ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក កែវ រ៉េមី ប្រមុខសហព័ន្ធកីឡាតេក្វាន់ដូ ITF(Inetrnational Taekwondo Federation) កម្ពុជា ដែលក្បាច់គុនប្រទេសកូរ៉េ ខាងជើង មិនមាន ឈ្មោះក្នុងបញ្ជីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះឡើយ។

លោក កែវ រ៉េមី បានប្ដេជ្ញាហើយថា ស៊ីហ្គេម ឆ្នាំ២០២៣ តេក្វាន់ដូ ITF នឹងប្រជែងយកមេដាយមាស ឲ្យបាន ១៥ គ្រឿង តែពេលនេះ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំក្រោយ បែរជាតេក្វាន់ដូ ITF មិនបានដាក់ឲ្យប្រកួតទៅវិញ។

លោកបានបន្ដថាៈ ការខកខាននេះ មិនមែនកីឡារបស់ខ្លួន ខ្សោយទេ គឺដោយសារខ្លាំងពេក ធ្វើឲ្យប្រទេសមួយចំនួន ដើរខ្ទប់បណ្ដាប្រទេសអាស៊ាន មិនឲ្យបញ្ជូនអត្តពលិក មកចូលរួម ក្រោមហេតុផលនយោបាយ។ តែអ្វីដែលធ្វើឲ្យលោក សម្ដែងការហួសចិត្ត គឺមានសហព័ន្ធ កីឡាជាតិកម្ពុជាខ្លះ បែរជាសប្បាយចិត្ត ពេលតេក្វាន់ដូ ITF អត់បានប្រកួតស៊ីហ្គេម ទៅវិញ ទោះបីរាជរដ្ឋាភិបាល មានការគាំទ្រពេញទំហឹង ក៏ដោយ។ តែលោក មិនបានបញ្ចេញឈ្មោះថា សហព័ន្ធណានោះទេ។

លោកបានបន្ដថាៈ លោកបានសូមជម្រាបជូន ខ្ញុំបានជម្រាបជូន សម្ដេចពិជ័យសេនា ទៀ បាញ់ បើ ITF បានចូលស៊ីហ្គេម មិនមែននាំយកមេដាយ ១ ឬ ២ មកបង្ហាញទេ ខ្ញុំយកការ៉ុង ឬថង់ មកដាក់មេដាយមាស ក្រឡុកឲ្យមើលតែម្ដង។

ជាមួយគ្នានេះ លោកក៏បានបង្ហើប ពីការសម្រេចចិត្ត ធ្វើលិខិតលាឈប់ ពីតំណែងអនុប្រធាន សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្ដរជាតិ និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ផ្ញើទៅកាន់លោក Ri Yong Son ប្រធានសហព័ន្ធតេក្វាន់ដូ ITF អន្តរជាតិ កាលពីថ្មីៗ ផងដែរថាៈ ដោយសារលោក ស្អប់ការយកកីឡា ភ្ជាប់នឹងរឿងនយោបាយ ទើបលោកសម្រេច ដូច្នេះ ទាំងដែលមានបណ្ដាប្រទេសជាច្រើន លើពិភពលោក បានផ្ញើសារមកឲ្យលោក បន្ដតំណែងទៀតក៏ដោយ។

លោកបានបន្ដថាៈ ក្រោយផ្ញើលិខិតលាឈប់ ពីតំណែងសំខាន់ៗ ខាងលើ មានប្រទេសជាច្រើន បានផ្ញើសារមកគាំទ្រលោក ឲ្យបន្ដការដឹកនាំ កុំលាឈប់ពីស្ថាប័នទាំងពីរ ក្រោមហេតុផលការ
គិតពីផលប្រយោជន៍រួម នៃតេក្វាន់ដូ ITF។

លោកបានបន្តទៀតថាៈ «គេគិតផលប្រយោជន៍រួម នៃក្បាច់គុន ITF ហើយគេគាំទ្រខ្ញុំ យើងមានមោទនភាពណាស់។ សហព័ន្ធ ITF ជោគជ័យ មិនមែនជោគជ័យ ដោយសាររូប លោកម្នាក់ឯងទេ ជោគជ័យដោយសារកីឡាករ-កីឡាការិនី ទាំងអស់ ខិតខំប្រឹងប្រែង មានវិន័យ ធ្វើឲ្យខ្លួនយើងខ្លាំង៕/V-PC