ដោយ: បូកគោ / កែប: កសិដ្ឋានមួយកន្លែង ស្ថិតនៅតំបន់ភ្នំវល្លិ៍ ក្នុងនៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កំពុងទទួលបាន នូវការគាំទ្រពីភ្ញៀវទេសចរ និងម្ចាស់ផ្សារទំនើប ជាច្រើន នៅរាជធានីភ្នំពេញ រហូតនាំគ្នាធ្វើដំណើរ មកដល់ទីតាំងផ្ទាល់ ព្រោះតែរសជាតិ ផ្លែត្របែក ឈ្ងុយឆ្ងាញ់ប្លែកគេ។ មួយថ្ងៃ កសិដ្ឋាននេះ អាចប្រមូលផ្លែត្របែក បានប្រហែល ៣០០ គីឡូក្រាម និងទទួលផលអំឡុងពេល ប្រាំបីខែ ក្នុងមួយឆ្នាំ តាមរយ:ដើរបេះវិលជុំ។

លោក ហេង ឆាយ ម្ចាស់កសិដ្ឋានអារីសហ្វាម បានរៀបរាប់ថាៈ កសិដ្ឋានរបស់លោក បានចាប់ផ្តើមដាំដំណាំផ្សេងៗ ក្នុងអំឡុងឆ្នាំ២០១៥ ដែលមកដល់បច្ចុប្បន្ន បានប្រមូលផល ហើយ។ ក្នុងនោះ មានម្រេច ៣.០០០ ជន្លង់ ត្របែក ៥.០០០ ដើម ក្រូចថ្លុងជិត ១០០ ដើម និងដំណាំរួមផ្សំផ្សេងៗទៀត។ អ្វីដែលជួយទ្រទ្រង់ ដល់ដំណើរការកសិដ្ឋាន គឺការប្រមូលផល ពីផ្លែត្របែក។

ម្ចាស់កសិដ្ឋាន បានបន្តថាៈ ដំបូងឡើយ នៅក្នុងចម្ការរបស់លោក មានត្របែកប្រមាណ ៣០០ ដើម បន្សល់ពីដូនតាមក។ ព្រោះតែពូជផ្លែត្របែកនេះមានរសជាតិឆ្ងាញ់។ លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម លោកអភិបាលខេត្តកែប និងមន្ត្រីជំនាញ បានលើកទឹកចិត្ត ព្រមទាំងផ្តល់ បច្ចេកទេសដាំដុះ ថែទាំបន្ថែម ដើម្បីឲ្យកសិដ្ឋាន អាចពង្រីកការដាំ ដែលមកដល់សព្វថ្ងៃ មានប្រាំពាន់ដើមហើយ។

លោក ហេង ឆាយ បានបញ្ជាក់ថាៈ ពូជត្របែកនេះ ខុសពីត្របែកធម្មតា ដោយមួយផ្លែ មានទម្ងន់ពី ០,២០ គីឡូក្រាម ទៅ ០,៥០ គីឡូក្រាម។ កត្តាដែលធ្វើឲ្យផ្លែត្របែកនេះ មានរសជាតិជូរអែម ឈ្ងុយឆ្ងាញ់ប្លែកពីគេ ដោយសារទីតាំងភូមិសាស្ត្រដាំដុះ ពូជ បច្ចេកទេសថែទាំ និងការប្រើប្រាស់ជីធម្មជាតិ ធ្វើដោយខ្លួនឯងផ្ទាល់។

ម្ចាស់កសិដ្ឋាន អារីសហ្វាម បានអះអាងថាៈ ទីផ្សារផ្លែត្របែករបស់លោក មានភាពល្អប្រសើរ ដោយលក់នៅចម្ការ ក្នុងមួយគីឡូក្រាម តម្លៃពីរដុល្លារ។ តម្លៃនេះ មិនមានការប្រែប្រួលទេ ពោលគឺ នៅថេររហូតតាំងពីចាប់ផ្តើមប្រមូលផលមក។

លោក ហេង ឆាយ បានបញ្ជាក់ឲ្យដឹងទៀតថាៈ ក្នុងមួយថ្ងៃ លោកអាចប្រមូលផលផ្លែត្របែក បានប្រមាណ ៣០០ គីឡូក្រាម ដែលចំនួននេះ មិនទាន់អាចឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ បាននៅឡើយទេ។ នាឆ្នាំ២០២៣ ខាងមុខ លោកគ្រោងនឹងពង្រីកការដាំដំណាំត្របែក ប្រាំពាន់ដើម បន្ថែមទៀត។ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់ដឹងបច្ចេកទេសដាំដុះ ថែទាំ កសិដ្ឋាន អាចបង្ហាត់បង្ហាញបាន តែលោកមិនមានលទ្ធភាព ផ្តល់ពូជជូនទេ៕/V-PC