ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ថ្ងៃនេះ នៅខណ្ឌដូនពេញ ជាខណ្ឌទី១១ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលត្រូវធ្វើរយៈពេល ១ឆ្នាំម្តង ដើម្បីប្រាប់ឲ្យប្រជាពលរដ្ឋ បានដឹង ពីសមិទ្ធផលដែលសម្រេចបាន និងបញ្ហាប្រឈម ក៏ដូចជាប្រាប់ពីស្ថានភាពហិរញ្ញវត្ថុ របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនឹងការពិគ្រោះយោបល់ និងដោះស្រាយ ជូនប្រជាពលរដ្ឋ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលបានធ្វើឡើង នៅខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៤ វិច្ឆិកា លោក ម៉ប់ សារិន ប្រធានក្រុម ប្រឹក្សា រាជធានីភ្នំពេញ បានថ្លែងថាៈ ក្រៅពីការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋ ពីលទ្ធផល ដែលយើងសម្រេចបាន ក៏ដូចជា ការប្រើប្រាស់ថវិកាដែរនោះ វេទិកានេះ ក៏បានផ្តល់ឱកាស ជូនប្រជាពលរដ្ឋ លើកឡើងពីសំណើ និងសំណូមពរ ក៏ដូចជាក្តីកង្វល់ផ្សេងៗ របស់បងប្អូន ដែលស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយជូន តាមចំណុចអាទិភាពជាក់ស្តែង ក្នុងមូលដ្ឋាន របស់បងប្អូន តាមរយះការប្រាប់ដំណឹងឲ្យអាជ្ញាធរបានដឹង។

លោក សុខ ពេញវុធ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបកស្រាយរាល់ចំងល់ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពីប្រជាពលរដ្ឋចំនួន ៤ នាក់ ដែលជាបញ្ហាអាចដោះស្រាយ ជូនភ្លាមៗ តាមរយៈអាជ្ញាធរខណ្ឌ សង្កាត់ និងជំនាញ ចុះទៅពិនិត្យមើលជាក់ស្តែង។ ការសុំធ្វើប្លង់កម្មសិទ្ធិ, ការសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបញ្ហានេះ វាមានការពាក់ព័ន្ធទៅនឹងបញ្ហាផ្លូវច្បាប់ ដែលយើងត្រូវធ្វើឲ្យបានស្របច្បាប់ និងច្បាស់លាស់ ជាមុនសិន ជាមួយគ្នានេះ ក៏មានសំណួរ និងសំណើ ជាលិខិតដាក់ចូល ក្នុងប្រអប់សំបុត្រ ចំនួន ៣០ សំបុត្រផងដែរ។

លោកអភិបាលរង បានបន្តថាៈ ការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងវេទិកានេះ គឺបានឆ្លុះ បញ្ចាំង ពីតំរូវការ ជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងរកវិធីដោះស្រាយ រាល់ផលប៉ះពាល់ ជូនបងប្អូនពិតប្រាកដ៕ V / N