​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មេរោគ​ថ្មី​ដែល​លាក់​ខ្លួន​នៅក្នុង​សត្វ​ប្រចៀវ​។​

​មេរោគ​ឈ្មោះ គី​វី​រ៉ា (Kiwira)​ស្ថិត​ក្នុង​គ្រួសារ​មេរោគ Hantavirus ត្រូវបាន​រកឃើញ​នៅក្នុង​សត្វ​ប្រចៀវ​ឥត​កន្ទុយ​នៅ​ប្រទេស​តង់​ហ្សា​នី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​

​បច្ចុប្បន្ន​មិន​មាន​ភស្តុតាង​ណាមួយ​បង្ហាញថា មេរោគ Kiwira អាច​បង្ក​ការគំរាមកំហែង​ដល់​មនុស្ស​ទេ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​កំពុង​ធ្វើ​ការសិក្សា​តាមដាន​បន្ត​។​

​មេរោគ Hantavirus ជាធម្មតា​ត្រូវបាន​រកឃើញ​នៅក្នុង​ពពួកសត្វ​ក​កេរ ហើយ​ឆ្លង​រាលដាល​ដល់​មនុស្ស​តាមរយៈ​ការប៉ះពាល់​ជាមួយ​សត្វ​ដែល​មាន​មេរោគ ខណៈ​ជំងឺ ដែល​បង្ក​ដោយ​មេរោគ​នេះ អាច​បណ្តាលឱ្យ​ស្លាប់​រហូត​ដល់​មួយ​ភាគបី​នៃ​អ្នក​ដែល​បាន​ឆ្លង​វា​។​

​ក្រុម​មេរោគ​នេះ​អាច​បង្ក​ជា​រោគសញ្ញា​នៃ​ជំងឺ​ផ្តាសាយ​ស្រាល ប៉ុន្តែ​ក៏​មាន​ការ​ហូរឈាម​ច្រើន​ហួសប្រមាណ​និង​ខ្សោយក្រលៀន​ផងដែរ​។​

​រឿង​នេះ​កើតឡើង​បន្ទាប់ពី​សមាជិក​សភា​អង់គ្លេស​បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា កន្លែង​ព្យាបាល​ជំងឺ​សត្វ​ដ៏​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស​ដែល​ទទួលខុសត្រូវ​ក្នុង​ការត្រួតពិនិត្យ​ការឆ្លង​ជំងឺ​ពី​សត្វ ត្រូវបាន​ទុកចោល​គ្មាន​អ្នក​ថែទាំ​។​

​ដោយ​លម្អិត​អំពី​មេរោគ​ថ្មី​នេះ​នៅក្នុង​ទិនានុប្បវត្តិ Viruses ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត សា​ព្រី​ណា វី​ស (Sabrina Weiss) ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​នៅ​មជ្ឈមណ្ឌល​ការពារ​សុខភាព​អន្តរជាតិ​នៅ​ទីក្រុង​បែរ​ឡាំង បាន​កត់សម្គាល់​ថា ប្រចៀវ​គ្មាន​កន្ទុយ​គឺ​គ្របដណ្តប់​លើ “​តំបន់​ដ៏​ធំ​” នៃ​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​។​

​ពួកគេ​បាន​ព្រមាន​ថា ប្រភេទ​សត្វ​ប្រចៀវ​នេះ​ត្រូវ​គេ​ស្គាល់​ថា​អាច​ទុំ​នៅ​ខាងក្នុង​និង​ជុំវិញ​លំនៅឋាន​របស់​មនុស្ស ដូច្នេះ​ត្រូវ​តែពិចារណា​អំពី “​លទ្ធភាព​សាយភាយ​នៃ​មេរោគ Kiwira ចំពោះ​មនុស្ស​”​។​

​ការស្រាវជ្រាវ​នឹង​ត្រូវ​ធ្វើឡើង​ក្នុងចំណោម​សត្វ​ប្រចៀវ​នេះ​នៅក្នុង​តំបន់ ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​អំពី​សមាសភាព​របស់​វា និង​ថា​តើ​វា​អាចទៅរួច​ទេ​សម្រាប់​មេរោគ​ឆ្លង​ដល់​មនុស្ស​៕

​ប្រចៀវ​គ្មាន​កន្ទុយ​គឺ​គ្របដណ្តប់​លើ “​តំបន់​ដ៏​ធំ​” នៃ​អនុ​តំបន់​សាហា​រ៉ា​អាហ្វ្រិក​