ដោយៈឫទ្ធិស័ក្តិ/ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្វែងកការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធករណីបុរី ហាយ ធិច ចំប៉ាក្បាលកោះ ដែលបានចាក់ដីលុបធ្វើឲ្យទឹកជន់លិចផ្ទះសម្បែង និងចំការរបស់ពួកគាត់។ទាក់ទងនឹងករណីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅមុននេះបន្តិចថា “ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីកំពុងដឹកនាំដោះស្រាយការងារនេះ”។

ប្រជាពលរដ្ឋបានឱ្យដឹងថា“ដំណាំនៅក្បាលដីនិមួយៗដែលយើងខ្ញុំបានកំពុងនឹងអាស្រ័យផលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃត្រូវបានទឹកជំនន់លិចលង់អស់ទៅហើយ។ក្រៅពីនេះផ្ទះយើងខ្ញុំមួយចំនួនក៏ត្រូវបានទឹកលិចដល់គ្រែដេកទៅហើយដែរ។ នេះមិនមែនជាជំនន់ទតឹកភ្លៀងតាមធម្មជាតិនោះទេ តែជាជំននើទឹកដែលបង្កឡើងដោយសកម្មភាពមនុស្ស និងបង្កឡើងដោយសារសកម្មភាពចាក់លុបដីរបស់ម្ចាស់បុរីហាយធិចចំប៉ាក្បាលកោះដោយពុំបានទឹកផ្លូវទឹកសម្រាប់បង្ហូរ ទឹកចេញ”។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា “តើឱ្យយើងខ្ញុំរស់នៅយ៉ាងដូចម្តេចទៅ បើផ្ទះក៏លិច ដំណាំក៏រលួយអស់បែបនេះ ? យើងខ្ញុំទាំងអស់គ្នាស្នើសុំដោយទទូចសូមលោកមេភូមិជ្រោយអំពិល លោកចៅសង្កាត់ក្បាលកោះ មេត្តាធ្វើអន្តរាគមន៍ទីម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាទឹកលិច និងការខូចខាតផលដំណាំរបស់យើងខ្ញុំ ដែលបង្កឡើងដោយសារម្ចាស់បុរី ខាងលើតាមការគួរ”។

ទាក់ទងករណីនេះ មេភូមិជ្រោយអំពិល និងចៅសង្កាត់ក្បាលកោះ មិនអាចសុំការអត្ថាធិប្បាយបានទេ។ ចំណែកភាគីបុរី ហាយ ធិច ចំប៉ាក្បាលកោះ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ។

សូមជម្រាបថា ការស្វែងរកអន្តរាគមន៍របស់ប្រជាពលរដ្ឋនេះ គឺមិនមែនជាលើកទី១ នោះទេ គឺបានកើតមានប៉ុន្មានដងរួចមកហើយ។ ជាក់ស្តែងកាលពីចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក៏បានធ្វើលិខិតសុំអន្តរាគមន៍ទៅប្រធានភូមិ និងចៅសង្កាត់ក្បាលកោះ ជួយអន្តរាគមន៍សកម្មភាពចាក់លុបដីរបស់ម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទឹកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ។ រហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារដោះស្រាយបញ្ហាវិវាទ រួមជាមួយការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌ ចុះទៅកាន់ទីតាំងការដ្ឋានសាងសង់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដើម្បីពិនិត្យមើលជាក់ស្តែង ដោយមានតំណាងក្រុមហុ៑នរួមនិងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចដីដំណាំ និងផ្ទះ បានអះអាងថា ទឹកជន់លិចនេះមិនមែនជាជំនន់ទឹកភ្លៀងតាមធម្មជាតិនោះទេ តែទឹកជំនន់ដែលបង្កឡើងដោយសារសកម្មភាពមនុស្ស ពោល គឺបង្កឡើងដោយសកម្មភាព ចាក់ដីរបស់ម្ចាស់បូរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទុកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ ។

ប្រជាពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខណ្ឌជួយដោះស្រាយជាមួយក្រុមហុ៑ន គឺស្នើសុំឱ្យក្រុមហុ៑នដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិស្របទៅតាមស្តង់ដារបច្ចេកទេសនៃសំណង់និងដាក់ម៉ាស៊ីនសម្រាប់បូមទឹកចេញនៅពេលណាដែលមានទឹកជន់លិច ។ លើសពីនេះទៀតស្នើសុំឱ្យក្រុមហ៊ុនចេញសំណងរាល់ការខូចផលដំណាំរបស់ពួកគាត់ផងដែរ។
ទាក់ទងនឹងករណីនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅមុននេះ(ល្ងាចថ្ងៃទី២៤ខែវិច្ឆិកា(បន្តិចថា “ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីកំពុងដឹកនាំដោះស្រាយការងារនេះ”៕សរន