ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំជាន់ទី៣ អគាររដ្ឋបាលសាលាខេត្តព្រះវិហារ មានរៀបចំពិធីប្រកាសទទួលស្គាល់ និងបំពេញបន្ថែម សមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។

លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកានៃសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភវិឌ្ឍន៍ខេត្ត ជាច្រើនរូប ក៏បានអញ្ជើញចូលរួមក្នុងពិធី នេះដែរ។

បន្ទាប់ពីអានសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែម គណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងពិធីប្រគល់សេចក្តីសម្រេចរួចមក លោកស្រី សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ដែលទើបទទួលបានការ តែងតាំងថ្មី និងតំណាងឲ្យគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានមតិប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំអនុវត្តការងារស្របតាមលក្ខន្តិកៈ និងបេសកកម្ម របស់សមាគម, ខិតខំសិក្សា ស្វែងយល់នូវលិខិតបទដ្ឋានគតិយុត្តិ គោលការណ៍ណែនាំពាក់ ព័ន្ធនានា ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម សំដៅធានាឲ្យការដឹកនាំ និងការប្រតិបត្តិតួនាទីភារ កិច្ចសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផល។

មានប្រសាសន៍ នាឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារី ដើម្បីកម្ពុជា និងអភិវឌ្ឍន៍ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកា ទាំងអស់ ដែលបានចូលរួម ក្នុងកម្មវិធីថ្ងៃនេះ ។

លោកស្រី កិត្តិសង្គហបណ្ឌិត បានថ្លែងនូវការកោតសរសើរដល់ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់កម្លាំងនូវ កាយចិត្ត ធនធានថវិកា សម្ភារៈ មធ្យោបាយ  និងស្មារតីទទួលខុសត្រូវ ដើម្បីចូលរួមធ្វើការងារ សង្គម នៅតាមមូលដ្ឋាន ដោយមិនខ្លាចនឿយហត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជា ពលរដ្ឋ ទាំងផ្នែកជីវភាព សុខភាព សតិអារម្មណ៍ និងធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានជំនឿ មកលើ រាជរដ្ឋាភិបាល ។

លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ត្រូវអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន តាមលក្ខន្តិកៈ ដែលបានកំណត់ អនុវត្ត ឱ្យបានជោគជ័យ នូវផែនការសកម្មភាព សម្រាប់រយៈពេល ៤ ឆ្នាំ(២០២០-២០២៣) របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិស ទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោត ២០២២-២០២៣។ ត្រូវបន្តផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារី ពង្រីក សមាជិកថ្មី និងបង្កើតអនុសាខាសមាគមនារីស្រុក-ក្រុង និងបណ្តាញសមាគមនារីនៅតាម ស្ថាប័ន មន្ទីរអង្គភាព និងនៅមូលដ្ឋានឃុំ-សង្កាត់ ឱ្យសមស្របតាមបច្ចុប្បន្នភាពរបស់ខេត្ត ។

នៅក្នុងពិធីនោះផងដែរ លោកស្រី​កិត្តិសង្គហបណ្ឌិត ក៏បានជូនថវិកាចំនួន ១៣ លានរៀល និង ២.២០០ ដុល្លារអាម៉េរិក ទៅសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ សម្រាប់ត្រៀមទុកធ្វើសកម្មភាពមនុស្សធម៌ ៕ V / N