​ដោយៈ ដេប៉ូ​/​ពោធិ៍សាត់​៖​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ” ការកំណត់​ទស្សនវិស័យ​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍន៍​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ គឺជា​កត្តាចាំបាច់ ប្រកបដោយ​ប្រសិទ្ធភាព​”​។
គួរបញ្ជាក់​ថា​ការ​ថ្លែង​ពី​សំណាក់ លោក សាយ សំ​អាល់​បែបនេះ​ធ្វើឡើង​ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការគ្រប់គ្រង​ប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​ជីវៈចម្រុះ ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២​។​
មានប្រសាសន៍​ក្នុង​អង្គប្រជុំ លោក រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ លោក ខូ​យ រី​ដា ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តីទុកចិត្ត​តែងតាំង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​។ ដោយឡែក ក្រសួងបរិស្ថាន បាន​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី សហការ​ធ្វើការ​ជាមួយ​ថ្នាក់​ខេត្ត ស្រុក ឃុំ ទាំងអស់ ទាក់ទិន​នឹង​វិស័យ​បរិស្ថាន​។ ជាងនេះទៅទៀត ក្រៅពី​វិស័យ​បរិស្ថាន មន្ទីរ​បរិស្ថាន​ដែលជា​សេនាធិការ ក៏ដូចជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ត្រៀម​ជាមួយ​ខេត្ត ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​សហការ​ធ្វើកា​រងារ​ផ្សេងៗ​គ្រប់​កាលៈទេសៈ ដូចជា ការងារ​គ្រោះមហន្តរាយ ការទប់ស្កាត់​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។​

(​រូបភាព​ក្រសួងបរិស្ថាន​)​

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចប្រជុំ​នៅ​សាលាស្រុក​វាលវែង​នៅថ្ងៃនេះ គឺ​ដើម្បី​ពិនិត្យមើល​របៀបវារៈ​ទី​៣ ទាក់ទិន​ទៅនឹង​វិស័យ​បរិស្ថាន ជាពិសេស យក​ឱកាស​នេះ ដើម្បី​ផ្សព្វផ្សាយ​ការងារ​ឱ្យបាន​ជ្រួតជ្រាប​ដល់​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​ដែល​កំពុង​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន​តែម្តង​។​
ទន្ទឹម​ជាមួយគ្នា លោក​រដ្ឋមន្ត្រី បានលើកឡើង​នូវ​ទិដ្ឋភាព​រួម ដើម្បី​ជា​ធាតុ​ចូល ក៏ដូចជា​មូលដ្ឋាន​ទាក់ទិន​នឹង​ការងារ​វិស័យ​បរិស្ថាន និង​ការងារ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​។​

(​រូបភាព​ក្រសួងបរិស្ថាន​)​

លោក សាយ សំ​អាល់ គូសបញ្ជាក់​ឱ្យដឹងថា ការកំណត់​នូវ​ទស្សនវិស័យ​ច្បាស់លាស់ ដើម្បី​អភិវឌ្ឍន៍​ភូមិសាស្ត្រ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ គឺជា​កត្តាចាំបាច់ ប្រកបដោយ​ប្រសិទ្ធភាព​។ ជាមួយគ្នានេះដែរ លោក បាន​ចែករំលែក​នូវ​បទពិសោធន៍ ក៏ដូចជា​អនុ​សាន៍​ដល់​អង្គប្រជុំ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន ការកំណត់​ព្រំ​ឱ្យ​ច្បាស់លាស់ ការចុះបញ្ជី​ដី​សាធារណៈ​របស់​រដ្ឋ និង​ឯកជន ការកំណត់​ជា​យុទ្ធសាស្ត្រ​កន្លែង​កសិកម្ម ទេសចរណ៍ និង​ការគ្រប់គ្រង​សំរាម សំណល់​រឹង​-​រាវ ជាដើម​៕.mara

(​រូបភាព​ក្រសួងបរិស្ថាន​)​