅភ្នំពេញ ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ នឹងដាក់ចេញកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចំនួន ៤ ផ្នែក សំខាន់ៗ រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤) ផ្នែកសេវាកម្មទេសចរណ៍ ទៅកម្រិត ៣ រៀនរយៈពេល ១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់ រៀនរយៈពេល ២ឆ្នាំ និងមានវគ្គបណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃ ស្របតាមស្តង់ដាជាតិ និងអាស៊ាន ផងដែរ៕/V-PC