ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក នុត អង្គារ នាយកសាលាបឋមសិក្សាគំរូក្រុង បានថ្លែងថាៈ “ដើម្បីជំរុញចំណេះដឹង និងគុណភាពដល់សិស្ស សាលាបឋមសិក្សគំរូក្រុង បានបង្កើនការបង្រៀន ក្នុងមួយថ្ងៃ ២ ពេល ព្រឹក និងល្ងាច ” ។ លោកបានមានប្រសាសន៍ បែបនេះ នៅក្នុងពិធីចែក រង្វាន់ ដល់សិស្សរៀនពូកែ ពីលេខ១ ដល់លេខ៣ ចែកប័ណ្ណសរសើរ ជូនគ្រូបង្រៀន មានស្នាដៃ និងចែកអំណោយ ដល់សិស្សក្រីក្រ ចំនួន ២០ នាក់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

លោកនាយកសាលា បានបន្តថាៈ ការបង្កើនពេលសិក្សា ដល់សិស្ស ២ ពេល ក្នុងមួយថ្ងៃនេះ ក៏ត្រូវទាមទារ ការយោគយល់ពីមាតាបិតា និងអាណាព្យាបាលសិស្ស ផងដែរ ព្រោះក្នុង ១ខែ សិស្សត្រូវបង់ ២ម៉ឺន ៥ពាន់រៀល តម្លៃនេះ មិនថ្លៃទេ បើគិតក្នុង១ថ្ងៃ សិស្សត្រូវបង់ជាង ៨០០ រៀល សម្រាប់ការសិក្សាបន្ថែម ១ ពេល មាន ៣ ម៉ោង ។

បើប្រៀបធៀបនឹងសិស្សរៀនគួរវិញ ក្នុង ១ម៉ោង ថ្លៃ ១.០០០ រៀល ប្រាក់ដែលសាលាបាន ទទួលពីសិស្ស យកមកប្រើប្រាស់ សម្រាប់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអនាម័យ និងការពង្រីកសមិទ្ធផល ផ្សេងៗ ហេតុនេះ លោកសូមមានការយោគយល់ ពីមាតាបិតាសិស្ស និងសូមជួយបន្ត ផ្សព្វផ្សាយ ពីកម្មវិធីរបស់សាលាផង។

ដោយឡែក សម្រាប់សមិទ្ធផលវិញ ក្នុងទីធ្លាសាលា បានចាក់សាប មានទីលានកីឡាបាល់ទាត់ បាល់បោះ បាល់ទះ , មានសួនច្បារ នៅតាមបន្ទប់រៀន មានបំពាក់អំពូលភ្លើង កង្ហារ និង អិលអ៊ីឌី បំពាក់វ៉ាយហ្វាយ សម្រាប់បង្រៀនសិស្សផងដែរ ដែលទាំងអស់នេះ គឺបានមកពី សប្បុរសជននានា ក៏ដូចជា ការឧបត្ថម្ភពីមាតាបិតា អាណាព្យាបាលសិស្សដែរ ។

លោក នុត អង្គារ ក៏បានសំណូមពរ ដល់មាតាបិតាសិស្ស សូមជួយជំរុញ និងបញ្ជូនកូនមករៀន ឲ្យបានទៀងទាត់ ព្រោះក្នុង ១ខែ សិស្សអវត្តមាន ១ សប្តាហ៍ គឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ត្រូវតាមដានការសិក្សាកូនៗ របស់ខ្លួន ដោយការពិនិត្យមើលសៀវភៅ របស់គាត់រៀន និង ត្រូវកំណត់ពេលវេលា ឲ្យកូនរៀននៅផ្ទះ ឲ្យបានត្រឹមត្រូវ មានសម្ភារៈសិក្សា និងទីកន្លែង សមរម្យ ។

សូមកុំឲ្យកូនរៀន នៅមុខកញ្ចក់ទូរទស្សន៍ កន្លែងហូបបាយ និងហាមដាច់ខាត ការប្រើប្រាស់ទូរស័ព្ទដៃ ចំពោះការសិក្សាឆ្នាំនេះ សិស្សទទួលបានមធ្យមភាគ ជាសរុបរួម ពីថ្នាក់ទី ១ ដល់ថ្នាក់ទី៦ គឺជាប់មធ្យមភាគ ៩៣,៨៩% ធ្លាក់ ៥,១២% និងបោះបង់ការសិក្សា ០,៩៩ %។

លោកស្រី ឈឹម ស៊ីយ៉ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាភ្ញៀវកិត្តិយស និងជា អតីតសិស្ស សាលាបឋមសិក្សាគំរូក្រុង និងក៏ជាអ្នករួមចំណែក ក្នុងការជួយសាលាមួយរូប បានមានប្រសាសន៍ថាៈ លោកស្រី មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះសម្លៀកបំពាក់ របស់សិស្ស លោកគ្រូ អ្នកគ្រូ គឺមានភាពសមរម្យខ្លាំងណាស់ ។ ចំណែកសាលាវិញ ក៏មានការរីកចម្រើន គួរកត់សម្គាល់ ខុសពីជំនាន់មុន ដែលលោកស្រី រៀននៅសាលាបឋម សិក្សានេះ គឺធ្វើអំពីឈើ និងប្រក់ស្លឹក។ ប៉ុន្តែទោះយ៉ាងណា ដោយសារ តែចំណេះដឹងពី សាលានេះ ទើបលោកស្រី មានថ្ងៃនេះ។ ជាចុងក្រោយ លោកស្រី សំណូមពរដល់លោក នាយកសាលា គ្រូបង្រៀន សូមស្រាវជ្រាវរកសិស្សបោះបង់ការសិក្សា ដូចក្នុងរបាយការណ៍ មានចំនួន ០,៩៩% ពួកគាត់ខ្វះខាតអ្វី យើងជាលោកគ្រូ អ្នកគ្រូ អាចបំពេញចន្លោះ ប្រហោង នោះបានទេ ដើម្បីឱ្យគ្នាបានត្រឡប់ មកសាលារៀនវិញ៕/V