ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍​(NIEI) កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ សហគ្រិន​ខ្មែរ (KE) បានរៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​សូម​ជម្រាបជូន​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​វិទ្យាស្ថាន និង​សហគ្រិន​ខ្មែរ បាន​រួមគ្នា​បង្កើតឱ្យមាន​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ក្នុង​គោលបំណង​អបអរសាទរ និង​រៀបចំ​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​សម្រាប់​សហគ្រិន​កម្ពុជា ឱ្យ​យល់ដឹង​ជា​សាធារណៈ​អំពី​តួនាទី​សំខាន់ៗ​របស់​សហគ្រិន​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ធុន​តូច​និង​មធ្យម ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ រវាង​វិស័យ​សាធារណៈ​និង​ឯកជន និង​ទំនួល​ខុសត្រូវ​សង្គម​តាមរយៈ​កសាង​អនាគត​សហគ្រិន​នៅ​ប្រទេស​កម្ពុជា​។​

​តាមរយៈ​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ និង​ប្រកបដោយ​សុក្រឹតភាព​អស់​រយៈពេល​ប្រមាណ ៣​ខែ​កន្លងមកនេះ កម្មវិធី​បាន​រកឃើញ​បេក្ខជន​ជា​ជ័យលាភី​ចំនួន​២០​រូប មកពី ប្រាំ​តំបន់​ផ្សេងៗ​គ្នា នៅ​ទូទាំងប្រទេស ដើម្បី​ចូលរួម​ធ្វើ​បទ​បង្ហាញ​អំពី​គំរូ​អាជីវកម្ម និង​សក្តានុពល​របស់ខ្លួន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ចំពោះមុខ​គណៈកម្មការ​ចំនួន ប្រាំ​ពីររូប ដែល​មកពី​អង្គភាព​-​ស្ថាប័ន​ចម្រុះ​។​

​ជា​លទ្ធផល​កម្មវិធី ក៏បាន​ស្វែង​រកឃើញ​ម្ចាស់​ជ័យលាភី​ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ចំនួន​បួនរូប រួមមាន​៖ ម្ចាស់​ជ័យលាភី​លេខ​១ បាន​ទៅលើ លោក ឈរ រិទ្ធី ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មិ​ល ឯ​.​ក មកពី​ខេត្តតាកែវ​, លេខ​២​បាន​ទៅលើ លោកស្រី ទ្រី មុយ​គា សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម មកពី​រាជធានី​ភ្នំពេញ​, លេខ​៣ បាន​ទៅលើ លោកស្រី ង​ន វ៉ាន់​ថា សហគ្រាស Color Silk Enterprise មកពី​រាជធានី​ភ្នំពេញ និង​លេខ​៤ បាន​ទៅលើ លោកស្រី ម៉ៅ សុធា ក្រុមហ៊ុន SHE Agrocam Products Co., Ltd មកពី​ខេត្តកណ្តាល​។​

​នៅក្នុង​កម្មវិធី​នេះ លោក​បណ្ឌិត ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា នេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​បើក​ទំព័រ​ស័ក​រាជ​ថ្មី​សម្រាប់​សហគ្រិន​នៅ​កម្ពុជា ដែល​បានផ្តល់​ឱកាស​ដល់​សហ​គ្រិន​ទូទាំងប្រទេស​បាន​បញ្ចេញ​នូវ​សមត្ថភាព ទេពកោសល្យ បទពិសោធន៍ និង​ភាព​ច្នៃប្រឌិត​ក្នុង​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។ លោក​បាន​បន្តថា ពានរង្វាន់​ផ្តល់ជូន​ម្ចាស់​ជ័យលាភី​ទាំង​បួន​រូបនេះ ពិតជា​បាន​ឆ្លងកាត់​ការវាយតម្លៃ និង​ផ្តល់​ពិន្ទុ​យ៉ាង​សុក្រឹត​ដោយ​គណៈកម្មការ​ដែលជា​សហគ្រិន​ឆ្នើម ប្រកបដោយ​បទពិសោធន៍ និង​ភាពជោគជ័យ អ្នកសិក្សា​ស្រាវជ្រាវ​នៃ​រាជបណ្ឌិតសភា​កម្ពុជា ព្រមទាំង​ឥស្សរជន​តំណាង​ក្រសួង​ដែលជា​អាណាព្យាបាល​នៃ​សហគ្រាស​អាជីវកម្ម​ផងដែរ​។​

​សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ គឺជា​គ្រឹះស្ថាន​ជាតិ​ផ្តល់នូវ​ជំនាញ​សហគ្រិនភាព បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​នូវ​សម្ភារ​បណ្តុះបណ្តាល​ទំនើបៗ​ជាមួយ​សាស្ត្រាចារ្យ​ឯកទេស​ដែលមាន​គុណវុឌ្ឍិ​ខ្ពស់​។ ដោយឡែក សហគ្រិន​ខ្មែរ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ស្ថាប័ន​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី សហគ្រិនភាព​នៅ​កម្ពុជា​។ សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​ការលើកកម្ពស់ សហគ្រិនភាព តាមរយៈ​ការគាំទ្រ​ទាំង​ហិរញ្ញវត្ថុ និង​មិនមែន​ហិរញ្ញវត្ថុ​ដល់​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​សក្ដានុពល​នៅក្នុង​វិស័យ​អាទិភាព​ដូចជា​វិស័យ​ព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និង​ផលិតកម្ម​ឱ្យបាន​ច្រើន​ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ​៕​