ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​ប្រកាសថា អង់គ្លេស​នឹង​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​អ៊ុយ​ក្រែនជា​លើកដំបូង​ចាប់​តាំង​ពី​សង្គ្រាម​បាន​ចាប់​ផ្តើម​។​

​រដ្ឋមន្ត្រី​ការពារជាតិ​លោក បិ​ន វ៉ាល់​ឡេស (Ben Wallace) បាន​និយាយថា វា​នឹង​ក្លាយ​ជា​លើកដំបូង​ដែល​ឧទ្ធម្ភាចក្រ​មាន​មនុស្សបើក​ត្រូវបា​ន​បញ្ជូន​ទៅកាន់​ប្រទេស​ហែកហួរ​ដោយ​សង្គ្រាម​នេះ ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​អតីត​ឧទ្ធម្ភាគចក្រ Sea King បី​គ្រឿង នឹង​ត្រូវ​ផ្តល់ជូន ដែល​ក្នុងនោះ​ឧទ្ធម្ភាគចក្រ​ទី​មួយ​បាន​ទៅដល់​អ៊ុយ​ក្រែន​រួចហើយ​។​

​លោក​វ៉ាល់​ឡេស ដែល​បាន​ធ្វើ​សេចក្តីប្រកាស​ពី​ទីក្រុង​អូ​ស្លូ ជា​កន្លែង​ដែល​គាត់​កំពុង​ជួប​សម្ពន្ធមិត្ត​ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ​ផ្នែក​យោធា​ជា​បន្ត​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ បាន​បន្ថែមថា ចក្រភព​អង់គ្លេស​ក៏​នឹង​បញ្ជូន​គ្រាប់កាំភ្លើង​ធំ​ចំនួន ១០.០០០ គ្រាប់​បន្ថែម​ទៀត​ផងដែរ​។​

​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេសន័​រវែ​ស លោក​វ៉ាល់​ឡេស​បាន​និយាយថា “​ការគាំទ្រ​របស់​យើង​ចំពោះ​អ៊ុយ​ក្រែន​គឺ​មិន​ប្រែប្រួល​ឡើយ​”​។​

“​គ្រាប់កាំភ្លើង​ធំ​បន្ថែម​ទាំង​នេះ​នឹង​ជួយ​អ៊ុយ​ក្រែន​ធានា​ការពារ​បាន​នូវ​ទឹកដី​ដែល​ខ្លួន​ទើប​ដណ្តើម​បាន​មក​វិញ​ពី​រុស្ស៊ី​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​”​។​

​ក្រសួង​ការពារជាតិ​បាន​និយាយថា កងទ័ព​ជើង​ទឹក​បាន​ផ្តល់​ការហ្វឹកហ្វឺន​រយៈពេល​ប្រាំមួយ​សប្តាហ៍​អំពី​របៀប​ប្រើ​ឧទ្ធម្ភាចក្រ Sea King ក្នុង​ចក្រភព​អង់គ្លេស​សម្រាប់​កងកម្លាំង​ប្រដាប់អាវុធ​និង​វិស្វករ​របស់​អ៊ុ​យក្រែន​។​

​ការគាំទ្រ​ថ្មី​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការប្ដេជ្ញាចិត្ត​ក្នុង​ការផ្តល់​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​ចំនួន ១.០០០ គ្រាប់ និង​កាំភ្លើង​ប្រឆាំង​យន្តហោះ​ចំនួន១២៥ដើម​៕

​ឧទ្ធម្ភាគចក្រ Sea King បី​គ្រឿង​របស់​អង់គ្លេស​នឹង​ផ្តល់ជូន​ដល់​អ៊ុ​យក្រែន