​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នៅពេលដែល​បុគ្គលិក​សារមន្ទីរ​មក​ធ្វើការ​នៅ​សារមន្ទីរ​សែ​ល​តិក​និង​រ៉ូ​ម៉ាំង (Celtic and Roman)​ក្នុង​ទីប្រជុំជន​ម៉ាន​ឈីង (Manching)​ក្នុង​រដ្ឋ​​បា​វ៉ា​រៀ (Bavaria) កាលពី​ព្រឹក​ថ្ងៃ​អង្គារ ពួកគេ​បាន​ដឹងថា ចោរ​បាន​លួច​វត្ថុ​មានតម្លៃ​បំផុត​នៅក្នុង​អគារ​រួចទៅហើយ នោះ​គឺ ហិប​សម្ងាត់​ផ្ទុក​កាក់​មាស​បុរាណ​ចំនួន ៤៨៣​។​

​កាក់​មាស ដែល​គេ​ជឿ​ថា​មាន​អាយុកាល​ប្រហែល ១០០ ឆ្នាំមុន​ការ​ប្រសូត​របស់​ព្រះ​យ៉េ​ស៊ូ មាន​រូបរាង​ដូច​ជា​ប៊ូ​តុង​តូចៗ ដែល​មាន​ទម្ងន់​ជិត ៤ គីឡូក្រាម​។ មន្ត្រី​ម្នាក់​បាន​និយាយថា វត្ថុ​បុរាណ​នេះ​អាច​មាន​តម្លៃ ១,៧ លាន​ដុល្លារ​។​

​នៅក្នុង​ទីប្រជុំជន​ដែល​ល្បីល្បាញ​ខាង​ប្រវត្តិសាស្ត្រ​បុរាណ​ដ៏​សម្បូរ​បែប​នេះ កាក់​ដែល​បាត់​គឺ​តំណាង​ឱ្យ​ហួស​ពី​ប្រាក់​ទៅទៀត​។​

​លោក ម៉ា​គូស ប្ល៊ុ​ម (Markus Blume) រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​និង​សិល្បៈ​នៃ​រដ្ឋ​បា​វ៉ា​រៀ បាន​និយាយថា “​ការបាត់បង់​កំណប់ទ្រព្យ​សែ​ល​តិក​គឺជា​គ្រោះមហន្តរាយ​។​កាក់​មាស​ដែល​ជា​សាក្សី​នៃ​​ប្រវត្តិសាស្ត្រ​របស់​យើង​គឺ​មិន​អាច​ជំនួស​បានទេ​”​។​

​កាលពី​ថ្ងៃ​ពុធ ប៉ូលិស​បាន​បញ្ជាក់ថា ចោរ​បាន​កាត់​ខ្សែភ្លើង​ក្នុង​បន្ទប់​ទូរគមនាគមន៍​ក្នុង​ទីប្រជុំជន ដោយ​ផ្តាច់​ខ្សែបណ្តាញ​ក្នុង​តំបន់​ប្រហែល ១.៣០០​។​អ្នកបច្ចេកទេស​ម្នាក់​បាន​ជូនដំណឹង​ដល់​ប៉ូ​​លិស​នៅ​ម៉ោង ៤ ព្រឹក​ថ្ងៃ​អង្គារ​ថា ប្រព័ន្ធ​ទូរគមនាគមន៍​បាន​ដាច់​ហើយ​។ ប៉ុន្តែ​ប៉ូលិស​ព្រួយបារម្ភ​ថា ធនាគារ​អាច​ជា​គោលដៅ ដូច្នេះ​ពួកគេ​បាន​បញ្ជូន​រថយន្ត​ល្បាត​ទៅ​មើល​តាម​ធនាគារ​មិន​​មែន​សារមន្ទីរ​នោះទេ​។​

​ប៉ូលិស​ទើបតែ​បាន​ដឹង​ពី​ការ​លួច​នេះ នៅពេលដែល​បុគ្គលិក​សារមន្ទីរ​រាយការណ៍​អំពី​រឿង​នេះ​មុន​ម៉ោង ១០ ព្រឹក​៕

​កាក់​មាស​នៅ​សារមន្ទីរ​សែ​ល​តិក​និង​រ៉ូ​ម៉ាំង​ត្រូវ​ចោរ​លួច​កាលពី​ថ្ងៃ​អង្គារ