ដោយៈ​សុផល​/​ភ្នំពេញ​៖​ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងទេសចរណ៍ រួមសហការ​ជាមួយនឹង ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលា ខេត្ត​ព្រះសីហនុ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​និង​ផ្នែក​ឯកជន នឹង​រៀបចំ ពី​ធី​បុណ្យ​សមុទ្រ លើក​ទី​៩ ជុំ​ទី​៣ ក្រោម​ប្រធានបទ “​ឆ្នេរ​នៃ​សន្តិភាព ឆ្នេរ​នៃ​ក្តីសង្ឃឹម​” (Bay of Peace, Bay of Hope) ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃ​សុក្រ ទី​០៩ ដល់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២​នៅ​ខេត្ត​ព្រះ សីហនុ ក្នុង​គោលបំណង​អបអរសាទរ​ឆ្នេរសមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹប​ឆ្នេរ សមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​សាកលលោក ក៏ដូចជា​ជំរុញ​លើក​តំលៃ​និង​ផ្សព្វផ្សាយ​សក្តានុពល ទេសចរណ៍ ពិសេស អេកូ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​។​

​សកម្មភាព និង​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ​រួមមាន​បី​សំខាន់ៗ​ដូចខាងក្រោម​៖
១. ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ការសម្ដែង​ទស្សនីយភាព​សិល្បៈ ការប្រគុំ​តន្ត្រី ដោយមាន​ការចូលរួម​ពី​សំណាក់ ក្រុម​សិល្បករ សិល្បការិនី តារាចំរៀង​ជាតិ និង​អន្តរជាតិ​និង​ការបាញ់ កាំជ្រួច​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៩ ឆ្នាំ​២០២២
២. មហោស្រព​ម្ហូបអាហារ​ខ្មែរ និង​អន្តរជាតិ ស្រា និង​ភេសជ្ជៈ ព្រមទាំង​ការបង្ហាញ​ផលិតផល​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ របស់​ខេត្ត​តាម​តំបន់ ឆ្នេរ​និង​ការតាំងពិព័រណ៍​ផលិតផល​ក​សិ​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក​
៣. សកម្មភាព​កីឡា​លើទឹក និង​កីឡា​លើ​ឆ្នេរ​ខ្សាច់ និង​មានការ​ចូល​ពី​សំណាក់​ក្រុម​សិល្បករ សិល្បការិនី តារាចំរៀង និង​កីឡាករ កីឡាការិនី​ជាតិ អន្តរជាតិ​៕​