​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ពួក​អ្នក​បើក​រថយន្ត​ធំ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​ធំ​លើក​ទី​ពីរ​របស់​គេ​នៅពេល​មិន​ដល់​ប្រាំ​មួយខែ​ផង ក្នុង​ទង្វើ​មួយ​ដែល​អាច​រារាំង​ខ្សែ​​សង្វាក់​ផ្គត់ផ្គង់​សកល​ដ៏​សំខាន់​ក្នុង​វិស័យ​ចាប់ពី​យានយន្ត​រហូតដល់​ដែក​។​

​សមាជិក​សហជីព​រថ​យន្ត​ដឹកទំនិញ​(Cargo Truckers Solidarity Union)​បាន​ឈប់​ធ្វើការ ជា​ផ្នែក​នៃ​ការតវ៉ា​ទាមទារ​អូសបន្លាយ​ពេល​មួយ​ប្រឆាំង​នឹង​ការបញ្ចប់​ការធានា​ប្រាក់​កំរៃ​ឈ្នួល​​អប្បរ​មា​មួយ នេះ​បើ​តាម​លោក ប៉ាក់ យឺន​-​ស៊ូ​(Park Yeon-su) មន្ត្រី​នៅ​សហជីព​នេះ​។​

​ដោយ​ថ្លៃ​ប្រេងឥន្ធនៈ​កើនឡើង ពួក​អ្នកបើកបរ​បាន​និង​កំពុង​ទាមទារ​អោយ​រដ្ឋាភិបាល​បង្កើត​ផែនការ​ប្រាក់កំរៃ​ឈ្នួល​អ​ប្បរមា​«​អត្រា​ដឹកជញ្ជូន​សុវត្ថិភាព​»​អចិន្ត្រៃយ៍ ដែល​ផែនការ​នេះ​គ្រោង​នឹង​​ចប់​នៅ​ចុងឆ្នាំ​។​

​រដ្ឋាភិបាល​របស់​ប្រធានាធិបតី យូ​ន ស៊ុក​យ៉ូល កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ខ្លួន​នឹង​ពន្យារ​កម្មវិធី​នេះ​បី​ឆ្នាំ​ទៀត តែ​ពួក​អ្នកបើកបរ​និយាយថា «​វា​គ្មាន​ន័យ​បើ​គំរោង​មិន​ត្រូវ​ធ្វើអោយ​វា​ក្លាយជា​អ​ចិ​​ន្ត្រៃ​យ៍​»​។​

​កូដកម្ម​ចុងក្រោយ​នេះ​កើតឡើង​ប្រមាណ​ប្រាំ​ខែក្រោយ​ពួក​អ្នកបើក​រថយន្ត​ក្រុង​ធ្វើ​កូដកម្ម​ប្រាំបី​ថ្ងៃ​កាលពី​ខែមិថុនា ដោយ​រារាំង​ការដឹកជញ្ជូន​ទំនិញ​នៅ​ទូទាំង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​បួន​នៅ​​អាស៊ី​មួយ​នេះ​។​ពេលនោះ រដ្ឋាភិបាល​បាន​និយាយថា កូដកម្ម​ការងារ​នោះ​បណ្តាល​អោយ​ខាតបង់​ប្រាក់​១,២​ពាន់​លាន​ដុល្លារ​ក្នុង​ការដឹកជញ្ជូន​រថ​យន្ត ដែក​និង​ទំនិញ​ផ្សេងៗ​។​

​កូដកម្ម​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​នឹង​រំខាន​ដល់​ការផ្គត់ផ្គង់​និង​បង្ក​ការខូចខាត​ធំដុំ​ផងដែរ​៕

​កូដកម្ម​របស់​អ្នកបើករថយន្ត​ធំ​នៅ​កូរ៉េ​ខាងត្បូង​នាំអោយ​មាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​លើ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ដែល​រង​ការវាយប្រហារ​ដោយ​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​នៅ​ចិន និង​សង្គ្រាម​របស់​​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ស្រាប់ហើ​យ