ដោយៈ សុផល / ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាត លើកទី៤៣ នៃអន្តរសភាអាស៊ាន នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតី ប្រកាសបិទមហាសន្និបាត អាយប៉ាលើកទី ៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកាមក ខណៈដែលសន្និបាតលើកទី៤៤ នឹងធ្វើនៅប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ២០២៣។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ បានថ្លែងអំណរគុណចំពោះគណៈ​ប្រតិភូទាំងអស់ ដែលបានផ្ដល់នូវ កិច្ចសហការយ៉ាងល្អ មានការយោគយល់គ្នា និងបានរួមវិភាគទានដ៏មានតម្លៃ រួមចំណែក ដល់ភាពជោគជ័យ នៃមហាសន្និបាតលើកទី៤៣។

សម្តេចបានបញ្ជាក់ថាៈ « ក្នុងរយៈពេល ៥ ថ្ងៃនេះ យើងទាំងអស់គ្នា បានប្រឹងប្រែងធ្វើការ យ៉ាងសកម្ម ហើយបានធ្វើឱ្យកិច្ចប្រជុំរបស់យើង ប្រព្រឹត្តទៅប្រកបដោយអត្ថន័យ និងទទួលបាន លទ្ធផលល្អ ជាទីគាប់ចិត្ត»។

សម្តេចចក្រី បានបន្តថាៈ កិច្ចប្រជុំនេះ សម្រេចបាននូវលទ្ធផល គួរជាទីមោទនៈ ដែលក្នុងនោះ យើងទទួលបាននូវកិច្ចពិភាក្សា ប្រកបដោយគុណភាព បានអនុម័តនូវសេចក្តីសម្រេច​យ៉ាងច្រើន និងបានបង្កើន នូវចំណងមិត្តភាពជាមួយគ្នា យ៉ាងជិតស្និទ្ធ។ សមិទ្ធផលទាំងនេះ ពិតជាមិនអាចសម្រេច ទៅបានទេ ប្រសិនបើគ្មានការចូលរួម យ៉ាងសកម្ម និងការរួមវិភាគទាន ដ៏មានតម្លៃពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភាគីពាក់ព័ន្ធទាំងអស់។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញនូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលមហាសន្និបាត លើកទី៤៣ សម្រេចបាន៖
ទីមួយ៖ អាយប៉ា នៅតែមានសារៈសំខាន់ និងសមស្របក្នុងការកសាងភាពជាដៃគូជាមួយ ភាគីខាងក្រៅ ដើម្បីទទួលបាននូវកម្លាំងចលករថ្មីបន្ថែមទៀត។ ពេលនេះគឺជាព្រឹត្តិការណ៍ ដ៏សំខាន់ថ្មីមួយក្នុងប្រវត្តិសាស្ត្ររបស់អាយប៉ា ដែលយើងបានទទួលសមាជិកសភា សង្កេតការណ៍ ថ្មីបន្ថែមទៀត។ ក្នុងន័យនេះ ខ្ញុំសូមអបអរសាទរ ដល់សភានេប៉ាល់ សភា អាស៊ែបៃហ្សង់ និងសភាសហរដ្ឋអាម៉េរិក ដែលត្រូវបានទទួលស្គាល់ និងអនុម័ត ឱ្យចូលជា សភាសង្កេតការណ៍ពេញសិទ្ធិ របស់អាយប៉ា ហើយយើងមានជំនឿ យ៉ាងមុតមាំថា សភា សង្កេតការណ៍ និងស្ថាប័នដៃគូពាក់ព័ន្ធ របស់អាយប៉ា នឹងបន្តរួមចំណែកដ៏សំខាន់ ក្នុង ការបន្តលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការ ជាមួយអាយប៉ា ឱ្យបានខ្លាំងក្លា និង ជិតស្និទ្ធបន្ថែមទៀត។

ទីពីរ៖ ការជឿជាក់ និងការយោគយល់គ្នា ទៅវិញទៅមក ទាំងក្នុង និងរវាងគ្រួសារអោយប៉ ព្រមទាំងជាមួយសភាសង្កេតការណ៍ ត្រូវបានពង្រឹងគួរជាទីកត់សម្គាល់។ យើងសម្រេចបាន នូវកិច្ចសន្ទនាជាមួយដៃគូសន្ទនា ចំនួន១៦ប្រទេស មកពីតំបន់ផ្សេងៗគ្នានៃពិភពលោក។ កិច្ចសន្ទនានេះ ឆ្លុះបញ្ចាំងពីផលប្រយោជន៍រួម គោលបំណងរួម និងកិច្ចខិតខំប្រឹងប្រែង​រួមគ្នា ដើម្បីដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា។ មានតែការធ្វើការរួមគ្នាប៉ុណ្ណោះទេ ទើបយើងអាចរួមគ្នា ដោះស្រាយបាននូវបញ្ហា និងការប្រឈមសកល ដែលកាន់តែមាន លក្ខណៈ សាំញ៉ាំ និងប្រែប្រួល យ៉ាងឆាប់រហ័យបំផុត។

ទី៣៖ យើងបានអនុម័ត នូវសេចក្តីសម្រេច សំខាន់ៗជាច្រើនក្នុងក្របខណ្ឌវ៉ាយប៉ា វាយ-ភី-អ កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។ សភាកម្ពុជា បានផ្តួចផ្តើមនូវ គំនិតថ្មីសំខាន់ចំនួនពីរ កិច្ចប្រជុំផ្លូវការដំបូង របស់សមាជិកសភាវ័យក្មេង និងការបង្កើត បណ្ណាល័យឌីជីថលច្បាប់។ បណ្ណាល័យនេះ នឹងដើរតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ សុខដុមនីយកម្មនៃច្បាប់ និងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងជាដើម។

ទី៤៖ យើងទាំងអស់គ្នា បានបង្ហាញច្បាស់ ពីស្មារតីនៃសាមគ្គីភាព និងឯកភាព។ ការឯកភាព និងមជ្ឈភាពអាស៊ាន ត្រូវបានពង្រឹងជាលំដាប់។ យើងទាំងអស់គ្នា បានរួមគ្នាចែក​រំលែកនូវទស្សនៈ បានដាក់ចេញនូវដំណោះស្រាយ និងសំណើគោលនយោបាយ ព្រមទាំងសម្ដែង សំដៅកសាងសហគមន៍អាស៊ានរបស់យើង ឱ្យកាន់តែមានភាពធន់ នូវឆន្ទៈ​នយោបាយរួមជាងមុន ប្រកបដោយបរិយាបន្ន និងចីរភាព។

ទី៥៖ យើងបានបង្ហាញច្បាស់ថា គោលការណ៍ នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តី សម្រេចចិត្ត ដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។ យើងសូមបញ្ជាក់ថា គោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា ទៅវិញទៅមក ការជឿជាក់លើគ្នា ទៅវិញទៅមក និងការផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាព គឺពិតជាមានសារៈសំខាន់ខ្លាំង ដល់ការកសាងសហគមន៍ និងសមាហរណកម្មរបស់យើង។

ទី៦៖ អាយប៉ា ជាស្ថាប័ននីតិប្បញ្ញត្តិ តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ តំណាងឱ្យឆន្ទៈ និងផលប្រយោជន៍ នៃប្រជាពលរដ្ឋជាង ៦៥០ លាននាក់ ក្នុងតំបន់អាស៊ីអាគ្នេយ៍​បានដើរតួនាទី ដ៏សំខាន់ ក្នុងការសម្រេចបាននូវ សហគមន៍អាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាគោល។ អាយប៉ា អាចជួយកសាង សហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍ នូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដាន ត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ ទៅនឹងគោលនយោបាយ ជាតិ និងផែនការសកម្មភាពប្រទេសរបស់ខ្លួន។

ទី៧៖ សម្តេចមានជំនឿ យ៉ាងមុតមាំថា លទ្ធផលដែលមហាសន្និបាតអាយប៉ា លើកទី៤៣ សម្រេចបាន នឹងត្រូវបានយកទៅអនុវត្ត ចេញជាសកម្មភាព​ជាក់ស្តែង ហើយសង្ឃឹមថា យើងទាំងអស់គ្នា នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ របស់យើង។

ទី៨៖ដំណើរឆ្ពោះទៅមុខរបស់អាយប៉ា នឹងមិនអាចធ្វើបានដោយរលូន និងជោគជ័យបានឡើយ ប្រសិនបើគ្មានការតាំងចិត្ត និងការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំ និងយើងគ្រប់ៗគ្នា។ ក្នុងន័យនេះ ខ្ញុំមានកិត្តិយស សូមប្រកាស និងអបអរសាទរ ដល់ឥស្សរជនឆ្នើមចំនួន ៣ រូប ដែលទទួលបានពានកិត្តិយសអាយប៉ា សម្រាប់ស្នាដៃឆ្នើម ក្នុងការបម្រើការងារ​អាយ​ប៉ា នាពេលកន្លងមក ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការងារអាយប៉ា បាននាំមកនូវកិត្តិយស និងផ្ដល់នូវស្នាដៃគំរូ ក្នុងការលើកកម្ពស់គោលដៅ និងគោលបំណង​របស់អាយប៉ា។ ក្នុងនោះ បុគ្គល ឆ្នើម រួមមាន៖ – លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានកិច្ចប្រជុំ វ៉ាយប៉ា លោកជំទាវ រ៉ូស ម៉ារៀ អតីតអនុប្រធានសភា ហ្វីលីពីន និងលោក ប៉េហ៊ីន ដាតុ អាប់ឌុលរ៉ាម៉ានតាអ៊ីប ប្រធានសភាព្រុយណេ។

សម្តេចប្រធានសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារលេខាធិការដ្ឋាន ជាតិអាយប៉ា លេខាធិការដ្ឋានអាយប៉ា ក្រុមទីប្រឹក្សាពិគ្រោះយោបល់ បុគ្គលិកជំនួយការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្របសម្រួល ធ្វើទំនាក់ទំនង និងព្រាងនូវរបាយការណ៍ សេចក្តីសម្រេច និងឯកសារលទ្ធផលនៃកិច្ច​ប្រជុំជាដើម។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណ ដល់មន្រ្តីពិធីការ មន្រ្តីទំនាក់ទំនង កងកម្លាំងសន្តិសុខ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានរួមសហការគ្នាយ៉ាងល្អ ធានាបាននូវភាពងាយស្រួល និងផាសុកភាពដល់យើងទាំងអស់គ្នា។

សម្តេចពញាចក្រីហេង សំរិន បានបញ្ជាក់ថាៈ យើងនឹងជួបគ្នាជាថ្មីម្តងទៀត នៅមហាសន្និបាត លើកទី៤៤ នៅប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ២០២៣ ខាងមុខ៕ V / N