ដោយ: ពៅនិមល / ភ្នំពេញ៖ តាមការគ្រោងទុក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នឹងប្រកាសចូល ជាធរមាន បន្ទាប់ពីទទួលបានការឯកភាព ពីប្រមុខដឹកនាំ និងមន្រ្តីជំនាញ របស់ប្រទេសទាំងពីរ បានសហការ និងសិក្សារួមគ្នា លើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងនេះ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ សម្រាប់ការនាំចេញ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ បានរម្លឹកថាៈ ការចរចាកិច្ចព្រមព្រៀង CKFTA ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែល ពិភពលោកទាំងមូល ក៏ដូចជា ប្រទេសទាំងពីរ កំពុងទទួលរងនូវ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយ ការរីករាលដាល នៃជំងឺកូវីដ-១៩។

លោកបានបន្តថាៈ ទោះបីជាយ៉ាងនេះក្តី ក្រុមការងារចរចា នៃប្រទេសទាំងពីរ បានពុះពារ ដោយមិនខ្លាចនឿយហត់ និងបានបន្តចរចា តាមរយៈប្រព័ន្ធវីដេអូ សរុបចំនួន ១២ កិច្ចប្រជុំ មុននឹងឈានដល់ការប្រកាសបញ្ចប់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ និងការចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយលោក Yeo Han-koo រដ្ឋមន្រ្តីពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ និងខ្លួនលោកផ្ទាល់ តាមរយៈប្រព័ន្ធវីដេអូ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួច ដំបូងគេបង្អស់ ដែលធ្វើការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគីជាមួយ ប្រទេសអភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ចជឿនលឿន និងការអភិវឌ្ឍខ្លាំង ដូចជាសាធារណរដ្ឋកូរ៉េ។

លោករដ្ឋមន្រ្តី បានលើកឡើងទៀតថាៈ កិច្ចព្រមព្រៀង CKFTA នេះ នឹងបំពេញបន្ថែម ទៅលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីផ្សេងទៀត ដែលមានស្រាប់។ នៅក្រោមកិច្ចព្រមព្រៀង CKFTA កម្ពុជា បានបើកទីផ្សារ ចំនួន ៨៩,០៩% នៃបន្ទាត់ពន្ធគយសរុប ខណៈដែលភាគី កូរ៉េ បានបើកទីផ្សារ ចំនួន ៩៥,០៣% នៃបន្ទាត់ពន្ធគយសរុប ដែលក្នុងនោះ កម្ពុជា នឹងអាចនាំចេញទំនិញ ក្នុងអត្រាពន្ធគយសូន្យ ភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀង ចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ចំនួន ៩២,៣៧% នៃបន្ទាត់ពន្ធគយសរុប។ លោកមានសុទិដ្ឋិនិយមថាៈ កិច្ចព្រមព្រៀងនេះ នឹងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បង្កើតកាលានុវត្តភាព ក្នុងវិស័យអេឡិចត្រូនិក និងយានយន្ត ដែលវិនិយោគិនកូរ៉េ អាចពិចារណាប្រើប្រាស់ ទម្រង់កម្ពុជាបូក១ ដោយវិនិយោគិនកូរ៉េ អាចពិនិត្យលទ្ធភាព ក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ពីប្រទេសជិតខាង មកវិនិយោគនៅកម្ពុជា ដែលនឹងជួយឱ្យកម្ពុជា អាចនឹងក្លាយជាជម្រើស ក្នុងការផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក និងយានយន្ត ដើម្បីបំពេញបន្ថែម ទៅប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម ដែលមានភាពរីកចម្រើន លើវិស័យទាំងពីរនេះ។ ក្រៅពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយគាំទ្រ និងពង្រឹងវិស័យផ្សេងទៀត ផងដែរ ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ជាដើម។

បន្ថែមលើនេះ កិច្ចព្រមព្រៀង CKFTA នឹងពង្រឹងបន្ថែមលើការធ្វើសមាហរណកម្ម ក្នុងតំបន់ លើខ្សែច្រវាក់ផ្គត់ផ្គង់ របស់ប្រទេសទាំងពីរ លើវិស័យផ្សេងៗគ្នា ដែលនឹងផ្តល់អត្ថប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ធ្វើឱ្យប្រសើរឡើង ជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជានឹងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បានឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩។

លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានឲ្យដឹងថាៈ នេះគឺជាកិច្ចព្រមព្រៀងមួយល្អ សម្រាប់វិស័យឯកជន ពាក់ព័ន្ធនឹងវិស័យនាំចេញ ទៅកាន់ ទីផ្សារកូរ៉េ ដោយរួចពន្ធ។ លើសពីនេះទៀត ក៏នឹងក្លាយជាកាលានុវត្តភាពមួយ ដែលអាចទាក់ ទាញវិនិយោគិន ដែលគាត់មានបំណង ចង់នាំចេញសម្ភារៈមួយចំនួនទៅកូរ៉េ ដោយគាត់អាច វិនិយោគ នៅកម្ពុជា ហើយធ្វើការនាំចេញ ដោយរួចពន្ធ និងប្រយោជន៍ ផ្សេងៗជាច្រើនទៀត។

តាមលោក Lee Hyuk-Sang លេខាទី១ តំណាងឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូត នៃសាធារណកូរ៉េ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថាៈ កម្ពុជា-កូរ៉េ នឹងអាចទទួលបានផលប្រយោជន៍ ពីគ្នាទៅវិញទៅមក លើវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជារួម កិច្ចព្រមព្រៀងនេះ នឹងក្លាយជាកាតាលីករ ក្នុងការជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោ បាយ បន្ថែមទៀត ព្រមទាំងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេស និងវិស័យដទៃទៀត រវាងប្រទេសទាំងពីរ៕/V