ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានមានប្រសាសន៍ថាៈ មន្ទីរ-អង្គភាព​ អាជ្ញាធរពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

លោកបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។

នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត ដែលខិតខំចូលរួម ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត បានយ៉ាងល្អប្រសើរ ក្នុងពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ កន្លងមក។

លោកបានដាក់ចេញនៅទិសដៅសំខាន់ៗ មួយចំនួន ដូចខាងក្រោម៖
១-អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យទីតាំង ស្នាក់នៅរបស់សិស្ស ដែលមកប្រឡងបាក់ឌុប ដូចជា ស្នាក់នៅវត្តអារាម ជាដើម ជាពិសេសមន្ទីរទេសចរណ៍ ត្រូវផ្សព្វផ្សាយណែនាំ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កុំមានការតម្លើងថ្លៃជួល ខុសពីធម្មតា។
២. ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។
៣.អាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំផែនការត្រៀមលក្ខណៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃឆ្លងឆ្នាំសាកល ឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣ ។
៤.គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក ត្រូវបន្តពិនិត្យចំពោះទីតាំង ដែលធ្លាប់មានលេងល្បែងស៊ីសងខុសច្បាប់ ដូចភ្លៀងរលឹម ដែលជ្រកក្រោមរូបភាព ហាងកាហ្វេ ហាងបាយ និងរូបភាពផ្សេងទៀត។
៥.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ ការជួញដូរចែកចាយ និងប្រើប្រាស់ គ្រឿងញៀននៅតាមមូលដ្ឋាន។
៦.បន្តបង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេស ជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំ រថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។
៧.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់ សំណង់អនាធិបតេយ្យ ដែលគ្មានច្បាប់ អនុញ្ញាត និងទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែង សម្រាប់លក់ ត្រូវជំរុញឲ្យមកសុំច្បាប់ ឲ្យបានត្រឹមត្រូវ តាមប្រកាស ស្តីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុ មិនអនុញ្ញាតឲ្យ លក់ដូរ មុនសុំច្បាប់អាជីវកម្មឡើយ៕/V-PC