​ប្រែ​សម្រួលៈ​បំណង​(​ស្ពុ​ត​និច​)៖ អង្គការ​ណា​តូ​ត្រូវតែ​បន្ត​ស្ថិត​នៅក្នុង​រង្វង់​ព្រំដែន​ភូមិសាស្ត្រ​របស់​ខ្លួន និង​កុំ​ធ្វើ​ហួស​ពី​សិទ្ធិ​អំណាច​របស់​សម្ពន្ធ​ភាព​នេះ ដោយ​ដាក់​ក្បួនច្បាប់​របស់​ខ្លួន​លើ​បណ្តា​រដ្ឋ​ដទៃ​​ដូច​ដែល​ខ្លួន​បាននិងកំពុង​ព្យាយាម​ធ្វើ​ចាប់តាំងពី​ពេល​បញ្ចប់​សង្គ្រាមត្រជាក់ នេះ​បើ​តាម​សម្តី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន​(Zhao Lijian)​កាលពី​ថ្ងៃ​ពុធ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក ចា​វ លី​ជៀន

​ប្រតិកម្ម​នេះ​កើតឡើង​ក្រោយ​ពី​កាលពី​ថ្ងៃ​ចន្ទ អគ្គលេខា​ង​អង្គការ​ណា​តូ​លោក ជេ​នស៍ ស្តូល​ថិ​ន​ប៊ឺក​(Jens Stoltenberg)​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ស្វះស្វែង​ពង្រឹង​ការគ្រប់គ្រង​​របស់​ខ្លួន​លើ​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ ខ្សែសង្វាក់​ផ្គត់ផ្គង់​និង​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ​របស់​បណ្តា​ប្រទេស​លោកខាងលិច​។​លោក ស្តូល​ថិ​ន​ប៊ឺក បាន​បន្ថែមថា ត្រូវតែ​រារាំង​បណ្តា​រដ្ឋ​ផ្តាច់​កុំអោយ​ប្រើ​ប្រាស់​កំសោយ​របស់​លោក​ខាងលិច​ដើម្បី​អនុវត្ត​សកម្មភាព​វិទ្ធង្សនា​។​

​តែ​អ្នកការទូត​ចិន​រូបនេះ​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​ណា​តូ​បាន​ពង្រីក​វគ្គច្បាប់យោធា​រួម​របស់​ខ្លួន​ទៅ​កាន់​វិស័យ​សង្គ្រាម​អវកាស ដែលវា​សមតែ​ត្រូវបាន​ដោះស្រាយ​ដោយ​អង្គការសហប្រជាជាតិ និង​​បណ្តា​ស្ថាប័ន​ឯកទេស​អន្តរជាតិ​នានា​។​អង្គការ​នេះ​ក៏​ពង្រីក​ការជ្រៀតជ្រែក​នៅ​ទូទាំង​បញ្ហា​ស៊ីវិល​រួមមាន ការប្រែប្រួល​អាកាសធាតុ ហេដ្ឋារចនាសម្ពន្ធ នវានុវត្តន៍​បច្ចេកវិទ្យា ខ្សែសង្វាក់​ផ្គត់ផ្គង់ សុខភា​​ព​និង​ថាមពល​។​ក្នុងនាម​ជា​អង្គការ​តំបន់​មួយ ណា​តូ​ចាំបាច់​ត្រូវ​ស្ថិត​នៅក្នុង​រង្វង់​ព្រំដែន​ភូមិសាស្ត្រ​របស់​ខ្លួន និង​កុំ​ព្យាយាម​អនុវត្ត​ក្បួនច្បាប់​របស់​ខ្លួន​អោយ​ហួស​ព្រំដែន​នេះ​»​។​

​លោក​ក៏​បាន​ទាត់​ចោល​ការចោទប្រកាន់​របស់​ស្តូល​ថិ​ន​ប៊ឺក​ដោយ​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​បង្កើត​កិច្ចសហប្រតិបត្តិកា​រវិជ្ជ​មាននិង​ស្មើភាព​ជាមួយ​បណ្តា​ប្រទេស​និង​​សហគ្រាស​នៅ​តំបន់​ផ្សេងៗ រួម​បណ្តា​រដ្ឋ​ជា​សមាជិក​អង្គការ​ណា​តូ​។

បើ​តាម​លោក​ចា​វ ទំនាក់ទំនង​ដូច្នេះ​បាន​ផ្តល់​ផលប្រយោជន៍​គ្រប់ភាគី ខណៈ​ដែល​ការបង្កបង្កើត​ការខ្វែងគំនិត​គ្នា​ខាង​មនោគមវិជ្ជា​​និង​ប្រព័ន្ធ​តំលៃ ហើយ​គូសបន្ទាត់​បែងចែក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នឹង​មិន​ត្រឹមតែ​ប៉ះពាល់​ផលប្រយោជន៍​របស់​សហ​គម​ន៍​អន្តរជាតិ តែ​ក៏​នឹង​បង្ក​ផល​អាក្រក់​៕