ដោយៈ គង់ហេង / កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា និងសហការី បាននាំយកស្បៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋ ប្រភេទក្រ១ ក្រ២ ចំនួន ជិត ១.០០០ គ្រួសារមកពីស្រុកកំពង់សៀម និងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី ២៤ វិច្ឆិកានេះ។

ពិធីចែកស្បៀងខាងលើ ដល់ប្រជាពលរដ្ឋក្រ១ ក្រ២ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ និងអតិផរណា ធ្វើឡើងនៅបរិវេណវត្តនគរបាជ័យក្រៅ ឃុំអម្ពិល ស្រុកកំពង់សៀម ដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម បានថ្លែងទៅកាន់គ្រួសារប្រជាពលរដ្ឋ មកទទួលស្បៀង ថាៈ រយៈពេលពីរ ឆ្នាំ នៃជំងឺកូវីដ ១៩ យើងបានជួបការលំបាក ខ្លាំងណាស់ហើយ ក្នុងការចូលរួមទប់ស្កាត់ ជំងឺមួយនេះ រីករាលដាលឆ្លង ចូលក្នុងសហគមន៍។ ប៉ុន្តែជាអកុសល ក្រោយពីជំងឺដ៏កាចសាហាវនេះ បានធូរស្រាល បែរជាលេចចេញគ្រោះធម្មជាតិ ទឹកជំនន់ទន្លេមេគង្គ និងទឹកជំនន់ទឹកភ្លៀង បន្ថែមទៀត។

លោកអភិបាលខេត្តកំពង់ចាម បានបន្ថែមថាៈ ដូច្នេះរាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ ឧបត្ថម្ភ ក្នុងកម្មវិធីគាំពារសង្គម ចំនួន ពីរ បន្ថែមទៀត គឺដោះស្រាយជូនប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ និងដោះស្រាយជូន ប្រជាពលរដ្ឋទទួលរងនូវអតិផរណា ឥទ្ធិពលសង្រ្កាម ក្រៅប្រទេស រុស្សី និង អ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចពិភពលោក ជាក់ស្តែងដូច បងប្អូនប្រជាពលរដ្ឋ នាពេលនេះ។

សូមបញ្ជាក់ថា អំណោយជាស្បៀងរបស់សម្តេចតេជោ ហ៊ុន សែន ដែលរដ្ឋបាល ខេត្តកំពង់ចាម នាំមកចែកជូនប្រជាពលរដ្ឋ ប្រមាណ ៨០០ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០ គីឡូក្រាម មីមួយកេស ទឹកត្រីមួយយូរ ទឹកស៊ីអ៊ីវមួយយូរ និងត្រីខ កំប៉ុងមួយយូរ៕/V